ធី សុវណ្ណថា សង្ឃឹមឈ្នះពានណាមួយពីការប្រកួតសម្រស់នៅកូរ៉េ
- 2018-03-11 04:30:48
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ធី សុវណ្ណថា សង្ឃឹមឈ្នះពានណាមួយពីការប្រកួតសម្រស់នៅកូរ៉េ
ចន្លោះមិនឃើញ
កញ្ញា ធី សុវណ្ណថា រួមជាមួយបេក្ខនារីកម្ពុជា១៤រូបផ្សេងទៀតនឹងត្រូវចេញទៅចូលរួមប្រកួតសម្រស់កម្មវិធីមួយឈ្មោះថា Queen Of The Spa នៅប្រទេសកូរ៉េខាងត្បូងនាខែមេសាខាងមុខនេះ។ នាងបានបង្ហាញជំនឿថា អាចជាខ្លួននាងឬសមាជិកក្នុងក្រុមរបស់នាងផ្សេងទៀត នឹងអាច ដណ្ដើមពានណាមួយពីការប្រកួតនេះជាក់ជាមិនខាន។
ការប្រកួតកម្មវិធីខាងលើគ្រោងធ្វើឡើងថ្ងៃទី៩ ដល់ ថ្ងៃទី១៣ ខែ មេសា ឆ្នាំ ២០១៨ខាងមុខនេះ ដោយមានប្រទេស៥ចូលរួម ដូចជា ចិន តៃវ៉ាន់ វៀតណាម កម្ពុជា និង កូរ៉េខាងត្បូង។ កម្ពុជា ជាប្រទេសចូលរួមលើកដំបូង ហើយបាននាំបេក្ខនារីចំនួន១៥រូបទៅចូលរួមការប្រកួតនេះ។
កញ្ញា ធី សុវណ្ណថា បានឲ្យដឹងថា នាងក៏ដូចជាបេក្ខនារីផ្សេងទៀតបាននឹងកំពុងហ្វឹកហាត់លើទម្រង់សិល្បៈមួយចំនួនដើម្បីចូលរួមការប្រកួតនេះ ដូចជាការដើរម៉ូដ និងការស្វែងយល់ពីវប្បធម៌ជាដើម។ ជាមួយគ្នានោះ នាងក៏បានសិក្សាពីចំណុចខ្លាំងនិងចំណុចខ្សោយពីសិល្បៈរៀមច្បងដែលធ្លាប់ទៅ ចូលរួមការប្រកួតជាលក្ខណៈអន្តរជាតិមួយនេះផងដែរ។
លក្ខខណ្ឌនៃកម្មវិធីប្រកួតខាងលើ បេក្ខនារីចូលរួម មិនសំដៅទៅលើ កញ្ញា ឬ អ្នកដែលមានស្វាមីរួចហើយនោះទេ ប៉ុន្តែត្រូវមានអាយុចាប់ពី១៨ឆ្នាំ រហូតដល់៣៥ឆ្នាំ។ បេក្ខនារី មិនត្រឹមតែត្រូវមានរូបសម្រស់ស្អាតប៉ុណ្ណោះទេ ប៉ុន្តែក៏ត្រូវមានកិរិយាមារយាទល្អផងដែរ។
រង្វាន់ជើងឯក ទទួលបានទឹកប្រាក់សុទ្ធ ៦ម៉ឺនដុល្លារ បូកនឹងមកុដពេជ្រមានតម្លៃជាង៣ម៉ឺនដុល្លារ។ លេខទី២ ទទួលបានទឹកប្រាក់៣ម៉ឺនដុល្លារ លេខ៣ទទួលបាន ១៥០០០ ដុល្លារ និងលេខ៤ ទទួលបាន៥ពាន់ដុល្លារ។
កញ្ញា ធី សុវណ្ណថា បានបង្ហាញជំនឿថា អាចខ្លួននាងឬ សមាជិកក្នុងក្រុមរបស់នាងផ្សេងទៀត និងអាច ដណ្ដើមពានណាមួយពី ការប្រកួតនេះជាក់ជាមិនខាន ត្បិតអី ការប្រកួតនោះ ក្រៅពីពានដែលបានរៀបរាប់ខាងលើ គឺមានពានជាច្រើនផ្សេងទៀត ដូចជា ពានញញឹមស្រស់ ពានថតរូបស្អាត ជាដើម។
នាងអះអាងថា ប្រសិនបើនាងអាច ដណ្ដើមបានជើងឯកពីការប្រកួតខាងលើ ឬ ទទួលបានពានណាមួយពីការប្រកួតនោះ នាងនឹងយកថវិកាទាំងនោះ មកជួយអភិវឌ្ឍលើវិស័យសិល្បៈ ដូចជាផ្ដល់កញ្ចប់ថវិកាដល់សាលាបង្រៀនណាមួយដែលមានសកម្មភាពបង្រៀនក៏ដូចជា អភិរក្សវប្បធម៌សិល្បៈជាដើម។
កញ្ញា ធី សុវណ្ណថា បានឲ្យដឹងបន្ថែមទៀតថា ជាមួយការងាកមកចាប់អាជីពសិល្បៈមួយរយៈនេះ ក្រៅពីមានឱកាសបានចូលរួមប្រកួតកម្មវិធីខាងលើ កញ្ញា ប្រាប់ថា បច្ចុប្បន្នខ្លួនមានទីផ្សារបណ្ដើរហើយ ក្នុងនោះនាងបានចុះកុងត្រា ជាមួយក្រុមហ៊ុនមួយចំនួន ដូចជា ការថតផ្សាយពាណិជ្ជកម្មលើ គ្លីនិកកែសម្ផស្ស ការថតផ្សាយពាណិជ្ជកម្ម លើផលិតផលសម្លៀកបំពាក់ជាដើម៕