នៅព្រឹកថ្ងៃទី ៣ ខែមេសា ឆ្នាំ ២០១៨នេះ សារព័ត៌មានធំៗក្នុងស្រុកមួយចំនួន សុទ្ធតែផ្តោតចំណាប់អារម្មណ៍របស់ខ្លួន ទៅលើរឿងក្តីឃាតកម្មមួយនៅឯខេត្តតាកែវ ហើយដែលជាប់ពាក់ព័ន្ធនឹងអតីតអភិបាលខេត្តនេះ។
- នៅលើទំព័រមុខរបស់ខ្លួន កោះសន្តិភាព បានឡើងចំណងជើងធំៗថា៖ "រឿងក្តីប្រល័យស្រីកំណាន់ អតីតអភិបាលខេត្តតាកែវ ត្រូវបានចោទប្រកាន់ និងនាំខ្លួនឡើងតុលាការ"។ កាសែតនេះ រាយការណ៍ថា លោក ឡាយ វណ្ណៈ អតីតអភិបាលខេត្តតាកែវ ត្រូវបានសមត្ថកិច្ចបញ្ជូនឡើងតុលាការនៅរសៀលថ្ងៃម្សិលមិញ ក្នុងសំណុំរឿងសម្លាប់អ្នកស្រី ចេវ សុវឌ្ឍនា ដែលជាស្ត្រីម៉េម៉ាយរូបស្រស់។
អតីតអភិបាលខេត្តរូបនេះ ត្រូវបានឃាត់ខ្លួនទៅតាមដីការបញ្ជារបស់ព្រះរាជអាជ្ញារង នៅថ្ងៃទី ១ខែមេសា នៅឯខេត្តតាកែវ ក្រោយរងការចោទប្រកាន់ថាមានជាប់ពាក់ព័ន្ធនឹងមរណភាពរបស់អ្នកស្រី ចេវ សុវឌ្ឍនា។ តែលោក ឡាយ វណ្ណៈ បានបដិសេធថា លោកមិនមែនជាឃាតករនោះទេ។
- ជុំវិញរឿងនេះដែរ កាសែត Khmer Times ដែលចេញផ្សាយជាភាសាអង់គ្លេស បានគ្របដណ្តប់ស្ទើរពេញមួយទំព័រមុខរបស់ខ្លួននូវរូបថត និងចំណងជើងរឿងថា "ជាអំពើឃាតកម្ម មិនមែនជាអំពើអត្តឃាតកម្មនោះទេ ។ ប៉ូលិសនិយាយថា ស្ត្រីកំណាន់របស់អតីតអភិបាលខេត្តត្រូវគេសម្លាប់"។
ដោយដកស្រង់សម្តីរបស់អ្នកនាំពាក្យក្រសួងមហាផ្ទៃ កាសែតសរសេរថា បន្ទាប់ពីត្រូវបានសួរចម្លើយដោយក្រសួង អ្នកបើកឡានឱ្យលោក ឡាយ វណ្ណៈ បានអះអាងថា អតីតអភិបាលខេត្តតាកែវរូបនេះ បានសម្លាប់អ្នកស្រី ចេវ សុវឌ្ឍនា ហើយបានឱ្យគាត់ [អ្នកបើកឡាន] រៀបចំរឿងនេះឱ្យក្លាយជារឿងធ្វើអត្តឃាតវិញ។ អ្នកបើកឡានរូបនេះ ស្ថិតក្នុងចំណោមមនុស្ស៥នាក់ផ្សេងទៀត ដែលត្រូវបានសួរចម្លើយដោយព្រះរាជអាជ្ញា។
ភរិយារបស់លោក ឡាយ វណ្ណៈ គឺអ្នកស្រី ស៊ូ សុជាតា ដែលជាព្រះរាជអាជ្ញារងខេត្តកណ្តាល និង លោក ស៊ូ ភារិន្ទ រដ្ឋលេខាធិការនៃទីស្តីការគណៈរដ្ឋមន្ត្រី និងជាឪពុកក្មេកលោកលោក ឡាយ វណ្ណៈ បានបដិសេធមិនធ្វើអត្ថាធិប្បាយជុំវិញរឿងនេះទេ។
- កាសែតរស្មីកម្ពុជា ក៏ចាប់អារម្មណ៍នឹងរឿងនេះដែរ។ នៅលើទំព័រមុខរបស់ខ្លួន ដោយដាក់ចំណងជើងធំៗ រស្មីកម្ពុជាសរសេរថា៖ "ឃាតកម្មលើស្រីស្រស់ៈ អតីតអភិបាលខេត្តតាកែវ ត្រូវបាននាំខ្លួនមកតុលាការ"។ ដូចកាសែតខាងលើដែរ កាសែតនេះ និយាយពីការនាំខ្លួនលោក ឡាយ វណ្ណៈ និងអ្នកពាក់ព័ន្ធ៥នាក់ផ្សេងទៀត ទៅតុលាការ ដើម្បីសួរចម្លើយ។ បន្ទាប់ពីសាកសួរអស់ពេលជាច្រើនម៉ោង តុលាការនៅមិនទាន់ចោទប្រកាន់នៅឡើយទេ ។ ជនសង្ស័យទាំង៦នាក់ នឹងត្រូវនាំទៅសួរចម្លើយម្តងទៀតនៅថ្ងៃទី ៣មេសានេះ។
