ក្លឹបដែលធ្លាប់ដឹកនាំដោយអតីតគ្រូជម្រើសជាតិកម្ពុជា មានកំណត់ត្រាល្អជាង Man City
- 2017-12-30 04:00:37
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្លឹបដែលធ្លាប់ដឹកនាំដោយអតីតគ្រូជម្រើសជាតិកម្ពុជា មានកំណត់ត្រាល្អជាង Man City
ចន្លោះមិនឃើញ
Manchester City បានបំបែកកំណត់ត្រាលីគកំពូលអង់គ្លេស ដោយឈ្នះជាប់ៗគ្នាចំនួន ១៨ប្រកួត នៅ EPL រដូវកាល២០១៧-១៨ ប៉ុន្តែកំណត់ត្រានេះមិនទាន់អាចតាមស្មើកំណត់ត្រាដ៏អស្ចារ្យរបស់ក្លឹបមកពីតំបន់អាស៊ានបានឡើយ គឺក្រុម Lanexang United អតីតក្លឹបបាល់ទាត់មួយនៅប្រទេសឡាវ។
Lanexang United ដែលធ្លាប់ត្រូវបានដឹកនាំដោយលោក Leonardo Vitorino អតីតគ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា បានឈ្នះចំនួន ១៩ប្រកួតជាប់ៗគ្នា គិតចាប់ពីខែឧសភា ដល់ខែតុលា ឆ្នាំ២០១៦។ ពេលនោះ លោក Leo បានចូលដឹកនាំក្រុមខ្លាំងរបស់ឡាវនេះ កាលពីខែឧសភា ឆ្នាំ២០១៦ ជំនួសលោក David Booth សញ្ជាតិអង់គ្លេស ក្រោយការចាប់ផ្ដើមលីគកំពូលឡាវ រដូវកាល ២០១៦ នាខែមីនា។
នៅក្នុងរដូវកាលដដែលនោះ ក្រុម Lanexang United ក៏បានក្លាយជាជើងឯកលីគកំពូលឡាវ ព្រមទាំងបានឡើងទៅលេងពានរង្វាន់ 2017 AFC Cup ផងដែរ។ ក្រុមដដែលបានបញ្ចប់រដូវកាល ២០១៦ ដោយមាន ៧៣ពិន្ទុ ពោលគឺចាញ់តែ១ប្រកួត និងស្មើ១ប្រកួតប៉ុណ្ណោះ ក្នុងចំណោមការប្រកួតទាំងអស់ពេញមួយរដូវកាល។ ជោគជ័យនេះ ធ្វើឲ្យ Lanexang ទទួលបានលិខិតកោតសរសើរដោយផ្ទាល់ពីប្រធាន FIFA លោក Gianni Infantino ផងដែរ។
ប៉ុន្តែក្រោយមក ក្លឹបដែលមានប្រភពនៅទីក្រុងវៀងចន្ទន៍ បានសម្រេចដកខ្លួនចេញពីការប្រកួតទាំងក្នុងស្រុក និងក្នុងតំបន់ បន្ទាប់ពីមានរឿងអាស្រូវរៀបចំលទ្ធផលទុកជាមុន ពាកព័ន្ធនឹងកីឡាករឡាវមួយចំនួន៕