កាំកុងត្រូល ប្រកាសពីម្សៅទឹកដោះគោរបស់បារាំង ដែលប៉ះពាល់ដល់សុខភាពកុមារ
- 2017-12-23 02:21:09
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កាំកុងត្រូល ប្រកាសពីម្សៅទឹកដោះគោរបស់បារាំង ដែលប៉ះពាល់ដល់សុខភាពកុមារ
ចន្លោះមិនឃើញ
អគ្គនាយកដ្ឋានកាំកុងត្រូលនៃក្រសួងពាណិជ្ជកម្ម បានឲ្យដឹងថា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបារាំង បានរកឃើញនូវការធ្វើឲ្យប៉ះពាល់ដល់សុខភាពកុមារតូចៗ និងទារក ដោយសារផលិតផលម្សៅទឹកដោះគោផ្សេងៗ ដែលផលិតដោយក្រុមហ៊ុន GROUPE LACTALIS ។
អគ្គនាយកដ្ឋានកាំកុងត្រូល ក៏បានអំពាវនាវដល់សាធារណជន កុំឲ្យទិញផលិតផលដែលមានអត្តសញ្ញាណដូចខាងលើ និងត្រូវរាយការណ៍ជូនមន្ត្រីមានសមត្ថកិច្ច ក្នុងករណីដែលជួបប្រទះផងដែរ។
ផលិតផលចិញ្ចឹមទារក និងកុមារតូចៗ ខាងលើ បានបង្កការប៉ះពាល់ទៅលើសុខភាពទារក និងកុមារតូចចំនួន ២៦នាក់ នៅប្រទេសបារាំង ដោយសារបាក់តេរី Salmonella Agona ដែលមានក្នុងផលិតផលនោះ។ ក្រុមហ៊ុន បានប្រកាសប្រមូលត្រឡប់មកវិញ នូវផលិតផលដែលមានបញ្ហាពីទីផ្សារប្រទេសបារាំង និងបណ្ដាប្រទេសនានា ដែលខ្លួនបានចែកចាយផងដែរ។
ការចម្លងបាក់តេរី Salmonella Agona មានចំពោះតែលើផលិតផលដែលមានអត្តសញ្ញាណ មានដូចជា៖ ឈ្មោះផលិតផល ( Article designation ) លេខឡូតិ៍ ( Batch Number ) ថ្ងៃ ខែ ឆ្នាំប្រើប្រាស់ជាអប្បបរិមា ( DDM : Date of Minimal Durability ) ដែលស្ថិតក្នុងបញ្ជីឧបសម្ពន្ធនៃបទបញ្ជារបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុប្រទេស បារាំង ដែលជូនភ្ជាប់មកជាមួយប៉ុណ្ណោះ។ វត្តមានបាក់តេរី Salmonella ក្នុងផលិតផលខាងលើនឹងបង្កគ្រោះថ្នាក់ដល់សុខភាពទារក និងកុមារតូចៗ ដោយបង្កឲ្យមានជំងឺប្រព័ន្ធរំលាយអាហារ ឬ គ្រុនពោះវៀន ជាដើម៕