គណបក្សប្រជាជន​កម្ពុជា ទទួល​បាន​អាសនៈ​ទាំង៥៨ នៅ​ព្រឹទ្ធសភា

  • 2018-03-03 06:04:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នៅ​ព្រឹក​ថ្ងៃ​ទី០៣ ខែ​មីនា​នេះ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) បាន​ប្រកាស​ជា​ផ្លូវ​ការ នៃ​លទ្ធផល​​ការ​បោះឆ្នោត​ជ្រើស​តាំង​សមាជិក​ព្រឹទ្ធសភា អាណត្តិ​ទី៤ ដែល​បាន​ប្រព្រឹត្ត​ទៅ​កាលពី​ថ្ងៃ​ទី២៥ ខែ​កុម្ភៈ ឆ្នាំ​២០១៨។

​លទ្ធផល ដែល​បាន​បង្ហាញ​ដោយ​ គ.ជ.ប គឺ​គណបក្ស​ប្រជាជន​កម្ពុជា ទទួល​បាន​អាសនៈ​ចំនួន​៥៨។ ចំណែក​គណបក្ស​ហ៊្វុនស៊ិនប៉ិច គណបក្ស​ខ្មែរ​រួបរួម​ជាតិ និង​គណបក្ស​យុវជន​កម្ពុជា គឺ​មិន​ទទួល​បាន​អាសនៈ​នោះ​ទេ។

លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប បាន​ថ្លែង​ប្រាប់​ខ្លីៗ នៅ​ព្រឹក​នេះ​ថា លទ្ធផល​ផ្លូវ​ការ នៃ​ការ​បោះឆ្នោត​ជ្រើស​តាំង​សមាជិក​ព្រឹទ្ធសភា នីតិកាល​ទី៤ គឺ​គណបក្ស​ប្រជាជន​កម្ពុជា ទទួល​បាន​អាសនៈ​ចំនួន​៥៨ នៅ​ក្នុង​ព្រឹទ្ធសភា។ ចំណែក​អាសនៈ​ចំនួន​ ៤ទៀត គឺ​ចំនួន​ពីរ​រូប​តែង​តាំង​ដោយ​ព្រះមហាក្សត្រ និង​ចំនួន​ពីរ​រូប​ទៀត បោះឆ្នោត​ជ្រើស​តាំង​ដោយ​រដ្ឋសភា។

​លោក​បញ្ជាក់​ថា សម្រាប់​ការ​បោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា នីតិកាល​ទី៤ ឆ្នាំ​២០១៨ ចំនួន​អាសនៈ​សរុប៦២ ដោយ​ក្នុង​នោះ​បោះឆ្នោត​ជ្រើសតាំង​មាន​ចំនួន​ ៥៨​អាសនៈ។ ដោយឡែក​សមាជិក​ព្រឹទ្ធសភា​ចំនួន ០៤​រូប​ទៀត ត្រូវ​បាន​ចាត់​តាំង​ដោយ​ព្រះមហាក្សត្រ ចំនួន​ ០២រូប (សម្តេច​ព្រះរាជបុត្រី​ព្រះ​អនុជ នរោត្តម អរុណរស្មី និង​លោកស្រី អ៊ុំ សូម៉ានីន)។ ហើយ​ចំនួន​០២រូប​ទៀត ត្រូវ​បោះឆ្នោត​ជ្រើស​តាំង​ដោយ​រដ្ឋសភា ប៉ុន្តែ​រដ្ឋសភា​នៅ​មិន​ទាន់​បោះឆ្នោត​ជ្រើសរើស​នៅ​ឡើយ​ទេ។

សរុប​សមាជិក​ព្រឹទ្ធសភា នីតិកាលទី៤ ​នេះ មាន​ចំនួន​សរុប៦២​រូប​ដែល​ចំនួន​នេះ​ កើនលើស​ពីព្រឹទ្ធសភា នីតិកាល​ទី៣ ចំនួន​ ០១រូប។

ចំណែក​គណបក្ស​នយោបាយ​ចំនួន​ ៣ទៀត គឺ​គណបក្ស​ហ៊្វុនស៊ិនប៉ិច គណបក្ស​ខ្មែរ​រួបរួម​ជាតិ និង​គណបក្ស​យុវជន​កម្ពុជា ដែល​មិន​ទទួល​បាន​អាសនៈ បាន​ចេញ​ប្រកាស​គាំទ្រ​ចំពោះ​លទ្ធផល​បឋម ដែល​ប្រកាស​ដោយ គ.ជ.ប​៕

អត្ថបទ៖ សោភា

អត្ថបទថ្មី
;