គន្លឹះ​ក្នុង​ការ​ថតរូប​លើ​ទូរសព្ទ​ឲ្យ​បាន​ស្អាត ពេល​ធ្វើ​ដំណើរ​កម្សាន្ត

  • 2018-02-15 03:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ការ​កាន់​ទូរសព្ទ​ថតរូប អាច​និយាយ​បាន​ថា ជា​រឿង​ដ៏​ងាយស្រួល ប៉ុន្តែ​លោកអ្នក​អាច​ទទួល​បាន​មក​វិញ​នូវ​រូបថត​ដែល​មិន​សូវ​មាន​ភាព​ទាក់ទាញ​ឡើយ។ ការ​យល់ដឹង​ពី​គន្លឹះ​ខ្លះៗ អាច​ជួយ​ឲ្យ​ការ​ថត​របស់​លោក​អ្នក បង្កើត​បាន​រូបភាព​ដ៏​គួរ​ជា​ទី​ពេញចិត្ត សម្រាប់​បង្ហោះ​លើ​បណ្ដាញ​សង្គម​នានា​ ឬ រក្សា​ទុក​មើល​នៅ​ពេល​ក្រោយ។ គន្លឹះ ១០​យ៉ាង​ដែល​អ្នក​គួរ​អនុវត្ត​គឺ៖

១- ជូត​សម្អាត​កញ្ចក់​កាមេរ៉ា​ទូរសព្ទ​ឲ្យ​បាន​ស្អាត៖ ជៀសវាង​ការ​ថត​រូបភាព​ចេញ​មក​មិន​ច្បាស់ ឬ ស្រអាប់​។

២- កំណត់​វត្ថុ​ដែល​ត្រូវ​ផ្ដោត (Focus)៖ ចុច​លើ​អេក្រង់​លើ​វត្ថុ​ណា​មួយ ដែល​អ្នក​ចង់ Focus ដើម្បី​ឲ្យ​វត្ថុ​នោះ ត្រូវ​ផលិត​រូប​ចេញ​មក​បាន​ច្បាស់។

៣- ថត​តាម​បែប Manual ៖ មុខងារ​នេះ​ភាគច្រើន​មាន​នៅ​លើ​ទូរសព្ទ​ប្រភេទ Android និង​តម្រូវ​ឲ្យ​អ្នក​ប្រើប្រាស់​ស្គាល់​ពី​មុខងារ​នេះ​ច្បាស់​ទើប​ងាយស្រួល​ប្រើ ដើម្បី​កំណត់ ISO ឬ Shutter Speed ដោយ​ខ្លួនឯង​។

៤- កុំ Zoom៖ បើ​សិន​ជា​អាច អ្នក​គួរ​ដើរ​ទៅ​កៀក​វត្ថុ​ដែល​អ្នក​ចង់​ថត ប្រសើរ​ជាង Zoom ព្រោះ​វា​អាច​ធ្វើឲ្យ​រូបថត​ផលិត​ចេញ​មក ខូច​គុណភាព។

៥- ដៃ​ត្រូវ​ឲ្យ​នឹង៖ ការពារ​រូបថត​ព្រាល ជាពិសេស​នៅ​ពេល​ថត​នៅ​កន្លែង​ខ្សោយ​ពន្លឺ។

៦- អនុវត្ត​គោលការណ៍ Rule of Thirds ៖ បើ​អ្នក​បើក​មុខងារ Grip នោះ​អ្នក​នឹង​អាច​ឃើញ​ខ្សែ​បន្ទាត់ ចែក​អេក្រង់ ហើយ​ត្រូវ​ដាក់​ខ្សែ​បន្ទាត់​ទាំង​នោះ​ ឲ្យ​ចំ​វត្ថុ​ដែល​អ្នក​ចង់​ថត​។

៧- ប្រើប្រាស់​វត្ថុ​ផ្សេងៗ ដើម្បី​នាំ​ភ្នែក​ឲ្យ​មើល​ទៅ​កាន់​វត្ថុ​ណាមួយ​ដែល​អ្នក​ចង់​បង្ហាញ៖ វត្ថុ​ទាំង​នោះ​អាច​ជា បង្កាន់​ដៃ​ស្ពាន ទន្លេ ខ្សែ ឬ វត្ថុ​ផ្សេងៗ​។

៨- ថត​ចេញ​ពី​មុំ​ដែល​មនុស្ស​ទូទៅ មិន​ធ្លាប់​ថត៖ វា​អាច​កើត​ចេញ​ពី​ការ​ច្នៃប្រឌិត​របស់​អ្នក​ថត​តែម្ដង​។

៩- ជ្រើសរើស​ផ្ទៃ​ខាងក្រោយ​នៃ​វត្ថុ ដែល​មិន​មាន​ភាព​រញ៉េរញ៉ៃ៖ ធ្វើ​ដូច្នេះ អាច​ធ្វើឲ្យ​ភ្នែក​អ្នក​មើល ចាំ​អារម្មណ៍​តែ​លើ​វត្ថុ​ដែល​អ្នក​ចង់​បង្ហាញ។

១០- ប្លង់​មួយ ត្រូវ​ថត​ឲ្យ​បាន​ច្រើន​សន្លឹក៖ ធ្វើ​ដូច្នេះ អាច​ឲ្យ​អ្នក​ងាយស្រួល​ក្នុង​ការ​ជ្រើសរើស​យក​រូប​ណា​មួយ​ដែល​អ្នក​ពេញចិត្ត​៕

ប្រភព៖ iphonephotographyschool ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;