លោក ម៉ម សូណង់ដូ ត្រូវ​បាន​ជ្រើសរើស​ឲ្យធ្វើ​ជា​ប្រធាន​គណបក្ស​សំបុក​ឃ្មុំ​ម្តងទៀត

  • 2018-03-11 03:57:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក ម៉ម សូណង់ដូ ត្រូវ​បាន​សមាជ​វិសាមញ្ញ​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជា​ធិប​តេយ្យ នៅ​ព្រឹក​ថ្ងៃទី​១១ ខែ​មីនា ឆ្នាំ​២០១៨​នេះ បោះឆ្នោត​ឲ្យ​ធ្វើ​ជា​ប្រធាន​គណបក្ស​ម្តងទៀត។ សមាជ​វិសាមញ្ញ​នេះ ធ្វើ​នៅ​ភូមិ​ទួលត្នោត ឃុំ​គគីរ ស្រុក​គៀនស្វាយ ខេត្ត​កណ្តាល ដោយមាន​សមាជិក​មកពី​តាម​បណ្តា​ខេត្ត​​ចូលរួម​ប្រមាណ​ជាង ៣០០នាក់។

លោក ម៉ម សូណង់ដូ
សូម​រម្លឹក​ថា លោក ម៉ម សូណង់ដូ បាន​លាលែង​ពី​ប្រធាន​គណបក្ស​នេះ កាលពី​ថ្ងៃទី​០៤ ខែ​កញ្ញា ឆ្នាំ​២០១៧ ក្រោយ​ទទួល​លទ្ធផល​មិនល្អ​ក្នុងការ​បោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់ កាលពីខែ​មិថុនា ឆ្នាំ​២០១៧។ ប៉ុន្តែ​កាលពី​ពេល​ថ្មីៗ​នេះ លោក​បាន​សម្រេច​ចិត្ត​វិល​មក​ចូល​ប្រឡូក​ក្នុង​ឆាក​នយោបាយ​វិញ ដើម្បី​ដឹកនាំ​គណបក្ស​នេះ ចូលរួម​ក្នុងការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ អាណត្តិ​ទី៦ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃទី​២៩ ខែ​កក្កដា ឆ្នាំ​២០១៨ ខាងមុខ​នេះ។

លោក​ ម៉ម សូណង់ដូ ធ្លាប់បាន​លើកឡើង​ថា ការ​វិលចូល​ក្នុង​ឆាក​នយោបាយ​វិញ​នេះ គឺ​បន្ទាប់ពី​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវបាន​រំលាយ​កាលពី​ខែ​វិច្ឆិកា ឆ្នាំ​២០១៧ ហើយ​មាន​គណបក្ស​ខ្លះ​ទៀត ចង់​មក​រួមរស់​ជាមួយ​គណបក្ស​សំបុក​ឃ្មុំ។

សមាជ​នេះ ក៏បាន​បោះឆ្នោត​ជ្រើសរើស​អនុ​ប្រធាន​គណបក្ស​២រូប គឺ​លោក ផាត់ ស៊ីកាន ទទួល​បន្ទុក​ការងារ​ចុះ​មូលដ្ឋាន និង​លោក ហ៊ាង គឹមស្រឿន (អតីត​អនុ​ប្រធាន​ទី១ គណបក្ស​មហា​សាមគ្គីជាតិ​ខ្មែរ) ទទួល​បន្ទុក​ការងារ​នយោបាយ និង​រដ្ឋបាល។ ចំណែក​តំណែង​អគ្គ​លេខា​ធិការ​គណបក្ស បាន​ទៅលើ​លោក ឡាយ ណារិន។ ឯ​លោកស្រី ហួន ផាន់ណារី ត្រូវ​បាន​ជ្រើសរើស​ឲ្យធ្វើ​ជា​អគ្គនាយក​ទំនាក់ទំនង​សាធារណៈ៕

លោក ផាត់ ស៊ីកាន
លោក ហ៊ាង គឹមស្រឿន
លោកស្រី ហួន ផាន់ណារី

អត្ថបទ៖ សោភា

អត្ថបទថ្មី
;