បកស្រាយរឿង S9/S9+ នៅស្រុកខ្មែរ ថ្លៃជាងប្រទេសមួយចំនួន
- 2018-03-06 10:20:10
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បកស្រាយរឿង S9/S9+ នៅស្រុកខ្មែរ ថ្លៃជាងប្រទេសមួយចំនួន
ចន្លោះមិនឃើញ
នៅកម្ពុជា ទូរសព្ទ Galaxy S9/S9+ បានបើកឲ្យកុម្ម៉ង់ទុកមុនហើយ បន្ទាប់ពីចេញនៅអេស្ប៉ាញបានតែប៉ុន្មានថ្ងៃប៉ុណ្ណោះ ប៉ុន្តែមិនមានទំហំ 64GB ដូចប្រទេសនៅប៉ែកអឺរ៉ុប ឬប្រទេសជិតខាងនោះទេ ខណៈតម្លៃ ក៏ហាក់ខុសគ្នាគួរសមផងដែរ ដោយខ្លះថ្លៃជាង ហើយខ្លះថោកជាង។
លោក រតនា សោភ័ណ ប្រធានផលិតផលទូរសព្ទដៃ Samsung កម្ពុជា បានឆ្លើយតបនឹងរឿងនេះ ក្នុងកម្មវិធីសម្ពោធ S9/S9+ នៅថ្ងៃ ៣ មីនា ថា៖ "យើងមើលទៅតាមមតិអ្នកប្រើប្រាស់ គាត់អត់ចង់បាន 64GB ទេ ណាមួយយើងចង់ឲ្យអ្នកប្រើប្រាស់ មានអារម្មណ៍ថា មានស៊ីម២ មេម៉ូរីក៏ធំស្រាប់ ដោយមិនចាំបាច់ទិញមេម៉ូរីក្រៅថែម"។
លោក រតនា សោភ័ណ បានបញ្ជាក់ថា៖ "នៅខ្មែរអាចនឹងថោកជាងប្រទេសជាច្រើននៅអាស៊ីយើង ហើយអាចនឹងតំបន់អឺរ៉ុបខ្លះដែរ ចំពោះអ្នកដែលថា នៅយើងថ្លៃជាង អាចមកពីគាត់ច្រឡំនឹង 64GB ដោយសារនៅខ្មែរយើងអត់មានទំហំនឹងទេ ហើយពេលខ្លះជាតម្លៃខាង Operator អ៊ីចឹង យើងអត់អាចមកប្រៀបជាមួយនឹងប្រទេស Open Market បានទេ”។
Operator សំដៅទៅលើទូរសព្ទដែលភ្ជាប់ជាមួយគម្រោងស៊ីមហើយស្រេច ដែលតម្លៃអាចនឹងថោកជាងទិញពីក្រុមហ៊ុន ឬទិញពីប្រទេស Open Market ដោយខាងក្រុមហ៊ុនស៊ីម អាចនឹងដាក់តម្លៃទូរសព្ទថោកបន្តិច ដើម្បីឲ្យអតិថិជនប្រើប្រាស់ស៊ីមរបស់ខ្លួន ជាមួយនឹងលក្ខខណ្ឌផ្សេងៗទៀត ដូចជាការបង់ប្រចាំខែជាដើម។ នេះបើតាមសំដីប្រធានផ្នែកទូរសព្ទដៃ Samsung នៅកម្ពុជា ខាងលើ។
ក្នុងកម្មវិធីសម្ពោធជាផ្លូវការ Smartphone ត្រកូល S សេរ៊ីចុងក្រោយ នៅសណ្ឋាគារ សុខានោះ ក៏មានការចូលរួមពីម្ចាស់ហាងលក់បន្តជាច្រើនអ្នក រួមទាំងឯកអគ្គរាជទូតសុច្ឆន្ទៈទាំង ២រូប គឺកញ្ញា ឱក សុគន្ធកញ្ញា និងកញ្ញា មាន សូនីតា ផងដែរ។
Galaxy S9/S9+ បង្ហាញខ្លួនជាមួយនឹងរូបរាងមិនខុសគ្នាប៉ុន្មាននឹង S8/S8+ ឡើយ តែបន្ថែមជាមួយនឹងមុខងារខ្លាំងៗមួយចំនួន ដូចជាកាមេរ៉ា ដែលអាចចាប់យករូបភាពយឺតបំផុតដល់ទៅ 960fps ថតពេលយប់បានល្អ ជាមួយ F1.5 ព្រមទាំងមាន AR Emoji និងចំណុចពិសេសជាច្រើនទៀត៕