មេដឹកនាំ ៥​ប្រទេស នឹង​មកដល់​កម្ពុជា នៅ​សប្តាហ៍​ក្រោយ

  • 2018-01-05 13:31:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


មេដឹកនាំ​ប្រទេស​ចំនួន ៥ រួមមាន៖ លោក លី ខឺឈាង (Li Keqiang) នាយក​រដ្ឋមន្រ្តី​ចិន លោក ថងលូន ស៊ីស៊ូលីត (Thongloun Sisoulith) នាយករដ្ឋមន្រ្តី​ឡាវ លោក មិន ស្វេ (Myint Swe) អនុ​ប្រធានាធិបតី​មីយ៉ាន់ម៉ា លោក ប្រាយុទ្ធ ចាន់អូចា (Prayut Chan-o-cha) នាយករដ្ឋមន្រ្តី​ថៃ និង លោក ង្វៀន សួនហ៊្វុក (Nguyen Xuan Phuc) នាយក​រដ្ឋមន្រ្តី​វៀតណាម នឹង​ដឹកនាំ​គណៈ​ប្រតិភូ​អញ្ជើញ​មក​ចូលរួម​កិច្ចប្រជុំ​កំពូល​កិច្ច​សហ​ប្រតិបត្តិការ​មេគង្គ-ឡានឆាង លើក​ទី២ នៅ​រាជធានី​ភ្នំពេញ ដែលនឹង​ប្រព្រឹត្ត​ទៅ​នៅថ្ងៃ​ទី ១០ ខែ​មករា ឆ្នាំ២០១៨។ ការ​អញ្ជើញ​មក​កម្ពុជា របស់​មេដឹកនាំ​ទាំង ៥​ប្រទេស គឺ​តប​តាម​ការ​អញ្ជើញ​របស់​សម្តេច​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន។

លោក ប្រាយុទ្ធ ចាន់អូចា ក្នុងអំឡុងទស្សនកិច្ចនៅកម្ពុជា កាលពីខែកញ្ញា ឆ្នាំ២០១៧
​សម្តេច ហ៊ុន សែន និងលោក លី ខឺឈាង នឹង​ធ្វើជា​សហ​ប្រធាន​កិច្ចប្រជុំ​ដ៏​សំខាន់​នេះ ដែលមាន​មូលបទ “ទន្លេ​របស់​យើង​ដើម្បី​សន្តិភាព និង​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព”​។ ថ្នាក់​ដឹកនាំ​ប្រទេស​ទាំង៦ នៃ​កិច្ច​សហ​ប្រតិបត្តិការ​មេគង្គ-ឡានឆាង នឹង​ធ្វើការ​ពិភាក្សា​លើ​បញ្ហា​សំខាន់ៗ​ដើម្បី​អភិវឌ្ឍ​អនុ​តំបន់​ទន្លេ​មេគង្គ ផ្តោត​ជា​សំខាន់​ទៅលើ​ការ​តាំងចិត្ត​ក្នុងការ​រក្សា​សន្តិភាព ស្ថិរភាព ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព និង​វិបុលភាព​នៃ​អនុ​តំបន់​ទន្លេ​មេគង្គ។
លោក លី ខឺឈាង ស្វាគមន៍ដំណើរទស្សនកិច្ចរបស់សម្តេច ហ៊ុន សែន នៅក្រុងប៉េកាំង កាលពី​ឆ្នាំ២០១៣

​កិច្ច​ប្រជុំ​កំពូល​នេះ ក៏​នឹង​ផ្តោត​សារៈសំខាន់​ដល់​កិច្ច​សហ​ប្រតិបត្តិការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច-សង្គម របស់​ប្រទេស​អនុ​តំបន់ ការ​ធ្វើឲ្យ​ប្រសើរ​ឡើង​សុខុមាល​ភាព​ប្រជាជន ការ​បំព្រួញ​គម្លាត​អភិវឌ្ឍន៍​នៅក្នុង​ចំណោម​ប្រទេស ក្នុងការ​គាំទ្រ​ដល់ការ​កសាង​សហគមន៍​អាស៊ាន និងការ​ជំរុញ​កិច្ច​សហ​ប្រតិបត្តិការ​ត្បូង-ត្បូង ដើម្បី​រួម​ចំណែក​បន្ថែម​ទៀត​ដល់​ការ​អនុវត្ត​របៀប​វារៈ​ឆ្នាំ​២០៣០ របស់​អង្គការ​សហ​ប្រជាជាតិ សម្រាប់​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព។

កិច្ចប្រជុំ​ត្រូវបាន​រំពឹង​ទុក​ថា​នឹង​អនុម័ត ឯកសារ​ចំនួន​៤ ដូច​ខាងក្រោម

​ ​១. ​សេចក្តី​ថ្លែងការណ៍​ទីក្រុង​ភ្នំពេញ​នៃ​កិច្ច​ប្រជុំ​កំពូល​កិច្ច​សហ​ប្រតិបត្តិការ​មេគង្គ-ឡានឆាង លើកទី២។

​២.​ ផែនការ​សកម្មភាព ៥ឆ្នាំ​នៃ​កិច្ច​សហ​ប្រតិបត្តិការ​មេគង្គ-ឡានឆាង​ ២០១៨-២០២២។

​៣. ​បញ្ជី​រួម​នៃ​គម្រោង​កិច្ច​សហប្រតិបត្តិការ​ដំណាក់កាល​ទី២។

​៤.​ របាយការណ៍​នៃ​ក្រុម​ការងារ​រួម​តាម​វិស័យ​អាទិភាព​ទាំង៦។

​នៅមុន​ពេល​បញ្ចប់​កិច្ចប្រជុំ​នេះ នឹងមាន​ពិធី​ផ្ទេរ​តួនាទី​ប្រធាន​ទៅ​ប្រទេស​ឡាវ ហើយ​នឹង​បន្ត​ដោយ​ការ​ធ្វើ​សន្និសីទ​សារព័ត៌មាន​រួមគ្នា​ដោយ​សហ​ប្រធាន​ផងដែរ៕

អត្ថបទ៖ សោភា

អត្ថបទថ្មី
;