គ.ជ.ប មិន​ទទួល​បាន​បណ្តឹង​តវ៉ា​អ្វី​មួយ​សោះ ពាក់ព័ន្ធ​នឹងការ​បោះឆ្នោត​ព្រឹទ្ធសភា

  • 2018-02-26 12:20:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ប្រតិទិន​នៃ​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​សមាជិក​ព្រឹទ្ធសភា នីតិកាល​ទី៤ ឆ្នាំ​២០១៨ ចេញផ្សាយ​ដោយ​គណៈ​កម្មា​ធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) បង្ហាញ​ថា ការ​ប្តឹង​ជំទាស់ ឬ​តវ៉ា​ទៅ​គណៈ​កម្មាធិការ​ខេត្ត​រាជធានី រៀបចំ​ការ​បោះឆ្នោត (គធ.ខប) យ៉ាង​យូរ​ត្រឹម​ម៉ោង ១១ និង ៣០​នាទី ព្រឹក​ថ្ងៃទី​២៦ ខែ​កុម្ភៈ ឆ្នាំ​២០១៨។ ក៏​ប៉ុន្តែ​មកដល់​រសៀល​ថ្ងៃទី​២៦ ខែ​កុម្ភៈ ឆ្នាំ​២០១៨ លោក ឌឹម សុវណ្ណារុំ សមាជិក និងជា​អ្នក​នាំពាក្យ គ.ជ.ប បាន​មាន​ប្រសាសន៍​ថា គ.ជ.ប មិនបាន​ទទួល​បណ្តឹង​ណាមួយ ពាក់ព័ន្ធ​នឹង​ការ​រៀបចំ​ការ​បោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា នីតិកាល​ទី៤ កាលពី​ថ្ងៃអាទិត្យ ទី​២៥ ខែ​កុម្ភៈ ឆ្នាំ​២០១៨ ឡើយ។

ទន្ទឹមនឹង​នេះ បន្ទាប់ពី​ការ​បោះឆ្នោត​ចប់ កាលពី​ថ្ងៃទី​២៥ ខែ​កុម្ភៈ និង​បន្ត​ដល់​ថ្ងៃទី​២៦ ខែ​កុម្ភៈ គណបក្ស​ប្រជាជន​កម្ពុជា គណបក្ស​យុវជន​កម្ពុជា គណបក្ស​ហ៊្វុនស៊ិនប៉ិច គណបក្ស​ខ្មែរ​រួបរួម​ជាតិ និង​គណបក្ស​សញ្ជាតិ​កម្ពុជា បាន​ថ្លែង​ការណ៍​ផ្ទាល់មាត់ និង​ចេញ​សេចក្តី​ថ្លែងការណ៍​ជា​លាយលក្ខណ៍​អក្សរ ប្រកាស​ស្វាគមន៍ គាំទ្រ និង​ទទួល​យក​លទ្ធផល​បោះឆ្នោត​ព្រឹទ្ធសភា នីតិកាល​ទី៤។

ប្រតិទិន​របស់ គ.ជ.ប ក៏បាន​បង្ហាញ​ថា ការ​ប្រកាស​ផ្សាយ​លទ្ធផល​បណ្តោះ​អាសន្ន​នៃការ​បោះឆ្នោត​តាម​មណ្ឌល​ភូមិភាគ​ដោយ គ.ជ.ប នឹង​ធ្វើឡើង ពី​ថ្ងៃទី​២៧ ខែ​កុម្ភៈ ដល់ថ្ងៃ​ទី៣ ខែ​មីនា ឆ្នាំ​២០១៨។ ដោយឡែក ការ​ប្រកាស​លទ្ធផល​ផ្លូវការ ការ​បែងចែកអាសនៈ និង​ប្រកាស​ផ្សាយ​បញ្ជី​បេក្ខជន​ជាប់ឆ្នោត នឹងត្រូវ គ.ជ.ប ប្រកាស​ចន្លោះ​ពីថ្ងៃទី​៣ ខែ​មីនា ដល់ថ្ងៃ​ទី៣ ខែ​មេសា ឆ្នាំ​២០១៨។

សូម​ជម្រាប​ថា លទ្ធផល​បណ្តោះ​អាសន្ន​នៃការ​បោះ​ឆ្នោត​ព្រឹទ្ធសភា នីតិកាល​ទី៤ គ.ជ.ប ប្រកាស​ថា តាម​ភូមិភាគ​ទាំង​៨ គឺ​គណបក្ស​ប្រជាជន​កម្ពុជា ទទួល​បាន​សំឡេងឆ្នោត​ច្រើន​លើសលប់ ហើយបើ​តាម​សំឡេង​ឆ្នោត​នេះ គឺ​គណបក្ស​ប្រជាជន​កម្ពុជា​តែមួយ​ប៉ុណ្ណោះ នឹង​ទទួល​បាន​អាសនៈ​ព្រឹទ្ធសភា នៅគ្រប់​ភូមិភាគ​នីមួយៗ ដែលមាន​ចំនួន ៥៨​អាសនៈ។ ដោយឡែក គណបក្ស ៣ ផ្សេងទៀត គឺ​គណបក្ស​យុវជន​កម្ពុជា គណបក្ស​ខ្មែរ​រួបរួម​ជាតិ និង​គណបក្ស​ហ៊្វុនស៊ិនប៉ិច ទោះបី​ជា​ទទួលបាន​សំឡេង​ឆ្នោត​ខ្លះមែន តែមិន​គ្រប់​ចំនួន​សំឡេង ដែលត្រូវ​ទទួល​បាន​អាសនៈ​តាម​ភូមិភាគ​នីមួយៗ​ឡើយ។

ព្រឹទ្ធសភា នីតិកាល​ទី៤ មាន​សមាជិក​សរុប ៦២ អាសនៈ ក្នុងនោះ ៥៨ អាសនៈ ត្រូវ​បោះឆ្នោត​ជ្រើសតាំង​ដោយ​សមាជិក​រដ្ឋសភា ( អ្នក​តំណាង​រាស្ត្រ ) និង​សមាជិក​ក្រុមប្រឹក្សា​ឃុំ​សង្កាត់។ រីឯ​ព្រះមហាក្សត្រ តែងតាំង ២​អាសនៈ និង​ជ្រើសតាំង​ដោយ​រដ្ឋសភា ២អាសនៈ​ទៀត៕

អត្ថបទ៖ លីហៀង

អត្ថបទថ្មី
;