ស្លាប់និងរបួស ៤០នាក់ ដោយសារភ្លើងឆេះខុនដូ១នៅក្រុងហូជីមិញ
- 2018-03-23 03:44:24
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្លាប់និងរបួស ៤០នាក់ ដោយសារភ្លើងឆេះខុនដូ១នៅក្រុងហូជីមិញ
ចន្លោះមិនឃើញ
អគ្គិភ័យ១ បានកើតឡើងនៅខុនដូរ១កន្លែង ក្នុងក្រុងហូជីមិញ ប្រទេសវៀតណាម នាព្រឹកទាបភ្លឺថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៨ បណ្តាលឲ្យមនុស្សយ៉ាងហោច ១៣នាក់បានស្លាប់ និងរបួស ២៧នាក់ និងច្រើននាក់ទៀតបានជាប់ខ្លួនក្នុងអគារ។
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកវៀតណាម ឲ្យដឹងថា ភាគច្រើននៃអ្នកស្លាប់គឺដោយសារឈ្លក់ផ្សែង និងលោតចេញពីអគារដែលរងការឆាបឆេះនោះ។ បើតាមអ្នករស់រានមានជីវិតពីគ្រោះហន្តរាយនេះ អះអាងថា ប្រព័ន្ធប្រកាសអាសន្ននៅក្នុងអគារ មិនបានរោទិ៍ឡើយ ពេលដែលភ្លើងចាប់ផ្តើមឆេះ។
អ្នកពន្លត់អគ្គិភ័យជាង ២០០នាក់ បានប្រើពេលជាង ១ម៉ោង ទើបអាចគ្រប់គ្រងស្ថានការណ៍បាន។ អាជ្ញាធរ និងនាយកដ្ឋានទប់ស្កាត់អគ្គិភ័យក្រុងហូជីមិញ កំពុងពិនិត្យស្វែងរកជនរងគ្រោះ ការខូចខាតអគារ និងមូលហេតុដែលបណ្តាលឲ្យកើតមានអគ្គិភ័យនេះហើយ។
សូមរម្លឹកថា កាលពីឆ្នាំ២០០២ មានករណីឆេះអគារមជ្ឈមណ្ឌលពាណិជ្ជកម្ម១ នៅក្រុងហូជីមិញផងដែរ ដោយបានសម្លាប់មនុស្សរហូតដល់ ៦០នាក់៕