- កាសែតភ្នំពេញប៉ុស្តិ៍ឯណោះវិញ ក៏ចាប់អារម្មណ៍នឹងរឿងឃាតកម្មខាងលើនេះដែរ តែមិនមែនជារឿងសំខាន់នោះទេ។ រឿងដែលសំខាន់របស់ភ្នំពេញប៉ុស្តិ៍គឺរឿង ៖ ពលរដ្ឋតវ៉ាប្រឆាំងនឹងការរំលោភយកដីបឹង ដែលពួកគាត់អាស្រ័យផល។ កាសែតបានឱ្យដឹងថា ពលរដ្ឋជាង ៣០០នាក់ តំណាង៣៥០គ្រួសារ នៅក្រុងតាខ្មៅ បានតវ៉ាបិទទ្វារចូលសាលាខេត្តកណ្តាល ដើម្បីទាមទារឱ្យមានអន្តរាគមន៍ទៅលើក្រុមហ៊ុន ING។ ក្រុម ហ៊ុន ING Holding Co. LTD របស់លោកឧកញ៉ា អ៊ឹង ប៊ុនហូវ បានរងការចោទប្រកាន់ថា បានលួចធ្វើប័ណ្ណកម្មសិទ្ធិរំលោភយកដីបឹងជីភោ ដែលពលរដ្ឋអាស្រ័យផល តាំងពីឆ្នាំ ១៩៧៩ មកម៉្លេះ។ លោក ម៉ៅ ភិរុណ អភិបាលខេត្តកណ្តាល ថាលោកនឹងទទួលដោះស្រាយរឿងនេះ រហូតដល់ចប់។
- ផ្ទុយពីកាសែតទាំង ៤ខាងលើ កាសែតកម្ពុជាថ្មី នៅថ្ងៃនេះ បានចាប់អារម្មណ៍ចំពោះដំណើរយាងនិវត្តន៍របស់ព្រះមហាក្សត្រ និង សម្តេចយាយ។ នៅលើទំព័រមុខរបស់ខ្លួន កាសែតនេះឡើងចំណងជើងធំៗថា៖ "ព្រះករុណា ព្រះមហាក្សត្រ និង សម្តេចព្រះមហាក្សត្រី យាងនិវត្តិន៍ពីទីក្រុងប៉េកាំង មកដល់កម្ពុជា វិញ"។ កាសែតរាយការណ៍ថា ហ្លួងនិងសម្តេចយាយ បានយាងមកដល់កម្ពុជា កាលពីល្ងាចម្សិលមិញ បន្ទាប់ពីបានយាងទៅពិនិត្យព្យាបាល ព្រះរាជសុខភាពនៅប្រទេសចិន កាលពីថ្ងៃទី ២២កុម្ភៈ ឆ្នាំ ២០១៨។
ក្រៅពីប្រធានរឿងចម្បងៗខាងលើ កាសែតទាំង៥ ក៏បានចាប់អារម្មណ៍ផងដែរនឹងរឿងផ្សេងៗទៀតដូចជា៖
ពលរដ្ឋកម្ពុជារងគ្រោះពីក្រុមហ៊ុនចម្ការអំពៅថៃដាក់ពាក្យប្តឹងទៅតុលាការថៃ (ភ្នំពេញប៉ុស្តិ៍)
នាយករដ្ឋមន្ត្រីនៃប្រទេសចំនួន៤ នឹងចូលរួមកិច្ចប្រជុំកំពូលគណៈកម្មការទន្លេមេគង្គ នៅសៀមរាប (កម្ពុជាថ្មី)
កូរ៉េខាងត្បូង ប្រកាសពីការគោរពអធិបតេយ្យភាព និងមិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជា (កម្ពុជាថ្មី)
វិនិយោគិនអចលនទ្រព្យ៖ តំបន់បឹងកេងកង នឹងក្លាយជាតំបន់ដ៏មានសក្តានុពលខ្លាំងដូចនៅតំបន់ជីងអាន ទីក្រុងសៀងហៃប្រទេសចិន និងតំបន់តាអាននៃកោះតៃវ៉ាន់ (រស្មីកម្ពុជា)
ឈ្មួញឈើ-ឈ្មួញដីឃុបឃិតគ្នាឈូសឆាយ ក្បែរតំបន់ព្រៃឡង់ ទន្ទ្រានយកដីយ៉ាងរង្គាល (កោះសន្តិភាព) សាកល្បងខ្សែរថភ្លើងឆ្ពោះទៅព្រលានយន្តហោះ... (កោះសន្តិភាព)៕
ទំព័រមុខរបស់សារព័ត៌មានខ្មែរ នឹងមានផ្សាយជូនរៀងរាល់ព្រឹក ពីថ្ងៃចន្ទដល់ថ្ងៃសុក្រ
អត្ថបទ៖ ឃុត សុខឿន