រឿង​សំរាម៖ មារ​យាទ​មិន​សូវ​បាន ឬ​ការ​អនុវត្ត​ច្បាប់​នៅ​មាន​កម្រិត​?

  • 2018-04-19 10:29:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អង្គរ​សង្ក្រាន្ត​នៅ​ខេត្ត​សៀម​រាប​បញ្ចប់​ទៅ​ ​ដោយ​បន្សល់​ទុក​នូវ​សំរាម​ជា​ច្រើន​ នៅ​តាម​តំបន់​កម្សាន្ត​នានា ពិសេស​ប្រាសាទ​អង្គរ​វត្ត​។

ពិធី​បុណ្យ​អុំទូក អក​អំបុក បណ្តែត​ប្រទីប និង សំពះ​ព្រះ​ខែ​ បញ្ចប់​ទៅ​ដោយ​បន្សល់​ទុក​នូវ​សំរាម​ពាស​វាល តាម​មាត់​ទន្លេ​។

ការ​ប្រកួត​បាល់​ទាត់​នៅ​ពហុ​កីឡ​ដ្ឋាន​ជាតិ​អូឡាំ​ពិក​បញ្ចប់​ទៅ បន្សល់​ទុក​នូវ​សំរាម រាត់​រាយ​តាម​គន្លៀត​កៅ​អី​អង្គុយ ។ល។

សំរាមដែលគេចោលពាសវាលពាសកាល នៅក្នុងបរិវេណអង្គវត្ត កាលពីថ្ងៃចូលឆ្នាំ
នេះ​ជា​អ្វី​ដែល​គេ​ឧស្សាហ៍​បាន​ឮ និង​បាន​ឃើញ​ បន្ទាប់​ពី​មាន​ពិធី​ផ្សេង​ៗ​នៅ​កម្ពុជា។ ​នេះ មិន​រាប់​បញ្ចូល​នឹង​ការ​ចោល​សំរាម​នៅ​លើ​ឡាន​ក្រុង ពី​រថ​យន្ត​ផ្ទាល់​ខ្លួន តាម​ផ្លូវ ក្បែរ​ផ្ទះ អាហារដ្ឋាន ​តាម​ចិញ្ចើម​ផ្លូវ តាម​ប្រឡាយ​ទឹក​ ឬ​តាម​ជញ្ជាំង​អគារ​សាធារណៈ​ជា​ដើម​ផង​។ និយាយ​ឱ្យ​ស្រួល​ស្តាប់​ទៅ ការ​បោះចោល​សំរាម​ពាស​វាល​ពាស​កាល ត្រូវ​បាន​គេ​ប្រទះ​ឃើញ ទាំង​នៅ​រាជធានី ទី​ប្រជុំ​ជន តំបន់​រម​ណីយ​ដ្ឋាន និង​តំបន់​ជន​បទ​ចុង​កាត់​មាត់​ញក។ ហើយ​កាក​សំណល់​ ឬ​សំរាម​ទាំង​មាន​ដូចជា ដប​ទឹក​សុទ្ធ កំប៉ុង​ទឹក​ក្រូច កំប៉ុង​ស្រាបៀរ ប្រអប់​ស្នោរ​ដាក់​អាហារ ថង់​ផ្លាស្ទីក និង​កាក​សំណល់​ចំណី​អាហារ​ជា​ដើម។

តើ​ហេតុ​អ្វី​បាន​ជា​ពល​រដ្ឋ​ខ្មែរ​មួយ​ចំនួន​ នៅ​តែ​បន្ត​ចោល​សំរាម​ពាស​វាល​ពាស​កាល ដោយ​ឥត​អៀន​ខ្មាស​យ៉ាង​ដូច្នេះ​?

