កម្ពុជា ចាប់​​ផ្តើម​បើក​កិច្ច​ប្រជុំ​កំពូល មេគង្គ-ឡានឆាង នៅ​រសៀល​នេះ

  • 2018-01-10 01:53:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កម្ពុជា នឹង​ចាប់​ដំណើរការ​កិច្ច​ប្រជុំ​កំពូល​មេគង្គ-ឡានឆាង លើកទី​២ នា​រសៀល​ថ្ងៃទី​១០ ខែ​មករា ឆ្នាំ​២០១៨​នេះ នៅ​វិមាន​សន្តិភាព ក្នុងនាម​ជាម្ចាស់ផ្ទះ និង​ជា​សហប្រធាន។ កិច្ច​ប្រជុំ​នេះ​មានការ​ចូលរួម​ពី​បណ្តា​មេដឹកនាំ​នៃ​ប្រទេស​ទាំង៦ រួមមាន៖ កម្ពុជា ចិន ឡាវ វៀតណាម ថៃ និង​មីយ៉ាន់ម៉ា ដែលនឹង​ពិភាក្សា​រក​ដំណោះស្រាយ​ល្អៗ ក្នុង​ការ​ជំរុញ​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព មិត្តភាព និង​សន្តិភាព​រវាង​ប្រទេស​នៅ​តាម​ដង​ទន្លេ​មេគង្គ ភ្ជាប់​ទៅនឹង​ទន្លេ​ឡានឆាង ប្រទេស​ចិន។

កិច្ចប្រជុំកំពូលមេគង្គ-ឡានឆាង លើកទី១ ឆ្នាំ២០១៣ នៅប្រទេសចិន
បើតាម​ទំព័រ​ហ្វេសប៊ុក​របស់​សម្តេច ហ៊ុន សែន ឲ្យដឹង​ថា នៅក្នុង​កិច្ចប្រជុំ​នេះ ប្រមុខ​ដឹកនាំ​នៃ​ប្រទេស​ទាំង៦ នឹង​អញ្ជើញ​ទស្សនា​ការ​តាំង​ពិព័រណ៍​សមិទ្ធផល​នៃ​កិច្ច​សហប្រតិបត្តិការ មេគង្គ-ឡានឆាង នៅក្នុង​បរិវេណ​វិមាន​រដ្ឋាភិបាល​ផងដែរ។

បន្ទាប់ពី​កិច្ច​ប្រជុំ​កំពូល នៅម៉ោង ៦​ល្ងាច នឹងមាន​ពិធី​ផ្ទេរ​តំណែង​សហ​ប្រធាន​ជូន​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ។ ក្រោយមក​សហ​ប្រធាន​កិច្ចប្រជុំ គឺ​សម្តេច ហ៊ុន សែន និង​នាយក​រដ្ឋមន្ត្រី​ចិន លោក លី កឺឈាំង នឹង​ធ្វើ​សន្និសីទ​សារព័ត៌មាន​រួម ដោយមិន​មាន​សំណួរ និង​ចម្លើយ ជាមួយ​អ្នក​សារព័ត៌មាន​ទេ។

កិច្ចប្រជុំកំពូលមេគង្គ-ឡានឆាង លើកទី១ ឆ្នាំ២០១៣ នៅប្រទេសចិន

នៅ​ម៉ោង ៧ យប់ថ្ងៃ​ដដែល​នេះ ពិធី​ជប់លៀង​អាហារ​ពេល​ល្ងាច នឹង​ត្រូវ​រៀបចំ​ឡើង​ ក្រោមអធិបតីភាព សម្តេច ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ដោយមាន​ការ​សម្តែង​សិល្បៈ។ នៅព្រឹក​ថ្ងៃទី១១ ខែ​មករា ឆ្នាំ២០១៨ ប្រមុខ​រដ្ឋ និង​ប្រមុខ​រដ្ឋាភិបាល និង​ភរិយា នៃ​បណ្តា​ប្រទេស​មេគង្គ-ឡានឆាង នឹង​អញ្ជើញ​ត្រឡប់​ទៅវិញ។ ដោយឡែក នាយក​រដ្ឋមន្ត្រី​ចិន នឹង​បន្ត​ទស្សនកិច្ច​ផ្លូវការ នៅ​កម្ពុជា៕

អត្ថបទ៖ លីហៀង

អត្ថបទថ្មី
;