កម្ពុជា គ្រោង​បង្កើត​សាកល​វិទ្យាល័យ​សម្រាប់​បណ្តុះ​បណ្តាល​ជំនាញ​វិស័យ​កីឡា

  • 2018-03-22 00:43:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សាកលវិទ្យាល័យ សម្រាប់​បណ្តុះ​បណ្តាល​ជំនាញ​វិស័យ​កីឡា នឹង​ត្រូវ​បង្កើត​ឡើង​ ស្រប​ពេល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​កីឡា ស៊ីហ្គេម​នៅ​ឆ្នាំ២០២៣ ខាង​មុខ​។ នេះ​ជា​ការ​ចុះផ្សាយ​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​កម្ពុជា កាលពីថ្ងៃ​ទី​២១ ខែ​មីនា ឆ្នាំ​២០១៨។

មណ្ឌលកីឡាហែលទឹក នៃពហុកីឡដ្ឋានមរតកតេជោ
លោក​ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា ​បាន​មាន​ប្រសាសន៍​ក្នុង​កិច្ច​ពិភាក្សា​សន្និ​បាត​អប់រំ យុវជន និង​កីឡា​កាលពីថ្ងៃ​ទី​២១​មីនា​ថា ការ​បង្កើត​ឲ្យ​មាន​ការ​បណ្តុះ​បណ្តាល​ជំនាញ​វិស័យ​កីឡា​ដល់​កម្រិត​ខ្ពស់​នេះ នឹង​ជួយ​ឲ្យ​វិស័យ​កីឡា​របស់​កម្ពុជា​មាន​ភាព​ប្រសើរ​ឡើង ព្រមទាំង​អាច​ឈាន​ទៅ ប្រកួត​ក្នុង​ព្រឹត្តិការណ៍​កីឡា ក្នុង​តំបន់ និង​ពិភពលោក​ផង​ដែរ។

លោក​រដ្ឋមន្ត្រី​បាន​បន្ត​ថា កម្ពុជា​ត្រូវ​ការ​ធនធាន​មនុស្ស និង​គ្រូ​បង្វឹក​កីឡា ដែល​មាន​ចំណេះដឹង និង​ជំនាញ​កីឡា​ប្រភេទ ផ្សេងៗ​ច្បាស់​លាស់ ដើម្បី​ជួយ​បង្ហាត់​បង្រៀន​យុវជន​ឲ្យ​មាន​សមត្ថភាព​ក្នុង​ការ ដណ្តើម​មេដាយ​លើ​ឆាក​អន្តរជាតិ ពិសេស​នៅ​ក្នុង​កីឡា​ស៊ីហ្គេម លើក​ទី៣២។

គំរូកីឡដ្ឋានមរតកតេជោ សម្រាប់កីឡាស៊ីហ្គេម ឆ្នាំ២០២៣

សូម​បញ្ជាក់​ថា រាជរដ្ឋាភិបាល​កម្ពុជា បាន​ដាក់​ឲ្យ​មាន​ព្រឹត្តិការណ៍​កីឡា​ជាតិ​ប្រចាំ​ឆ្នាំ ចាប់ពី​ឆ្នាំ​២០១៥​មក ដើម្បី​បង្ហាញ​ឲ្យ​ឃើញ​ពី​សមត្ថភាព​របស់​កូន​ខ្មែរ ដែល​មាន​ជំនឿ​ទុក​ចិត្ត​ទៅ លើ​វិស័យ​កីឡា​ដោយ​នាំ​មក​កិត្តិយស​របស់​ប្រទេស​ជាតិ​នៅ​លើ​ឆាក​អន្តរជាតិ ខណៈ​ដែល​ធនធាន​កីឡាករ និង​ប្រភេទ​កីឡា ដែល​មាន​សក្ដានុពល​របស់​កម្ពុជា មាន​តិចតួច​នៅឡើយ៕

អត្ថបទ៖ លាភ.

អត្ថបទថ្មី
;