បច្ចុប្បន្ន កម្ពុជា​មាន​រោងចក្រ​កែច្នៃ​កៅស៊ូ ចំនួន​ប៉ុន្មាន?

  • 2018-03-01 02:14:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក ប៉ុល សុខា អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កៅស៊ូ នៃ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​ឲ្យដឹង​ថា ​បច្ចុប្បន្ន កម្ពុជា មាន​រោងចក្រ​សិប្បកម្ម​កែច្នៃ​កៅស៊ូ ចំនួន ១៣៩ ដោយ​អាច​ផលិត​កៅស៊ូ​ស្ងួត​បាន​ជាង ១៩​ម៉ឺន​តោន​ក្នុង​មួយ​ឆ្នាំ។

ការ​ឲ្យដឹង​របស់​លោក ប៉ុល សុខា បាន​ធ្វើឡើង​ក្នុង​ពិធី​បិទ​កិច្ច​ប្រជុំ​បូក​សរុប​លទ្ធផល​ការងារ ឆ្នាំ​២០១៧ និង​លើក​ទិសដៅ​អនុវត្ត​ការងារ​ឆ្នាំ​២០១៨ របស់​អគ្គនាយកដ្ឋាន​កៅស៊ូ ស្ថិត​ក្រោម​អធិបតីភាព​លោក វេង សាខុន រដ្ឋ​មន្ត្រី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ កាល​ពី​ថ្ងៃ​ទី​២៨ ខែ​កុម្ភៈ ឆ្នាំ​២០១៨។

ក្នុង​ឆ្នាំ​២០១៧ ប្រាក់​ចំណូល​បាន​ពី​ការ​លក់​ជ័រ​កៅស៊ូ ទទួល​បាន​រហូត​ដល់​ជិត​ ៣០០​​លាន​ដុល្លារ​អាមេរិក ដែល​​ចំណូល​នេះ​បាន​រួម​ចំណែក​​​យ៉ាង​ធំធេង​ក្នុង​ការ​ទ្រទ្រង់​​កំណើន​សេដ្ឋ​កិច្ច​​ក្នុង​រង្វង់​​៧ភាគរយ​។

កៅស៊ូ​ធម្មជាតិ​គឺ​ជា​ដំណាំ​យុទ្ធសាស្រ្ត​ដែល​ផ្តល់​ពហុ​ប្រយោជន៍​ជាច្រើន​ដល់​អ្នក​ដាំ និង​ដល់​​សេដ្ឋ​កិច្ច​ជាតិ សង្គម​បរិស្ថាន​ ព្រមទាំង​ចូលរួម​លើក​កម្ពស់​ប្រាក់​ចំណូល​សេដ្ឋ​កិច្ច​​​​ ​និង​ចូលរួម​កាត់បន្ថយ​ភាព​ក្រី​ក្រ តាម​រយៈ​ការ​បង្កើត​​ការងារ-មុខរបរ កាត់បន្ថយ​ចំណាក​ស្រុក ផ្តល់​ឈើ​សម្រាប់​ប្រើ​ប្រាស់​​ជា​គ្រឿង​សង្ហារិម-គម្រប​ព្រៃឈើ ចូលរួម​ថែរក្សា​លំ​នឹង​បរិស្ថាន និង​កាត់​បន្ថយ​បម្រែបម្រួល​អាកាសធាតុ​។

គួរ​បញ្ជាក់​ថា មក​ទល់​ពេល​នេះ កម្ពុជា​មាន​ផ្ទៃដី​ដាំ​កៅស៊ូ​សរុប​ជាង ៤៣​ម៉ឺន​ហិកតា ក្នុងនោះ​ប្រហែល ៦៤​ភាគរយ ជា​ដី​កៅស៊ូ​កសិឧស្សាហកម្ម និង​ផ្ទៃ​ដី​កៅស៊ូ​ចៀរជ័រ ១៧​ម៉ឺនហិកតា៕

អត្ថបទ៖ លាភ.

អត្ថបទថ្មី
;