លោក ឃួង ស្រេង លើកឡើងពីមូលហេតុដែលដំឡើងបង្គោលភ្លើងលើផ្លូវ ៦០ម៉ែត្រ
- 2018-04-05 07:52:49
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លោក ឃួង ស្រេង លើកឡើងពីមូលហេតុដែលដំឡើងបង្គោលភ្លើងលើផ្លូវ ៦០ម៉ែត្រ
ចន្លោះមិនឃើញ
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ការដំឡើងបង្គោលភ្លើងបំភ្លឺលើផ្លូវសម្តេច ហ៊ុន សែន (ផ្លូវ៦០ម៉ែត្រ) គឺក្នុងគោលបំណងរួមចំណែកលើកសោភ័ណភាពរាជធានីភ្នំពេញ កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងកាត់បន្ថយបទល្មើសផ្សេងៗផងដែរ។ ការបញ្ជាក់នេះ ធ្វើឡើងក្នុងអំឡុងពេលលោកបានអញ្ជើញចុចប៊ូតុងដាក់ឲ្យដំណើរការភ្លើងបំភ្លឺលើផ្លូវនេះ កាលពីយប់ថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៨។
បើតាមលោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានឱ្យដឹងថា តាមគម្រោងនឹងដាក់ឱ្យដំណើរការភ្លើងបំភ្លឺផ្លូវមហាវិថីសម្តេច ហ៊ុន សែន នៅក្នុងខណ្ឌមានជ័យ ចាប់ពីផ្លូវលេខ២៧១ ដល់ផ្លូវជាតិលេខ២ ចំនួន ៤៦៧បង្គោល និងមហាវិថីមហាឧបាសក ហ៊ុន នាង ចំនួន ៣២បង្គោល សរុបទាំងអស់ចំនួន ៤៩៩បង្គោល។
តំណាងក្រុមហ៊ុន ING HOLDING ដែលទទួលការស្ថាបនា និងដាក់បង្គោលភ្លើងបំភ្លឺផ្លូវនេះ ឲ្យដឹងថា គិតមកដល់ថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៨ ក្រុមហ៊ុនសម្រេចដាំបង្គោលភ្លើងបានចំនួន ១៦០ដើម និងបានបំពាក់អំពូលភ្លើងដែលអាចបើកបំភ្លឺបាន។
អាជ្ញាធរនឹងជំរុញឲ្យបន្ដដំណើរការដំឡើងបង្គោលភ្លើង និងអំពូលភ្លើងឱ្យបានគ្រប់ចំនូន ៤៦៧ដើមនៅលើផ្លូវសម្តេច ហ៊ុន សែន ដោយសម្រេចឱ្យបាននៅត្រឹមថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៨៕