ក្រុម​របស់ធារី ឡើង​ទៅ​វគ្គ​ផ្តាច់ព្រ័ត្រ ខណៈ​ក្រុម​ CV11 ធ្លាក់

  • 2018-01-18 03:01:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុម​បាល់ទាត់ Pahang FA និង Terengganu FC បាន​ទទួល ៣​ពិន្ទុ​ដូចគ្នា ក្នុង​ការ​ប្រកួត​ទី៣ កម្មវិធី​ពានរង្វាន់ PIALA YAB Menteri Besar Terengganu's Cup 2018 កាលពី​យប់ថ្ងៃទី១៧ ខែ​មករា ឆ្នាំ២០១៨ នៅ​ប្រទេស​ម៉ាឡេស៊ី។ យ៉ាងណាមិញ​ មានតែ​ក្រុម Terenggau ប៉ុណ្ណោះ​ដែល​បាន​ឡើង​ទៅ​វគ្គ​ផ្តាច់ព្រ័ត្រ។

​ក្លឹប Pahang FA បាន​យក​ឈ្នះ​ក្រុម Terengganu FC II ​ក្នុង​លទ្ធផល​ប្រផិតប្រផើយ ២-១ ។ ​ក្នុង​ការ​ប្រកួត​នេះ គេ​សង្កេត​ឃើញ​ខ្សែ​ប្រយុទ្ធ ចាន់ វឌ្ឍនាកា ក៏​បាន​ជាប់​ជា​ជម្រើស​១១នាក់​ដំបូង​ផងដែរ តែ​គ្មាន​សំណាង​អាច​រក​គ្រាប់​បាល់​បាន​ឡើយ។ ជ័យជម្នះ​នេះ ធ្វើឲ្យ Pahang មាន ៣​ពិន្ទុ ក្នុង ៣ប្រកួត ដោយ២​ប្រកួត​មុន បាន​ប្រកួត​ចាញ់ Terengganu និង Melaka United ។

ចំណែក​ក្លឹប Terengganu FC វិញ បាន​បំបាក់​ក្រុម Malaka United ​ក្នុង​ជំនួប​ទី៣ ដោយ​លទ្ធផល ៥-០ ស្រប​ពេល​ដែល​កីឡាករ ធារី ចន្ថាប៊ីន នៅ​តែ​ជាប់​ក្នុង​ជម្រើស ១១​នាក់​ដំបូង​ដដែល។ លទ្ធផល​នេះ មានន័យថា Terengganu FC ឈ្នះ​២ (Pahang និង Melaka) និង ចាញ់​១ (Terengganu FC II) មាន ៦​ពិន្ទុ។

គួរ​បញ្ជាក់​ថា Pahang FA បាន​ធ្លាក់​ត្រឹម​វគ្គ​សន្សំ​ពិន្ទុ​ហើយ ​ដោយសារ​តែ​ការ​ប្រកួត​បិទ​វគ្គ​សន្សំ​ពិន្ទុ​ រវាង​ក្រុម Melaka United និង Terengganu FC II នឹង​ត្រូវ​មាន​ក្រុម​មួយ​ឡើង​ទៅ​វគ្គ​ផ្តាច់ព្រ័ត្រ ព្រោះ​ក្រុម​ទាំងពីរ​សុទ្ធ​តែ​មាន ៣​ពិន្ទុ​ដូចគ្នា ក្នុង ២​ប្រកួត​កន្លង​ទៅ។

វគ្គ​ផ្តាច់​ព្រ័ត្រ នឹង​ធ្វើឡើង​នៅ​ថ្ងៃទី ២០ ខែ​មករា ឆ្នាំ​២០១៨ ខាងមុខ​នេះ៕

អត្ថបទ៖ លាភ.

អត្ថបទថ្មី
;