ក្រុមតារា K-pop របស់កូរ៉េខាងត្បូង ចេញទៅបង្កភាពភ្ញាក់ផ្អើលនៅកូរ៉េខាងជើង
- 2018-03-31 08:34:35
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រុមតារា K-pop របស់កូរ៉េខាងត្បូង ចេញទៅបង្កភាពភ្ញាក់ផ្អើលនៅកូរ៉េខាងជើង
ចន្លោះមិនឃើញ
ក្រុមតារា K-pop ចំនួន ១២០នាក់ រួមទាំងក្រុមចម្រៀងស្រីដ៏ល្បីរបស់កូរ៉េខាងត្បូង Red Velvet នៅថ្ងៃទី៣១ ខែមីនានេះ បានចាកចេញពីព្រលានយន្តហោះទីក្រុងសេអ៊ូល ទៅកាន់ទីក្រុងព្យុងយ៉ាង ដើម្បីធ្វើការសម្ដែងពីរនៅទីនោះ។
រដ្ឋមន្ត្រីវប្បធម៌កូរ៉េខាងត្បូង លោក Do Jong-hwan បានថ្លែងថា ការសម្ដែងនៅក្រុងព្យុងយ៉ាង ជាការជំរុញសម្រាប់ការផ្លាស់ប្ដូរវប្បធម៌ទៅវិញទៅមករវាងកូរ៉េទាំងពីរ និងកិច្ចសហប្រតិបត្តិការ ដែលបានកើតមានជាថ្មីកាលពីខែកុម្ភៈ។
ការសម្ដែងដដែល ត្រូវធ្វើឡើងក្រោមប្រធានបទ "រដូវស្លឹកផ្ការីក ខិតជិតមកដល់ហើយ"។ ក្នុងនោះ គេនឹងរៀបចំការប្រគំតន្ត្រី ដាច់ដោយឡែករបស់ក្រុម K-pop កូរ៉េខាងត្បូង នៅថ្ងៃអាទិត្យ ស្អែកនេះ មុនការសម្ដែងរួមគ្នារវាងប្រទេសទាំងពីរ នៅថ្ងៃអង្គារ។ ការសម្ដែង នៅថ្ងៃទីមួយ នឹងត្រូវថតជាកម្មវិធីទូរទស្សន៍រួមមួយ ដោយត្រូវចងក្រងទុកជាឯកសាររវាងប្រទេសទាំងពីរ។
គូសបញ្ជាក់ថា កាលពីថ្ងៃសុក្រ ម្សិលមិញ កូរ៉េទាំងពីរបានព្រមព្រៀងលើកាលបរិច្ឆេទនៃកិច្ចប្រជុំកំពូលមួយនៅខែក្រោយ ដែលមិនធ្លាប់កើតមានជាង១១ឆ្នាំមកហើយ។ កិច្ចប្រជុំនេះ ត្រូវធ្វើឡើងនៅភូមិ Panmunjom នៃព្រំប្រទល់ប្រទេសទាំងពីរ ដែលមានការរឹតបណ្ដឹងសន្តិសុខយ៉ាងតឹងរ៉ឹង៕