គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ព្រមានមិនចូលរួមការបោះឆ្នោតឆ្នាំ២០១៨
- 2018-01-17 02:30:13
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ព្រមានមិនចូលរួមការបោះឆ្នោតឆ្នាំ២០១៨
ចន្លោះមិនឃើញ
អគ្គលេខាធិការគណបក្សប្រជាធិបតេយ្យមូលដ្ឋាន លោក សាម អ៊ីន ឲ្យដឹងថា ថ្នាក់ដឹកនាំគណបក្ស អាចប្រកាសមិនចូលរួមការបោះឆ្នោតនៅឆ្នាំ២០១៨ បើបរិយាកាសប្រកួតប្រជែងមិនអំណោយផល។
លោក សាម អ៊ីន ពន្យល់ថា បរិយាកាសមិនអំណោយផលនោះ រួមមានការធ្វើសកម្មភាពលើកស្លាកគណបក្ស និងដំណើររៀបចំការបោះឆ្នោតមួយដែលមិនអាចជឿជាក់បាន។
កាលពីថ្ងៃទី១៣ ខែវិច្ឆិកា តំណាងគណបក្សប្រជាធិបតេយ្យមូលដ្ឋាននៅរាជធានីភ្នំពេញ បានធ្វើលិខិតជូនដំណឹងទៅសាលាសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ស្ដីពីការលើកស្លាកគណបក្សនេះនៅក្នុងមូលដ្ឋាននៃសង្កាត់គោកឃ្លាង។ នៅថ្ងៃទី២៥ ខែវិច្ឆិកា ក្រុមការងារគណបក្សបានទៅលើកស្លាកនៅលើដីសាធារណៈដែលមានស្លាកគណបក្សប្រជាជននៅក្បែរនោះ។ គណបក្សនេះអះអាងថា ពេលនោះអាជ្ញាធរខណ្ឌសែនសុខ អមដោយកម្លាំងនគរបាលជាង ១០នាក់ បានមកហាមឃាត់មិនឲ្យលើកស្លាក ហើយបង្គាប់ឲ្យដាក់ពាក្យស្នើសុំទៅសាលាខណ្ឌសិនទើបអាចលើកបាន។ ក្រោយមកគណបក្សមូលដ្ឋានដាក់ពាក្យស្នើទៅសាលាក្រុងភ្នំពេញ ប៉ុន្តែរហូតមកទល់ពេលនេះពួកគេនៅមិនទាន់បានទទួលដំណឹងនៅឡើយទេ។
កាលពីថ្មីៗនេះ ស្លាករបស់គណបក្សប្រជាធិបតេយ្យមូលដ្ឋានដែលដាក់បញ្ឈរនៅតាមផ្លូវ ក្បែរស្លាករំឭកគុណថ្ងៃ ៧ មករា ក៏រងការកាប់បំផ្លាញដែរ។ ក្រៅពីចង់បានការបំភ្លឺករណីស្លាករបស់គណបក្សដែលរងការកាប់បំផ្លាញ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ចង់ឃើញដំណើរការបោះឆ្នោតដែលគ្មានការរាំងស្ទះ ហើយអនុញ្ញាតឲ្យសង្គមស៊ីវិលជាតិ និងអន្តរជាតិ អាចចូលរួមសង្កេតការណ៍បានដោយពេញលេញ ទើបគណបក្សនេះអាចចូលរួមប្រកួតប្រជែងការបោះឆ្នោតនៅឆ្នាំ២០១៨ បាន៕