ផ្លូវវង់ធំក្នុងតំបន់ឧទ្យានអង្គរ កំពុងត្រូវបានជួសជុលឡើងវិញ
- 2018-03-28 07:24:42
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ផ្លូវវង់ធំក្នុងតំបន់ឧទ្យានអង្គរ កំពុងត្រូវបានជួសជុលឡើងវិញ
ចន្លោះមិនឃើញ
កំណាត់ផ្លូវក្រាលកៅស៊ូនៅវង់ធំក្នុងតំបន់ឧទ្យានអង្គរ ចាប់ពីក្លោទ្វារដីឆ្នាំង រហូតដល់ទ្វារទឹកប្រាសាទព្រះខ័ន កំពុងត្រូវបានជួសជុលកែលម្អឡើងវិញទាំងស្រុងតាមបច្ចេកទេសដោយអាជ្ញាធរជាតិអប្សរា ទទួលបន្ទុកដោយនាយកដ្ឋានទ្រទ្រង់បច្ចេកទេសនិងគម្រោងអន្តរវិស័យ។ នេះបើតាមការចេញផ្សាយរបស់អាជ្ញាធរជាតិអប្សរាកាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៨។
គម្រោងជួសជុលផ្លូវវង់ធំនេះបានសិក្សាបច្ចេកទេសចាប់តាំងពីឆ្នាំ២០១៦ ហើយកន្លងមកក្រុមអ្នកជំនាញការលើផ្នែកអភិរក្សបុរាណវិទ្យានៃគណៈកម្មការអាយស៊ីស៊ី-អង្គរ បានចុះពិនិត្យ និងផ្តល់យោបល់នៅនឹងកន្លែង ព្រមទាំងផ្តល់ការអនុម័តឲ្យធ្វើការជួសជុលក្នុងកិច្ចប្រជុំអាយស៊ីស៊ី-អង្គរ កាលពីខែធ្នូ ឆ្នាំ២០១៧។
សូមជម្រាបថា កំណាត់ផ្លូវក្រាលកៅស៊ូនៅវង់ធំ គឺមានប្រវែងជាង២០គីឡូម៉ែត្រ ជាផ្នែកមួយដ៏សំខាន់សម្រាប់ការធ្វើដំណើររបស់អ្នកស្រុកផង និងបម្រើឱ្យវិស័យទេសចរណ៍ផង ប៉ុន្តែផ្លូវនេះបានរងនូវការខូចខាតដោយអន្លើរៗ។
លោក ហេង គឹមឡេង ប្រធាននាយកដ្ឋានទ្រទ្រង់បច្ចេកទេសនិងគម្រោងអន្តរវិស័យនៃអគ្គនាយកដ្ឋានអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ក្រុមការងារបានអនុវត្តការងារចាប់ពីខែមីនា ឆ្នាំ២០១៨នេះ ហើយនិងបញ្ចប់ក្នុងរយៈពេល៤ខែ។ រីឯការជួសជុលកែលម្អផ្លូវវង់ធំវិញ ក៏មិនបានធ្វើឡើងទាំង ២០គីឡូម៉ែត្រតែម្តងនោះទេ ព្រោះធ្វើទៅតាមលទ្ធភាពថវិកាប្រចាំឆ្នាំ។ ជាក់ស្តែងគម្រោងមូលនិធិឆ្នាំ២០១៧ អាចធ្វើបានប្រវែងជាង ៤ពាន់ម៉ែត្រ និងសម្រាប់ឆ្នាំ២០១៨ អាចជួសជុលបន្ថែមបានប្រវែង ៥ពាន់ម៉ែត្រទៀត។
លោកបន្តទៀតថា ដំបូងឡើយ ការជួសជុលគ្រោងពង្រីកទទឹងរហូតដល់ ៩ម៉ែត្រ គឺ៦ម៉ែត្រសម្រាប់យានយន្តធ្វើចរាចរណ៍និង១ម៉ែត្រសងខាងសម្រាប់អ្នកជិះកង់ ប៉ុន្តែក្រោយការសិក្សាឃើញថា មិនសូវមានអ្នកជិះកង់ច្រើន ទើបសម្រេចពង្រីកទទឹងផ្លូវត្រឹម ៦ម៉ែត្រ លើទទឹងផ្លូវចាស់៥ម៉ែត្រ សម្រាប់ប្រើប្រាស់រួម រវាងអ្នកជិះកង់និងយានយន្ត។
ក្រៅពីការកែលម្អផ្លូវនេះ ក្រុមការងារក៏បានកែសម្រួលប្រព័ន្ធរំដោះទឹកអមសងខាងផ្លូវដោយប្រើបច្ចេកទេសបើកមុខលូជារាងត្រីកោណដើម្បីឱ្យទឹកជ្រាបចូលក្នុងដីបានលឿន និងបង្ការការបាក់ស្រុតដីលុបប្រព័ន្ធបង្ហូរទឹកផងដែរ។
ពាក់ព័ន្ធនឹងការជួសជុលផ្លូវនេះដែរ អាជ្ញាធរ បានអំពាវនាវឲ្យអ្នកធ្វើដំណើរឆ្លងកាត់ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ បង្ការកុំឱ្យមានគ្រោះថ្នាក់ជាយថាហេតុ និងត្រូវពាក់ម៉ាស មួក ឬកន្សែងការពារធូលីដីហុយពេលធ្វើដំណើរដោយកង់ឬម៉ូតូ៕