ក្រុមហ៊ុន​ចិន​ សម្រេច​ទិញ​អង្ករ​ពី​កម្ពុជា ៥​ម៉ឺន​តោន​ក្នុង​១ឆ្នាំ

  • 2018-01-12 09:44:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​យោង​​​​លើ​​​​ភាព​​​​ជា​​​​ដៃ​​​​គូ​ ​រវាង​​​រ​ដ្ឋាភិបាល​​​ចិន និង​​​កម្ពុជា​ ​ក្នុង​​​ការ​​​លើក​​​ទឹក​​​ចិត្ត​​​ឲ្យ​​មាន​​​​ការ​​​​ព​ង្រឹ​ង​​ និង​​​ព​ង្រី​ក​​​វិស័យ​​​ពាណិជ្ជ​​​កម្ម​ឲ្យ​​​​កាន់​​​តែ​​​ធំ​​​ថែម​​​ទៀត​​​នោះ​​ ​ក្រុមហ៊ុន​ Hubei Zhenghe Rice Industry Co.,Ltd ​របស់​​​ចិន​​ ​បាន​​​ចុះ​​​ហត្ថលេខា​​​លើ​​​​អនុស្សរណៈ​​​យោគ​យល់​​​ទិញ​​​ស្រូវ​ ​ពី​​​ក្រុមហ៊ុន​​​អង្គ​រ​​​កសិកម្ម​​​រុងរឿង​ ​របស់​​​កម្ពុជា​​​ចំនួន​​ ៥០.០០០​តោន​ ​ក្នុង​​ ១​ឆ្នាំ​ ​ទៅ​​​កាន់​​​ប្រទេស​​​ចិន​។​

តំណាង​ក្រុមហ៊ុន Hubei Zhenghe Rice Industry និង​ក្រុមហ៊ុន​អង្គរ​កសិកម្ម​រុងរឿង
​លោក​ Chieu Arnusorn ​តំណាង​​​ក្រុមហ៊ុន​​​អង្គ​រ​​​កសិកម្ម​​​រុងរឿង បាន​​​ឲ្យ​​​​ដឹង​​​ថា​៖ «អនុស្សរណៈ​​​យោគ​យល់​​​នេះ​​​នឹង​​​បង្កើន​​​ការ​​​នាំ​​​ចេញ​អង្ករ​កម្ពុជា​ទៅកាន់​ប្រទេស​ចិន​ជាង ៥០.០០០ ​តោន​ក្នុង​មួយឆ្នាំ​។ នេះ​គឺជា​ជោគជ័​យ​របស់​​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំងពីរ​ដែល​បាន​បង្កើត​នូ​វ​អនុស្សរណៈ​យោគ​យល់​ដ៏​សំ​ខាន់​មួយ​ក្នុងការ​ ​ទិញ​-​លក់​ ​អង្ករ​»​។​

លោក​​បន្ត​​ថា​៖ «​អនុស្សរណៈ​យោគ​យល់​នេះ​ត្រូវបាន​ប៉ាន់​ប្រមាណថា​​​មាន​តម្លៃ​ជា​ទឹកប្រាក់​ប្រមាណ​ ៤០​លាន​ដុល្លារ​ ​ដែល​បង្កើត​ប្រាក់​ចំណូល​ដល់​កម្ពុជា​។ ការធ្វើ​បែប​នេះ​នឹង​ជួយ​បង្កើន​ចំ​ណូ​ល​ដល់​កសិករ​ប្រមាណ​ ៤០.០០០ ​គ្រួសារ​ ​ដែល​ចំណុះ​ក្រុមហ៊ុនក្នុង​ការដាំ​ដុះ​ស្រូវនាងម្លិះ​ក្នុង​ខេត្ត​កំ​ពង់​​ស្ពឺ​»។​

​ការ​ចុះហត្ថលេខា​នេះ​ ធ្វើឡើង​មុន​ដំណើរ​ទស្សនកិច្ច​មកដល់រ​បស់​ ​លោក​ ​លី កឺ​ឈាង (Li Keqiang) ​ដែល​កំពុង​ធ្វើ​ទស្សនកិច្ច​លើគ​ម្រោ​ង​ជាច្រើន​ ​និង​ជា​ភ្ញៀវ​កិត្តិ​យស​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​នៅ​សប្តាហ៍​នេះ​។​

​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​ ​ចិន​-​​កម្ពុជា​ ​មាន​ចំនួន​ជាង​ ៥​ពាន់​លាន​ដុល្លារ​ ​នៅ​ឆ្នាំ ២០១៧ ​ដោយ​កើន​ពី​ ៣,៧៥ ​ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ​ ២០១៦​។​ ​នៅ​ឆ្នាំ​ ២០១៨ នេះ​ ​គឺជា​ឆ្នាំ​នៃ​ខួប​លើក​ទី​ ៦០ ​នៃ​ទំនាក់ទំនង​ចិន - កម្ពុជា​ ​ដែល​រដ្ឋាភិបាល នៃ​ប្រទេស​ទាំង​ពីរបាន​រិះរក​គ្រប់​វិធីសាស្ត្រ​ ​ដើម្បី​បង្កើន​ផល​ប្រយោជន៍​ឱ្យ​គ្នា​ទៅ​វិញ​ទៅមក​៕ ​ ​

អត្ថបទ៖ ដេត លីដា

អត្ថបទថ្មី
;