យុទ្ធនាការឃោសនាបោះឆ្នោតព្រឹទ្ធសភា ចាប់ផ្ដើមដោយការជួបប្រជុំ និងចែកខិតប័ណ្ណ
- 2018-02-10 06:14:46
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
យុទ្ធនាការឃោសនាបោះឆ្នោតព្រឹទ្ធសភា ចាប់ផ្ដើមដោយការជួបប្រជុំ និងចែកខិតប័ណ្ណ
ចន្លោះមិនឃើញ
នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៨នេះ គឺជាថ្ងៃទី១ នៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៤ ឆ្នាំ២០១៨។ នៅព្រឹកថ្ងៃទី១ នៃយុទ្ធនាការឃោសនាបោះឆ្នោតរយៈពេល ១៤ ថ្ងៃនេះ គណបក្សនយោបាយទាំង ៤ ដែលបានចុះឈ្មោះដាក់បេក្ខជនឈរឈ្មោះបោះឆ្នោតព្រឹទ្ធសភា ភាគច្រើនបានជួបប្រជុំ និងចែកខិតប័ណ្ណដល់អ្នកតំណាងរាស្ត្រ និងក្រុមប្រឹក្សាឃុំសង្កាត់ ដែលជាអង្គបោះឆ្នោត នៅតាមមណ្ឌលបោះឆ្នោត នៅទូទាំងប្រទេស។
លោក ហង្ស ពុទ្ធា សមាជិក និងជាអ្នកនាំពាក្យ គ.ជ.ប បានឲ្យដឹងថា នៅព្រឹកថ្ងៃទី១០កុម្ភៈ ដែលជាថ្ងៃដំបូងនៃយុទ្ធនាការឃោសនាបោះឆ្នោតព្រឹទ្ធសភា រយៈពេល ១៤ថ្ងៃនេះ ភាគច្រើនគណបក្សនយោបាយ ដែលចូលរួមការបោះឆ្នោតព្រឹទ្ធសភា បានជួបប្រជុំជាមួយអង្គបោះឆ្នោត ដែលជាអ្នកតំណាងរាស្ត្រ និងសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ នៅគោលដៅនិមួយៗ ដោយនៅព្រឹកនេះ គ.ជ.ប មិនទាន់ទទួលបានរបាយការណ៍ពីការហែក្បួនតាមផ្លូវសាធារណៈនៅឡើយទេ។
យ៉ាងណាក៏ដោយ លោក ហង្ស ពុទ្ធា បន្ថែមថា គណបក្សនយោបាយនីមួយៗ អាចហែក្បួនឃោសនាបោះឆ្នោត បាន ២ដង ក្នុងយុទ្ធនាការឃោសនាបោះឆ្នោតព្រឹទ្ធសភា ដែលនឹងបញ្ចប់នៅថ្ងៃទី២៣ ខែកុម្ភៈ។ ក្រៅពីនោះ គណបក្សនយោបាយ ក៏អាចជួបជុំ និងចែកខិតប័ណ្ណឃោសនាដល់អង្គបោះឆ្នោតផងដែរ។
ជាមួយគ្នានេះ លោក ហង្ស ពុទ្ធា បន្តថា ស្ពតឃោសនារបស់គណបក្សនយោបាយនីមួយៗ ក៏ត្រូវបាន គ.ជ.ប រៀបចំចាក់ផ្សាយតាមទូរទស្សន៍ និងវិទ្យុជាតិ អំឡុងពេលយុទ្ធនាការឃោសនាបោះឆ្នោតនេះផងដែរ។
សូមរំឭកថា មានគណបក្សនយោបាយ ចំនួន ៤ បានចុះឈ្មោះ ដាក់បេក្ខជនចូលរួមការបោះឆ្នោតព្រឹទ្ធសភា អាណត្តិទី៤ នាថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨ រួមមាន៖ គណបក្សប្រជាជនកម្ពុជា គណបក្សយុវជនកម្ពុជា គណបក្សខ្មែររួបរួមជាតិ និងគណបក្សហ៊្វុនស៊ិនប៉ិច៕