បុរាណ​វិទូ​អេហ្ស៊ីប​ រក​ឃើញ​ទី​កប់​ខ្មោច​សម័យ​បុរាណ​ មាន​អាយុកាល​រាប់ពាន់​ឆ្នាំ

  • 2018-02-27 03:59:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អ្នក​បុរាណ​វិទូ​អេហ្ស៊ីប​ បាន​រក​ឃើញ​​វាល​កប់​ខ្មោច​បុរាណ​មួយកន្លែង​ ដែល​មាន​ក្ដារមឈូស​បុរាណ​​ចំនួន​ ៤០ រួម​ទាំង​រូប​ចម្លាក់​តូច​ៗ​ប្រមាណ​ជាង១០០​ និង​ខ្សែ​ក​​មួយ​ខ្សែ​ ដែល​មាន​អក្សរ​ "Happy New Year"។

លោក Khaled El-Enany រដ្ឋមន្ត្រី​ផ្នែក​វត្ថុ​បុរាណ​អេហ្ស៊ីប ​បាន​ថ្លែង​កាល​ពី​ថ្ងៃ ​២៤ ​កុម្ភៈ​ថា វាល​កប់​ខ្មោច​បុរាណ​នេះត្រូវ​បាន​គេ​ប្រទះ​ឃើញ​ នៅ​ក្បែរ​តំបន់​ Tuna al-Gabal ភាគ​ខាង​ត្បូង​ទីក្រុង Cairo ប្រទេស​អេហ្ស៊ីប​។ វា​​មាន​អាយុ​កាល​ជាង​២០០០​ឆ្នាំ គឺ​រាប់​ចាប់​ពី​រជ្ជកាល​ស្ដេច​ផារ៉ាអុង​ចុង​ក្រោយ​ ក្នុងឆ្នាំ៣០២មុនគ្រិស្តសករាជមក​ម្ល៉េះ។ លោក បាន​បន្ត​ថា៖ "ឆាប់ៗ​នេះ យើង​នឹង​បន្ថែម​នូវ​ទីតាំង​បុរាណ​មួយ​បន្ថែម​ទៀត​ដើម្បី​ទាក់​ទាញ​ភ្ញៀវ​ទេសចរ​មក​កាន់​ភាគ​កណ្ដាល​ប្រទេស​អេហ្ស៊ីប"។

លើស​ពី​នេះ លោក Mostafa Waziri អគ្គលេខាធិការ​ក្រុមប្រឹក្សា​កំពូល​ផ្នែក​វត្ថុ​បុរាណ​ បាន​ថ្លែង​ថា ការ​ជីក​កកាយ​ គ្រោង​នឹង​ធ្វើ​ឡើង​៥ឆ្នាំបន្ថែម​ទៀត ដើម្បី​រុករក​កន្លែង​បញ្ចុះ​សព​ទាំងអស់​ក្នុង​តំបន់​នេះ។ ​លោក​បាន​បន្ត​ទៀត​ថា រយៈ​ពេល​៣​ខែ​កន្លង​ទៅ​នេះ ក្រុម​រុករក​ បាន​រក​ឃើញ​នូវ​ផ្នូរ​បុរាណ​ និង​កន្លែង​បញ្ចុះ​សព​ជាច្រើន​ ដែល​ជា​របស់​ពួក​អ្នក​បព្វជិត​ក្នុង​រាជ្យ​អាទិទេព​ Thoth របស់​ពួក​អេហ្ស៊ីប​បុរាណ​។

អាជ្ញាធរ​ សង្ឃឹម​ថា​ការ​រក​ឃើញ​ថ្មី​នេះ​ នឹង​អាច​ជួយ​ទាក់​ទាញ​ភ្ញៀវ​ទេសចរ​បន្ថែម​ទៀត​ដើម្បី​ពន្លឿន​នៃ​វិស័យ​ទេសចរណ៍​ ដែល​ត្រូវ​បាន​ធ្លាក់​ចុះ ក្រោយ​ពី​ទម្លាក់​អតីត​ប្រធានាធិបតី​ Hosni Mubarak កាលពី​ឆ្នាំ២០១១​ មក។ ចំនួន​អ្នក​ទេសចរក្នុងឆ្នាំ​២០១៧ មាន​ចំនួន​​ជាង​ ៨​លាន​នាក់​ កើន​ឡើង​ ៥៤% បើ​ធៀបឆ្នាំ២០១៦ តែ​នៅ​​ទាប​ជាងឆ្នាំ២០១០​ ដែល​មាន​ចំនួន​១៤,៧លាន​នាក់៕

ប្រភព៖ Sky News ប្រែ​សម្រួល៖ អឹុម ម៉េងស៊ាង

អត្ថបទថ្មី
;