ប្អូនប្រុស​អតីត​គ្រូ​ជម្រើស​ជាតិ​កម្ពុជា ទទួល​បាន​តំណែង​មួយ​នៅ​ក្លឹប​ភ្នំពេញ​ក្រោន

  • 2018-04-05 06:45:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក Luis Fernando Andrade Vasconcellos Vitorino Da Silva ​ដែល​ត្រូវ​ជា​ប្អូន​ប្រុស​របស់​អតីត​គ្រូ​បង្វឹក​ជម្រើស​ជាតិ​កម្ពុជា Leonardo ​Vitorino ត្រូវ​បាន​ក្លឹប​ភ្នំពេញ​ក្រោន​តែងតាំង​ជា​គ្រូ​បង្វឹក​ក្រុម​យុវជន។ នេះ​ជា​ការ​ប្រកាស​ផ្លូវការ​របស់​ក្លឹប​ភ្នំពេញ​ក្រោន នៅ​រសៀល​ថ្ងៃទី​៥ ខែ​មេសា ​ឆ្នាំ២០១៨​នេះ។

លោក Luis Fernando Andrade Vasconcellos Vitorino Da Silva (រូបភាព៖ ភ្នំពេញក្រោន)
គ្រូ​បង្វឹក​ជនជាតិ​ប្រេស៊ីល​រូប​នេះ ធ្លាប់ជា​អតីត​គ្រូ​បង្វឹក​អ្នកចាំទី​ក្រុម​ជម្រើសជាតិ​កម្ពុជា​ កាលពី​ឆ្នាំ២០១៧​កន្លងទៅ ព្រម​ទាំង​ធ្លាប់​បំពេញ​ការងារ​នៅ​ក្លឹបបាល់ទាត់ Lanexang United របស់​ឡាវ​ពី​ឆ្នាំ២០១៦ – ២០១៧ ខណៈ​ដែល​ក្លឹប​នេះ​បាន​គ្រង​តំណែង​ជា​ជើងឯក​លីគ​កំពូល​ឡាវ​កាលពី​ឆ្នាំ២០១៦​។ លោក​ក៏​ធ្លាប់​បំពេញ​ការងារ​នៅ​តាម​បណ្តា​ក្លឹប​មួយ​ចំនួន​ទៀត​នៅ​ក្នុង​ប្រទេស​ប្រេស៊ីល​ ដូចជា Bonsucesso FC (ឆ្នាំ២០១៦), ក្លឹប Bangu AC (ពីឆ្នាំ២០១៤- ២០១៥) និងក្លឹប Goytacaz FC (ឆ្នាំ២០១៣)។

សូម​បញ្ជាក់​ថា ​បង​ប្រុស​របស់​គ្រូ​បង្វឹក​អ្នក​ចាំ​ទី​ខាង​លើ​នេះ ក្រោយ​ពី​ត្រូវ​បាន​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា​បញ្ចប់​កុងត្រា ​បច្ចុប្បន្ន​នេះ​លោក Leonardo ​ទទួល​បាន​​ការងារ​ជា​គ្រូ​សម្របសម្រួល​បច្ចេកទេស​​ក្នុង​ក្លឹប Ceará Sporting Club នៅ​ប្រេស៊ីល​៕

អត្ថបទ៖ លាភ.

អត្ថបទថ្មី
;