ក្រសួងមហាផ្ទៃ ដាក់ពាក្យបណ្ដឹង ប្តឹងលោកសម រង្ស៊ី ពីបទក្បត់ជាតិ
- 2018-03-15 13:16:28
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រសួងមហាផ្ទៃ ដាក់ពាក្យបណ្ដឹង ប្តឹងលោកសម រង្ស៊ី ពីបទក្បត់ជាតិ
ចន្លោះមិនឃើញ
ក្រសួងមហាផ្ទៃ តាមរយៈលោកឧត្តមសេនីយ៍ឯក អ៊ី សុខឃី ប្រធាននាយកដ្ឋានប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន បានដាក់ពាក្យបណ្តឹងទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីប្តឹងលោកសម រង្ស៊ី អតីតប្រធានគណបក្សសង្រ្គោះជាតិ ពីបទក្បត់ជាតិ ឃុបឃិតកាត់ទឹកដីឲ្យជនបរទេស។
ពាក្យបណ្តឹងនេះ បានធ្វើឡើង ក្រោយពីប៉ូលិសក្រសួងមហាផ្ទៃ បើកការស៊ើបអង្កេត និងសិក្សា សន្និដ្ឋាន វាយតម្លៃលើវីដេអូ និងកិច្ចព្រមព្រៀងរវាងលោកសម រង្ស៊ី និងឈ្មោះ កុក ស មេដឹកនាំចលនាជនជាតិភាគតិច ម៉ុងតាញ៉ា ដែលគេផ្សព្វផ្សាយតាមហ្វេសប៊ុកប៉ុន្មានថ្ងៃនេះ។
លោកឧត្តមសេនីយ៍ឯក អ៊ី សុខឃី សង្កត់ធ្ងន់ថា “វីដេអូសកម្មភាព និងទង្វើដែលចុះហត្ថលេខាប្រគល់ឲ្យរដ្ឋបរទេស ឬភ្នាក់ងារបរទេសនូវដែនដីរបស់ទណ្ឌិតសម រង្ស៊ី គឺជាអំពើក្បត់ជាតិ ពិតប្រាកដមែន”។
គួររំលឹកថា កាលពីថ្ងៃទី១៤ ខែមីនាម្សិលមិញ នៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ស្ពានកោះប៉ែន ស្ថិតនៅក្នុងភូមិកំពង់ត្រុំ ឃុំកោះមិត្ត ស្រុកកំពង់សៀម ខេត្តកំពង់ចាម សម្ដេច ហ៊ុន សែន បានបញ្ជាឲ្យរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ និងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សហការគ្នាស្រាវជ្រាវរឿងអ្នកសន្យាកាត់ដីចំនួន ៤ខេត្ត ឲ្យទៅបររទេស។
ចំណែកឯ លោក សម រង្ស៊ី ធ្លាប់បានបដិសេធតាមរយៈអ៊ីម៊ែលថា លោកមិនបានចុះហត្ថលេខាកាត់ដីឲ្យវៀតណាមឡើយ។ លោកបញ្ជាក់ថា ឯកសារដែលលោកចុះហត្ថលេខាជាមួយលោក កុក ស (Kok Ksor) មេដឹកនាំចលនាម៉ុងតាញ៉ា នៅឆ្នាំ២០១៣នោះ គឺមានខ្លឹមសារចង់ឲ្យមានការទទួលស្គាល់សិទ្ធិស្របច្បាប់របស់ជនជាតិភាគតិចម៉ុងតាញ៉ា ដែលរស់នៅខេត្តភាគឦសានប្រទេសកម្ពុជា ដូចជាខេត្តមណ្ឌលគិរី រតនគិរី ក្រចេះ និងស្ទឹងត្រែង៕