មេ Amazon វ៉ា​ដាច់ Bill Gates ក្លាយ​ជា​សេដ្ឋី​មាន​បំផុត​លើ​លោក

  • 2018-01-10 09:02:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ទ្រព្យ​សម្បត្តិ​លោក Jeff Bezos ស្ថាបនិក​របស់​ក្រុមហ៊ុន Amazon កើន​ឡើង​ដល់ ១០៥,១​ពាន់​លាន​ដុល្លារ​ហើយ គិត​ត្រឹម​ថ្ងៃ​ចន្ទ ទី​០៨ មករា ២០១៨។ នេះ​បើ​យោង​តាម​របាយការណ៍​ចេញ​ដោយ Bloomberg Billionaires Index កាល​ពី​ពេល​ថ្មីៗ។

លោក Jeff Bezos
ការ​កើន​ឡើង​នៃ​ទ្រព្យ​សម្បត្តិ​នេះ ដោយសារ​តែ​ការ​លក់​របស់ Amazon មាន​ការ​កើន​ឡើង​​ខ្លាំង​ដល់​ទៅ ៥៧% នៅ​ឆ្នាំ​២០១៧ និង ៦,៦% នៅ​ដើម​ឆ្នាំ​២០១៨ អំឡុង​បុណ្យ​ចូល​ឆ្នាំ​សកល។

ប្រាក់​របស់​លោក Jeff Bezos នៅ​ពេល​នេះ បាន​បំបែក​កំណត់ត្រា​ចាស់​របស់​លោក Bill Gates ស្ថាបនិក Microsoft ដែល​ធ្លាប់​មាន​ទ្រព្យ​សម្បត្តិ​ដល់ ១០០​ពាន់​លាន​ដុល្លារ កាល​ពី​ឆ្នាំ​១៩៩៩។ លោក Jeff មិន​មែន​ទើប​តែ​វ៉ា​ដាច់​លោក Bill Gates ក្លាយ​ជា​កំពូល​សេដ្ឋី​ពិភពលោក​ឡើយ។ ​ទ្រព្យ​សម្បត្តិ​របស់​លោក Jeff ​ឡើង​ដល់ ១០០​ពាន់​លាន​ដុល្លារ​តាំង​តែ​ពី​ខែ​តុលា ឆ្នាំ​២០១៧​មក​ម៉្លេះ ខណៈ​ដែល Bill Gates មាន​ជាង ៩០​ពាន់​លាន​ដុល្លារ​ប៉ុណ្ណោះ។

លោក Bill Gates

គួរ​បញ្ជាក់​ថា បើ​តាម​របាយការណ៍ លោក Bill Gates គួរ​តែ​មាន​ទ្រព្យ​សម្បត្តិ​ដល់ ១៥០​ពាន់​លាន​ដុល្លារ​ឯណោះ គិត​ត្រឹម​ពេល​បច្ចុប្បន្ន​នេះ ប្រសិន​បើ​ជា​លោក​មិន​បរិច្ចាគ​លុយ​ដល់​អង្គការ​សប្បុរសធម៌ Bill & Melinda Gates Foundation នោះ​ទេ។ ការ​បរិច្ចាគ​របស់​លោក Bill Gates ធ្វើ​ឡើង​ចាប់​តាំង​ពី​ឆ្នាំ​១៩៩៦ ដោយ​ក្នុង​នោះ​លោក​ធ្លាប់​បរិច្ចាគ​ហ៊ុន Microsoft ជិត ៧០០​លាន​ហ៊ុន និង​ថវិកា​ប្រមាណ ២,៩​ពាន់​លាន​ដុល្លារ ក៏​ដូច​ជា​របស់របរ​មាន​តម្លៃ​មួយ​ចំនួន​ធំ​ទៀត៕

ប្រភព៖ Time ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;