ឈើគគីរ សម្រាប់​ធ្វើ​ទូក ង វែង​បំផុត​ក្នុង​លោក ត្រូវ​បាន​ដឹក​មក​ដល់​ខេត្ត​ព្រៃវែង​ហើយ

  • 2018-04-13 10:28:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ឈើគគីរ សម្រាប់​ធ្វើទូក ង ប្រវែង ៨៥ម៉ែត្រ ទទឹង ១,៥៥ម៉ែត្រ ដើម្បី​បំបែក​​កំណត់ត្រា​ពិភពលោក ត្រូវ​បាន​​ដឹក​យក​មក​ដល់​ទីតាំង​ហើយ គឺ​នៅ​មុខ​សាលា​ខេត្តព្រៃវែង នៅថ្ងៃទី១៣ ខែមេសានេះ។

លោក ស សុខា អនុប្រធានសហភាព​សហព័ន្ធ​យុវជន​កម្ពុជា និងជា​តំណាងរាស្ត្រ​មណ្ឌល​ព្រៃវែង ដែល​បាន​ទៅ​ដល់​ទីតាំង​ធ្វើទូក ដើម្បី​ពិនិត្យ​មើល​ឈើ​គគីរ​ទាំង​នោះ បានមានប្រសាសន៍ថា ឈើ​គគីរ​សម្រាប់​ធ្វើ​ទូក ង នេះ គឺ​ដឹក​ពី​កន្លែង​ផ្សេងៗ​គ្នា។ លោក​បញ្ជាក់​ទៀត​ថា ការ​ធ្វើទូក ង តាម​រចនាប័ទ​ខ្មែរ​នេះ​ គឺដើម្បីបង្ហាញពី​ស្នាដៃ​របស់​ខ្មែរ ពីការ​ធ្វើទូក​ដែល​មាន​ប្រវែងវែងជាងគេ ដើម្បី​បំបែក​កំណត់ត្រា​ពិភពលោក។

សូម​បញ្ជាក់ថា ការធ្វើទូក ង នេះ នឹង​បើក​ឲ្យ​ប្រជាពលរដ្ឋចូលរួម​ធ្វើ​ ចាប់ពីថ្ងៃទី១៤ ខែមេសាតទៅ ហើយ​រំពឹង​ថា​នឹង​រួចរាល់ នៅ​ថ្ងៃ​ទី៣០ ខែឧសភា ឆ្នាំ២០១៨។ ឈើ​គគីរ ដែល​យក​មក​ធ្វើទូក​នេះ គឺ​មាន​ចំនួន ៣ដើម ដែល​ក្នុង​មួយ​ដើមៗ មាន​ប្រវែង​ជា​មធ្យម ជាង ៣០ម៉ែត្រ។

នៅ​ពេល​ធ្វើ​រួចរាល់ ទូក​ ង ដែល​អាច​ផ្ទុក​អ្នក​ចែវ បាន ១៧៩នាក់​នេះ នឹង​ត្រូវ​ហែ​ចុះ​ទន្លេ ដែល​គេ​ប៉ាន់ស្មាន​ថា​ នឹង​ប្រើ​កម្លាំង​មនុស្ស មិន​តិច​ជាង ១០០០នាក់​ទេ ដើម្បី​សែង។ បន្ថែម​លើ​នេះ សារៈមន្ទីរ​សម្រាប់​តម្កល់​ទូក និង​ឯកសារ​ផ្សេងៗ នឹង​ត្រូវ​បង្កើត​ឡើង ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ និង​ភ្ញៀវ​អន្តរជាតិ បាន​ចូល​ទស្សនា៕

អត្ថបទ៖ សោភា

អត្ថបទថ្មី
;