ការបោះឆ្នោតព្រឹទ្ធសភានីតិកាលទី៤ ចាប់ផ្តើមនៅព្រឹកថ្ងៃអាទិត្យនេះហើយ
- 2018-02-25 01:23:45
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ការបោះឆ្នោតព្រឹទ្ធសភានីតិកាលទី៤ ចាប់ផ្តើមនៅព្រឹកថ្ងៃអាទិត្យនេះហើយ
ចន្លោះមិនឃើញ
ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៤ បានប្រព្រឹត្តទៅនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨នេះហើយ ដោយធ្វើឡើងនៅការិយាល័យបោះឆ្នោតសរុបចំនួន ៣៣ ទូទាំងប្រទេស។ ការបោះឆ្នោតនេះ គឺមានការចូលរួមពីអង្គបោះឆ្នោតចំនួន ១១ ៦៩៥នាក់ ក្នុងនោះអង្គបោះឆ្នោតដែលជាតំណាងរាស្ត្រមានចំនួន ១២៣រូប និងអង្គបោះឆ្នោតជាសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ចំនួន ១១ ៥៧២រូប។
លោក ស៊ិក ប៊ុនហុក ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានអញ្ជើញទៅពិនិត្យមើលមណ្ឌលបោះឆ្នោតភូមិភាគទី១ រាជធានីភ្នំពេញ នៅវិទ្យាល័យហ៊ុន សែន ប៊ុនរ៉ានី វត្តភ្នំ។ ចំណែកថ្នាក់ដឹកនាំជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា បានអញ្ជើញទៅបោះឆ្នោតនៅតាមមណ្ឌលភូមិភាគរៀងៗខ្លួន ក្នុងនោះសម្តេច ហ៊ុន សែន អញ្ជើញទៅបោះឆ្នោតនៅភូមិភាគ៣៖ ខេត្តកណ្តាល នៅមជ្ឈមណ្ឌលគរុកោសល្យភូមិភាគហ៊ុនសែន (ក្រុងតាខ្មៅ)។ ចំណែកសម្តេច ហេង សំរិន បានអញ្ជើញទៅបោះឆ្នោតនៅភូមិភាគ២ ខេត្តត្បូងឃ្មុំ នៅសាលាបាលីសម្តេចតេជោហ៊ុនសែនវត្តវិហារទន្ទឹម។ រីឯសម្តេច ស ខេង អញ្ជើញទៅបោះឆ្នោត នៅភូមិភាគ៤៖ ខេត្តបាត់ដំបង នៅវិទ្យាល័យ សម្តេចឪ។ ចំពោះសម្តេច សាយ ឈុំ មិនអញ្ជើញទៅបោះឆ្នោតនោះទេ ដោយសារសម្តេចជាបេក្ខជនឈរឈ្មោះព្រឹទ្ធសភា។
ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ឆ្នាំ២០១៨នេះ គឺមានគណបក្សនយោបាយចំនួន០៤ បានចុះបញ្ជីឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះចូលរួមប្រកួតប្រជែង ក្នុងនោះមាន គណបក្សប្រជាជនកម្ពុជា គណបក្សហ៊្វុនស៊ិនប៉ិច គណបក្សខ្មែររួបរួមជាតិ និងគណបក្សយុវជនកម្ពុជា។ នៅលើសន្លឹកឆ្នោតគណបក្សប្រជាជនកម្ពុជា លេខរៀងទី១។ គណបក្ស យុវជនកម្ពុជា លេខរៀងទី២។ គណបក្ស ខ្មែររួបរួមជាតិ លេខរៀងទី៣ និងគណបក្ស ហ៊្វុនស៊ិនប៉ិច លេខរៀងទី៤។
ការបោះឆ្នោតនឹងប្រព្រឹត្តទៅចាប់ពីម៉ោង ៧ព្រឹក រហូតដល់ម៉ោង ៣រសៀល លើកលែងតែមានសេចក្ដីសម្រេចផ្សេងពីនេះរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។ ជនគ្រប់រូបដែលមានបំណងបោះឆ្នោត មិនត្រូវអនុញ្ញាតឱ្យចូលក្នុងបរិវេណខាងក្នុង ក្រោយម៉ោង ៣រសៀលឡើយ។ ជនដែលមានសិទ្ធិបោះឆ្នោតក្រោយម៉ោង ៣រសៀល ហើយអាចអនុញ្ញាតឱ្យបោះឆ្នោត គឺជាជនដែលស្ថិតក្នុងការិយាល័យបោះឆ្នោត ឬក្នុងបរិវេណខាងក្នុងនៃការិយាល័យនោះ។
សូមជម្រាបថា ចំនួនអាសនៈនៃព្រឹទ្ធសភា ដែលត្រូវបោះឆ្នោតជ្រើសតាំងមានចំនួន ៥៨អាសនៈ។ ដោយឡែកសមាជិកព្រឹទ្ធសភាចំនួន ០៤រូបទៀត ត្រូវបានចាត់តាំងដោយព្រះមហាក្សត្រ ចំនួន០២រូប និងត្រូវបានបោះឆ្នោតជ្រើសតាំងដោយរដ្ឋសភាចំនួន ០២រូប។ សរុបសមាជិកព្រឹទ្ធសភា នីតិកាលទី៤នេះ មានចំនួនសរុប ៦២រូប ដែលចំនួននេះកើនលើសពីព្រឹទ្ធសភា នីតិកាលទី៣ ចំនួន០១រូប៕