ផ្លូវរថភ្លើង ប៉ោយប៉ែត-សិរីសោភ័ណ ត្រូវបានបើកឲ្យប្រើប្រាស់ជាបណ្តោះអាសន្ននៅព្រឹកនេះ
- 2018-04-04 02:11:44
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ផ្លូវរថភ្លើង ប៉ោយប៉ែត-សិរីសោភ័ណ ត្រូវបានបើកឲ្យប្រើប្រាស់ជាបណ្តោះអាសន្ននៅព្រឹកនេះ
ចន្លោះមិនឃើញ
ពិធីបើកឱ្យប្រើប្រាស់ជាបណ្តោះអាសន្នផ្លូវរថភ្លើង ប៉ោយប៉ែត-សិរីសោភ័ណ ក្នុងខេត្តបន្ទាយមានជ័យ ត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃ០៤ ខែមេសា ឆ្នាំ២០១៨ នៅស្ថានីយរថភ្លើងប៉ោយប៉ែត ជាប់ព្រំដែនថៃ។ ពិធីនេះ ធ្វើឡើងក្រោមអធិបតីភាពលោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន។
ក្រសួងសាធារណការ បានប្រកាសថា ខ្សែរថភ្លើងនេះ នឹងដឹកអ្នកដំណើរដោយឥតគិតថ្លៃ ចាប់ពីថ្ងៃទី០៤ ខែមេសា រហូតដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៨។ ម៉ោងចេញដំណើររួមមាន៖ ម៉ោង ០៧ព្រឹក ម៉ោង ១០ និង ៣០នាទី ម៉ោង២ និង ១៥ នាទីរសៀល និងចេញពីក្រុងសិរីសោភ័ណ ទៅក្រុងប៉ោយប៉ែត មានម៉ោង ៨ និង ៤០នាទីព្រឹក ម៉ោង ១២ និង៤៥នាទី និងម៉ោង ០៤ល្ងាច។
ផ្លូវដែកពីប៉ោយប៉ែត-សិរីសោភ័ណ ត្រូវបានផ្អាកដំណើរការអស់រយៈពេល ៤៥ឆ្នាំមកហើយ។ កំណាត់ផ្លូវដែកនេះ មានប្រវែងសរុប ៤៨គីឡូម៉ែត្រ ត្រូវឆ្លងកាត់ ៦ស្ថានីយ គឺប៉ោយប៉ែត- កូប- សូភី- សាលាសំរោង- ទឹកថ្លា-សិរីសោភ័ណ។
ជាមួយគ្នានោះ ក្រសួងសាធារណការ ក៏បានប្រកាសពីផែនការបន្ត គឺ៖
ខ្សែរថភ្លើង ពីសិរីសោភ័ណ-បាត់ដំបង គ្រោងនឹងបញ្ចប់ការស្តារ និងសាងសង់ នៅចុងខែមេសា ឆ្នាំ២០១៨។
បាត់ដំបង-ពោធិ៍សាត់ គ្រោងនឹងបញ្ចប់ការស្តារ និងសាងសង់ នៅចុងខែឧសភា ឆ្នាំ២០១៨។
ពោធិ៍សាត់-ភ្នំពេញ ( បាត់ដឹង ) គ្រោងនឹងបញ្ចប់នៅខែកក្កដា ឆ្នាំ២០១៨។
គ្រោងនឹងបើកដាក់ឱ្យប្រើប្រាស់សាកល្បងខ្សែរថភ្លើងភាគខាងជើង ភ្នំពេញ-ប៉ោយប៉ែត ដែលមានប្រវែងផ្លូវសរុប ៣៨៦គីឡូម៉ែត្រ នៅខែកក្កដា ឬយ៉ាងយូរនៅចុងឆ្នាំ២០១៨នេះ។
ជារួមផ្លូវដែក ភ្នំពេញ-ប៉ោយប៉ែត គ្រោងនឹងចំណាយថវិកាសរុបប្រមាណ ៨៥លានដុល្លារ ដែលជាថវិកាជាតិ៕