មេ Tesla ប្រើ​ពេល​ត្រឹម​៦ឆ្នាំ រំកិល​ខ្លួន​យ៉ាង​លឿន​ក្នុង​ចំណាត់​ថ្នាក់​មហាសេដ្ឋី​លើ​លោក

  • 2018-02-07 08:16:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក Elon Musk មេ​របស់​ក្រុមហ៊ុន Tesla និង SpaceX ​ត្រូវ​បាន​ចាត់ទុក​ជា​មហាសេដ្ឋី​ដែល​អាច​រក​ចំណូល​បាន​ច្រើន​នៅ​លើ​ពិភពលោក ដោយ​ប្រើប្រាស់​រយៈ​ពេល​ត្រឹម​តែ​៦ឆ្នាំ​ប៉ុណ្ណោះ បន្ទាប់ពី​រូបលោក​ត្រូវ​បាន​ដាក់​បញ្ចូល​ទៅ​ក្នុង​បញ្ជី​មហាសេដ្ឋី​របស់​វេប​សាយ Forbes ។

​ក្នុង​វ័យ ៤៦ឆ្នាំ លោក Elon Musk ស្ថិត​នៅ​ចំណាត់​ថ្នាក់​ទី​៥៤ នៃ​បញ្ជី​មហាសេដ្ឋី​ពិភពលោក ដោយ​មាន​ទ្រព្យសម្បត្តិ​ប្រហែល ២០,៨ ពាន់​លាន​ដុល្លារ​អាមេរិក គិត​មក​ទល់​ឆ្នាំ​២០១៨​នេះ​។ បុរស​ដែល​មាន​ដើម​កំណើត​នៅ​ប្រទេស​អាហ្វ្រិក​ខាងត្បូង​រូបនេះ ត្រូវ​បាន​ចាត់​ទុក​ជា​មហាសេដ្ឋី កាលពី​ឆ្នាំ២០១២ នៅ​ពេល​ដែល​លោក​មាន​ទ្រព្យសម្បត្តិ​ត្រឹម​តែ ២ពាន់​លាន​ដុល្លារ​ប៉ុណ្ណោះ។

Musk បាន​សិក្សា​នៅ​សាកលវិទ្យាល័យ ប្រទេស​កាណាដា កាលពី​ឆ្នាំ​១៩៨៩ រួច​បន្ត​សិក្សា​នៅ​អាមេរិក ក្នុង​ឆ្នាំ​១៩៩២។ លោក​ចាប់ផ្ដើម​ក្នុង​ឧស្សាហកម្ម​បច្ចេកវិទ្យា ដោយ​បង្កើត Software មួយ​ឈ្មោះ Zip2 ។ ក្រោយ​មក​លោក​បាន​លក់​វា​ទៅ​ឲ្យ​ក្រុមហ៊ុន​ Compaq នៅ​ក្នុង​ឆ្នាំ១៩៩៩ ក្នុង​ទឹក​ប្រាក់ ៣០៧ លាន​ដុល្លារ ពេល​លោក​មាន​អាយុ ២៧​ឆ្នាំ។ ក្នុង​ឆ្នាំ​ដដែល លោក​បាន​បង្កើត​វេបសាយ X.com ដែល​ក្រោយ​មក​ត្រូវ​ប្ដូរ​ឈ្មោះ​ជា PayPal ។ PayPal ត្រូវ​បាន​ទិញ​ដោយ eBay ក្នុង​តម្លៃ ១,៥ពាន់​លាន​ដុល្លារ ក្នុង​ឆ្នាំ​២០០២។

បន្ទាប់មក លោក​បាន​បង្កើត​ក្រុមហ៊ុន SpaceX ឡើង ដែល​ជា​ទីភ្នាក់ងារ​អវកាស​ឯកជន និង​បាន​រួមចំណែក​ជាមួយ​រដ្ឋាភិបាល​អាមេរិក ក្នុង​វិស័យ​អវកាស។ គោលដៅ​របស់​លោក គឺ​ការ​បញ្ជូន​មនុស្ស​ទៅ​កាន់​ភព​អង្គារ នៅ​ពេល​អនាគត​។

Musk បាន​រួមចំណែក​ក្នុង​ការ​កសាង​ក្រុមហ៊ុន​ថ្មី​មួយ​ទៀត​គឺ Tesla Motors កាលពី​ឆ្នាំ​២០០៣។ ក្រោយ​វិបត្តិ​ហិរញ្ញវត្ថុ​កាលពី​ឆ្នាំ២០០៨ លោក​ក៏​បាន​ឡើង​ជា នាយក​ប្រតិបត្តិ តែ​ម្ដង។

គម្រោង​ផ្សេងៗ​ទៀត​របស់ Musk មាន​ដូចជា ទីក្រុង​ថាមពល​ព្រះអាទិត្យ (SolarCity), Hyperloop (រថភ្លើង​ក្រោម​ដី ដែល​មាន​ល្បឿន ៨០០គ.ម/ម ពី​ទីក្រុង​ឡុងដ៍ ប្រទេស​អង់គ្លេស ទៅ​កាន់​ក្រុង Edinburgh នៅ​ស្កុតឡែន ប្រើ​ពេល ១ម៉ោង​កន្លះ) និង OpenAI (ក្រុមហ៊ុន​អភិវឌ្ឍន៍​បច្ចេកវិទ្យា AI)៕

ប្រភព៖ Mirror ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;