វីរបុរសរបស់ Man Utd ផ្ដាំ​ទៅ​កីឡាករ​បាល់ទាត់​អាជីព​កម្ពុជា​ រឿង​គោរព​វិន័យ​

  • 2018-03-10 06:12:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក Ryan Giggs នៅ​ថ្ងៃទី​១០ មីនា​នេះ បាន​ផ្ដាំ​ទៅ​យុវជន ​ក៏​ដូចជា​កីឡាករ​បាល់ទាត់​កម្ពុជា​ទាំង​អស់​ ៣​ចំណុច ​ប្រសិន​បើ​ពួកគេ​ចង់​ក្លាយ​ជា​កីឡាករ​អាជីព ​ប្រកប​ដោយ​គុណ​តម្លៃ​ខ្ពស់។ ក្នុង​នោះ​ លោក​ក៏បាន​លើក​ពី​ការ​គោរព​វិន័យ​ផងដែរ។

ក្នុង​សន្និសីទ​សារព័ត៌មាន​កាលពី​ព្រឹកមិញ Giggs បាន​ថ្លែង​ថា ការ​គោរព​វិន័យ គឺ​ជា​រឿង​ចាំ​បាច់​បំផុត​សម្រាប់​បុគ្គល​គ្រប់​រូប ​មិនមែន​មាន​តែ​សម្រាប់​កីឡាករ​នោះ​ទេ។ ប្រសិន​បើ​ពួកគេ​មិន​គោរព​វិន័យ​ទេ ​នោះ​ទោះ​ជា​ខ្លាំង​ប៉ុណ្ណា​ក៏​ដោយ ក៏​មិន​ជោគជ័យ​ដែរ។

ចំណែក ២​ចំណុច​ទៀត លោក​បាន​លើកឡើង​ពី​ការ​ប្រឹងប្រែង​ហ្វឹកហាត់ និង​ការ​ស្រឡាញ់​អាជីព។ ចំពោះ​ចំណុច​នេះ​លោក​ថា ការ​ប្រឹងប្រែង​ហ្វឹកហាត់​នោះ គឺ​លោក​ចង់​និយាយ​ថា​ គ្រប់​កីឡាករ​ទាំង​អស់​មិន​មែន ​ចេះ​ដោយ​ខ្លួន​ឯង ពូកែ​ដោយ​ខ្លួន​ឯង​នោះ​ទេ។ កីឡាករ​សុទ្ធ​តែ​មាន​ការ​ប្រឹងប្រែង​ខ្លាំង ​ដើម្បី​ឲ្យសមត្ថភាព​កាន់​តែ​កើត​ឡើង និង​ទទួល​បាន​ជោគជ័យ។ រីឯ​ការ​ស្រឡាញ់​អាជីព ​លោក​បញ្ជាក់​ថា វា​នឹង​ធ្វើ​ឲ្យ​កីឡាករ​ទាំង​អស់​មាន​អារម្មណ៍​មិន​ចេះ​ហត់ មិន​ចេះ​នឿយ​ឡើយ​សម្រាប់​ការ​លេង​បាល់ទាត់​នេះ។

សូម​បញ្ជាក់​ថា Ryan Giggs ​មក​កម្ពុជា​រយៈ​ពេល​២​ថ្ងៃ ដើម្បី​ចូលរួម​កម្មវិធី Tiger Street Football Festival 2018 ​និង​បាន​ចូលរួម​ចែក​រំលែក​បទ​ពិសោធ​របស់​ខ្លួន​ក្នុង​វិស័យ​បាល់ទាត់​ផង​ដែរ៕

អត្ថបទ៖ មុន្នីរម្យ

អត្ថបទថ្មី
;