ការធ្លាក់​ពី UCL របស់ Barca អាច​ជា​រឿង​ល្អ​សម្រាប់​តារា​ឆ្នើម Real Madrid ម្នាក់

  • 2018-04-11 04:02:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Barcelona បាន​ធ្លាក់​ចេញ​ពី​ការ​ប្រកួត​ពានរង្វាន់ UEFA Champions League រដូវ​កាល២០១៧-១៨ បន្ទាប់ពី​ទទួល​បរាជ័យ​ក្រោម​ថ្វី​ជើង Roma ដោយ​លទ្ធផល​សរុប​ពីរ​ជើង ៤-៤ (ជើង​ទីមួយ Barcelona ៤-១)។ លទ្ធផល​នេះ អាច​ជា​រឿង​ល្អ​សម្រាប់​ខ្សែ​ប្រយុទ្ធ Cristiano Ronaldo របស់ Real Madrid ក្នុង​ការ​ក្លាយ​ជា​ម្ចាស់​ពាន​រង្វាន់ Ballon d'Or ជា​លើក​ទី៦ ​។

ខ្សែប្រយុទ្ធ Lionel Messi និង Luis Suarez ស្ថិតក្នុងបញ្ជីជម្រើស១១នាក់ដំបូងរបស់ Barcelona យប់មិញ (រូបភាព៖ AFP/Getting Image)
បរាជ័យ​របស់ Barcelona មាន​ន័យ​ថា កីឡាករ​ឆ្នើម Lionel Messi មិនអាច​ជួយ​ក្រុម​អ្នក​មាន​បុណ្យ​បន្ត​ក្ដី​សង្ឃឹម​ក្នុង​ការ​ដណ្ដើម​ពានរង្វាន់ Champions League បាន​ឡើយ។ ហើយ​បញ្ហា​នេះ ត្រូវ​បាន​វេបសាយ​អេស្ប៉ាញ Don Balon ចុះ​ផ្សាយ​ថា Messi អាច​ខកខាន​ក្នុង​ការ​ឈ្នះ​ពាន Ballon d'Or ជា​លើក​ទី៦។ គួរ​បញ្ជាក់​ថា Ronaldo និង Messi ឈ្នះ​ពាន​នេះ ចំនួន ៥​លើក​ដូចគ្នា។
Ronaldo ឈ្នះពាន Ballon d'Or ជាលើកទី៥ ក្នុងឆ្នាំ២០១៧ (រូបភាព៖ orbiti.com)

ការ​បោះឆ្នោត​សម្រាប់​ពាន​រង្វាន់​ឯកត្តជន​នេះ ភាគច្រើន​ពឹង​ផ្អែក​ទៅ​លើ​ការ​លេង​ជា​ក្រុម។ ជាមួយ​គ្នា​នេះ Messi បាន​រួមចំណែក​ជួយ​ឲ្យ​ Barcelona ក្លាយ​ជា​បេក្ខភាព​ដែល​ឈ្នះ​ពានរង្វាន់​លីគ​កំពូល​អេស្ប៉ាញ La Liga រដូវ​កាល​នេះ​។ ចំណែក Ronaldo ប្រសិនបើ Barcelona អាច​ឈ្នះ​ពានរង្វាន់ Champions League រដូវ​កាល​នេះ គេ​នឹង​មាន​ឱកាស​ខ្ពស់​ដើម្បី​ឈ្នះ​ពានរង្វាន់ Ballon d'Or ។

Messi ដែលជាប្រធានក្រុម ហាក់អស់សង្ឃឹម ក្រោយ Barcelona ត្រូវ Roma នាំមុខ ជើងទី២ វគ្គ៨ក្រុម UCL (រូបភាព៖ Getting Image)

ក្នុង​ឆ្នាំ២០១៨​នេះ Ronaldo បាន​ឡើង​ជើង​យ៉ាង​ខ្លាំង ដោយ​អាច​ស៊ុត​បញ្ចូល​ទី ២៤​គ្រាប់​ក្នុង១៤​ប្រកួត។ ក្នុង​នោះ កីឡាករ​សញ្ជាតិ​ព័រទុយហ្គាល់​នេះ បាន​រួមចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​ជួយ​ឲ្យ​ក្រុម​អធិរាជ​ស ដោយ​កាលពី​ជើង​ទី​មួយ វគ្គ៨​ក្រុម​ចុងក្រោយ UCL កីឡាករ​វ័យ៣២​ឆ្នាំ​ដដែល​រកបាន ២​គ្រាប់​ទៅ​លើ Juventus ក្នុង​ការ​ប្រកួត​ដែល​បញ្ចប់​ទៅ​ដោយ​លទ្ធផល ៣-០​។ Real នឹង​ស្វាគមន៍​ Juventus នៅ​ជើង​ទី២ នៅ​ទឹកដី​របស់​ខ្លួន យប់​នេះ៕

ប្រភព៖ Express ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;