អគារ ABA ចាស់-ថ្មី រចនាបញ្ចូលគ្នា ផុសឡើងចំចំណុចបេះដូងរាជធានីភ្នំពេញ
- 2018-03-14 09:05:08
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អគារ ABA ចាស់-ថ្មី រចនាបញ្ចូលគ្នា ផុសឡើងចំចំណុចបេះដូងរាជធានីភ្នំពេញ
ចន្លោះមិនឃើញ
អគារការិយាល័យកណ្ដាលដែលត្រូវបានជួសជុល និងតុបតែងលម្អដ៏ថ្មីសន្លាង រួមជាមួយ អគារសេវាអតិថិជនប្រចាំការិយាល័យកណ្ដាលរបស់ធនាគារ ABA បានកែមុខមាត់ថ្មី ដើម្បីបន្ថែមសោភណភាពតាមបែបផែនទីក្រុងដ៏ទំនើបស៊ីវិល័យ ដោយមានកន្លែងធំទូលាយ សម្រាប់ប្រជុំ ពិភាក្សាការងារ ក៏ដូចជាសកម្មភាពកម្សាន្តនានា ដើម្បីប្ដូរបរិយាកាសរបស់បុគ្គលិក។
ការបើកអគារសេវាអតិថិជនប្រចាំការិយាល័យកណ្ដាល នៅចំណុចស្តុបមហាវិថីព្រះសីហនុ កែងផ្លូវ ៦៣ នេះ គឺធ្វើឡើងក្នុងគោលបំណងពង្រឹងគុណភាពសេវាអតិថិជនឲ្យប្រសើរឡើង ដើម្បីជាការឆ្លើយតបនឹងកំណើនអតិថិជនដែលបន្តកើនឡើងជាលំដាប់។ អគារសេវាអតិថិជន បានបន្ថែមម៉ោងប្រតិបត្តិការ ព្រមទាំងបើកដំណើរការ ៧ថ្ងៃក្នុងមួយសប្ដាហ៍ និងរយៈពេល ១២ម៉ោងក្នុងមួយថ្ងៃ ដែលនឹងផ្ដល់ភាពងាយស្រួលបន្ថែមទៀតដល់អតិថិជន។
លោក Askhat Azhikhanov នាយកប្រតិបត្តិធនាគារ ABA បានថ្លែងឲ្យដឹង ក្នុងថ្ងៃសម្ពោធបើកជាផ្លូវការនៃអគារការិយាល័យកណ្ដាល នាព្រឹកថ្ងៃទី១៤ មីនានេះថា៖ "ពិធីសម្ពោធបើកជាផ្លូវការ នៃអគារការិយាល័យកណ្ដាល ដែលត្រូវបានជួសជុល និងតុបតែងលម្អដ៏ថ្មីសន្លាង ជាមួយអគារសេវាអតិថិជនប្រចាំការិយាល័យកណ្ដាល ដែលស្ថិតនៅចំចំណុចបេះដូងនៃរាជធានីភ្នំពេញរបស់យើងនេះ ដើមឡើយបានចាប់ផ្ដើមយុគសម័យទំនើបរបស់ធនាគារ ABA កាលពីឆ្នាំ២០០៦ ដែលកាលណោះ វាជាការិយាល័យកណ្ដាលផង និងជាសាខាទីមួយរបស់ ABA ផង។ ដោយសារការរីកចម្រើនទៅមុខតាមពេលវេលា និងបំពេញតម្រូវការទីផ្សារបច្ចុប្បន្ន ក្រុមហ៊ុនសម្រេចនាំមកនូវអគារទំនើប និងថ្មីសន្លាងនេះ"។
នាយកប្រតិបត្តិធនាគារខាងលើ បានបញ្ជាក់ទៀតថា មកដល់បច្ចុប្បន្ននេះ ទ្រព្យសកម្មរបស់ធនាគារឡើងដល់ជាង ១,៨ប៊ីលានដុល្លារអាមេរិក។ បណ្ដាញសាខា ឥឡូវមាន ៥៥សាខា ជាមួយផែនការបន្ថែម ១១សាខាទៀតនៅដំណាច់ឆ្នាំនេះ។ មូលដ្ឋានអតិថិជន ឥឡូវនេះកើនឡើងដល់ ២៥ម៉ឺននាក់ ដែលក្នុងចំណោមនោះ មាន ១២ម៉ឺននាក់ កំពុងតែប្រើប្រាស់យ៉ាងសកម្មនូវកម្មវិធីទូរសព្ទដៃ (App) ដ៏ពេញនិយមរបស់ ABA។
ក្រៅពីនេះ ABA មានសេវាបើកគណនីអនឡាញតាមវិបសាយ សេវាបើកគណនីដល់កន្លែងអតិថិជន សេវាទូទាត់អនឡាញ PayWay សេវា ABA PAY ទូទាត់មិនប្រើសាច់ប្រាក់ ក្នុងកម្មវិធីទូរសព្ទ និងសេវាជាច្រើនទៀត៕