កប៉ាល់​រុករក យន្តហោះ MH370 បាត់​ខ្លួន​៣ថ្ងៃ នៅ​ជិត​ឆ្នេរ​ប្រទេស​អូស្ត្រាលី

  • 2018-02-07 06:46:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កប៉ាល់ Seabed Constructor បាន​បាត់​ចេញ​ពី​រ៉ាដា រយៈ​ពេល​ជិត ៣ថ្ងៃ បន្ទាប់ពី​ប្រព័ន្ធ​ផ្ដល់​សញ្ញា​សម្គាល់​ស្វ័យប្រវត្តិ (AIS) របស់​វា​បាន​រលត់ កាល​ពី​ថ្ងៃ​ទី៣១ ខែ​មករា ឆ្នាំ​២០១៨ ក្នុង​បេសកកម្ម​ស្វែងរក​យន្តហោះ MH370 របស់​ក្រុមហ៊ុន​អាកាសចរណ៍​ម៉ាឡេស៊ី។

កប៉ាល់ Seabed Constructor
ប្រព័ន្ធ AIS បាន​វិល​ត្រឡប់​មក​រក​ភាព​ធម្មតា​វិញ ក្រោយ ៨០​ម៉ោង ប៉ុន្តែ​ចំពោះ​មូល​ហេតុ​ជាក់​លាក់​ដែល​ធ្វើឲ្យ​បាត់បង់​ការ​ទាក់ទង​នេះ មិន​ទាន់​មាន​ការ​បញ្ជាក់​នៅ​ឡើយ​ទេ ហើយ​ទីតាំង​របស់​កប៉ាល់​ក្នុង​អំឡុង​ពេល​បាត់​ពី​រ៉ាដា ក៏​មិន​មាន​អ្នក​ដឹង​ផងដែរ។

កប៉ាល់ Seabed Constructor បាន​ចេញ​ប្រតិបត្តិការ​រុករក​យន្តហោះ MH370 អស់​រយៈ​ពេល​ជាង ២សប្ដាហ៍​មក​ហើយ។ បេសកកម្ម​នេះ ជា​ការ​ស្ម័គ្រចិត្ត​របស់​ក្រុមហ៊ុន Ocean Infinity ប៉ុន្តែ​រដ្ឋាភិបាល​ម៉ាឡេស៊ី បាន​ប្រកាស​ថា នឹង​ផ្ដល់​ប្រាក់​រង្វាន់​ចំនួន​ចន្លោះ​ពី ២០ ទៅ ៧០ លាន​ដុល្លារ​អាមេរិក ដល់​ក្រុមហ៊ុន​នេះ ប្រសិនបើ​ពួកគេ​អាច​រក​ឃើញ​យន្តហោះ​ដែល​បាត់​ខ្លួន ក្នុង​រយៈ​ពេល ៩០​ថ្ងៃ។

ទាក់ទង​នឹង​ការ​បាត់​ចេញ​ពី​រ៉ាដា​នេះ អ្នក​នាំពាក្យ​ក្រុមហ៊ុន​ដដែល​បាន​ពន្យល់​ថា កប៉ាល់​របស់​ខ្លួន​បាន​ព្យាយាម​បត់​ត្រឡប់​ក្រោយ ដើម្បី​បន្ត​ការ​រុករក​របស់​ខ្លួន។ ទោះ​ជា​យ៉ាង​ណា អ្នក​ជំនាញ​មួយ​ចំនួន បាន​អះអាង​ថា នេះ​អាច​ជា​ចេតនា​របស់​កប៉ាល់ ដើម្បី​បំបិទ​មិនឲ្យ​ដឹង​ពី​ការ​ព្យាយាម​បង្វែរ​ទៅ​រុករក​កំណប់ ដែល​លិច​កប់​នៅ​បាត​សមុទ្រ​ជាមួយ​សំពៅ​មួយ​គ្រឿង កាល​ពី​ជាង ១០០​ឆ្នាំ​មុន​។

ខ្មោច​សំពៅ​នេះ ត្រូវ​បាន​រក​ឃើញ​កាលពី​ឆ្នាំ​២០១៥ នៅ​ភាគ​និរតី​​ឆ្នេរសមុទ្រ​នៃ​ប្រទេស​អូស្ត្រាលី អំឡុង​ការ​រុករក​យន្តហោះ MH370 ដែល​ដឹកនាំ​ដោយ​ប្រទេស​អូស្ត្រាលី ពោល​គឺ​នៅ​ក្បែរ​គ្នា​នឹង​ទីតាំង​ដែល​ត្រូវ​បាន​សង្ស័យ​ថា ជា​ទីតាំង​ដែល MH370 ធ្លាក់​។ វា​មាន​អាយុ​កាល​ប្រហែល ២០០​ឆ្នាំ។ នេះ​បើ​តាម​ការ​បញ្ជាក់​នៅ​លើ​យុថ្កា​របស់​សំពៅ។

សូម​បញ្ជាក់​ថា មក​ទល់​ពេល​នេះ យន្តហោះ MH370 នៅ​មិន​ទាន់​រក​ឃើញ​នៅ​ឡើយ​ទេ តាំងពី​​បាត់​ខ្លួន​ក្នុង​ថ្ងៃ​ទី៨ ខែ​មីនា ឆ្នាំ២០១៤ ជាមួយ​មនុស្ស​ចំនួន ២៣៩​នាក់៕

ប្រភព៖ The Sun | ABC.net ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;