កំណាព្យ​មួយ​ឃ្លា​នៅ​ក្នុង​ច្បាប់​បណ្តាំ​បិតា បាន​សរសេរ​ថា “ដឹង​ឆ្ងើយ​ត្បិត​ដង កូន​សោត​រែង​ឆ្គង ត្បិត​តែ​ឪពុក”។ កំណាព្យ​នេះ បាន​បង្ហាញ​ថា ការ​អប់រំ​នៅ​ក្នុង​គ្រួសារ​គឺ​ជា​រឿង​សំខាន់។ ដូច្នេះ​មារយាទ​មិន​សូវ​បាន​​ ទាក់​ទង​នឹង​ការ​ចោល​សំរាម​នេះ គឺ​បណ្តាល​មក​ពី​ការ​មិន​ទទួល​បាន​ការ​ អប់រំ​ពី​ឪពុក​ម្តាយ អាណា​ព្យាបាល ឬ​មនុស្ស​ចាស់​ក្នុង​គ្រួសារ។ បើ​ពុំ​ដូច្នេះ​ទេ គឺ​មនុស្ស​ចាស់​ក្នុង​គ្រួសារ តែ​ម្តង ដែល​​ធ្វើ​ជា​គំរូ​អាក្រក់​ដល់​ក្មេង។

ក្រៅ​តែ​ពី​គ្រួសារ​ដែល​ជា​សង្គម​តូច សាលារៀន គឺ​ជា​កន្លែង​ទី​២ ដែល​ត្រូវ​អប់រំ កុមារ យុវជន និង​ពលរដ្ឋ ឱ្យ​បាន​យល់​ដឹង​អំពី​សំរាម​នេះ។ សាលា ត្រូ​វ​ផ្តល់​ឱ្យ​សិស្ស​នូវ​ការ​​អនុវត្ត​​ជាក់​​ស្តែង តាំង​ពី​នៅ​ក្នុងថ្នាក់ ក្រៅ​ថ្នាក់ នៅ​ផ្ទះ និង​នៅ​តាម​ទី​សាធារណៈ ជា​ដើម​។ កង្វះ​ការ​យល់​ដឹង​អំពី​អនាម័យ​បរិស្ថាន ធ្វើ​​ឱ្យ​​សិស្ស មិន​យក​ចិត្ត​ទុក​ដាក់​អំពី​ការ​បោះ​ចោល​សំរាម​ និង​ការ​គ្រប់​គ្រង​សំរាម​។ សិស្ស​ដែល​មាន​ការ​អប់រំ រមែង​មាន​សេចក្តី​អៀន​ខ្មាស​ នៅ​ពេល​ចោល​សំរាម​ពាស​វាល​ពាស​កាល​។

សំរាមដែលគេចោលនៅតាមផ្លូវ ខាងមុខផ្សារមួយ នារាជធានីភ្នំពេញ

ប៉ុន្តែ​តាម​ពិត​ទៅ ការ​បោះ​ចោល​សំរាម​មិន​មែន​ជា​បញ្ហា​របស់​ប្រជា​ពលរដ្ឋ​តែ​ម្នាក់​ឯង​នោះ​ឡើយ។ វា​ក៏​ជា​បញ្ហា​របស់​អាជ្ញាធរ​ផង​ដែរ។ ក្រៅ​តែ​ពី​ការ​អប់រំ​ អាជ្ញាធរ​គប្បី​បង្ក​ភាព​ងាយ​ស្រួល​ដល់​ប្រជា​ពល​រដ្ឋ​ក្នុង​ការ​គ្រប់​គ្រង ទុក​ដាក់ និង​ចោល​សំរាម។ ជា​ឧទាហ​រណ៍​ជាក់​ស្តែង​ក្នុង​រាជ​ធានី កង្វះ​ធុង​សំរាម កង្វះ​ភ្នាក់​ងារ​ ឬ​តម្លៃ​សេវា​ដឹក​ជញ្ជូន​សំរាម​ខ្ពស់​ពេក គឺ​ជា​មូលហេតុ​ដែល​នាំ​ឱ្យ​សំរាម​ក្លាយ​ជា​បញ្ហា។

មួយ​វិញ​ទៀត អាជ្ញា​ធរ​និង​ស្ថាប័ន​ពាក់​ព័ន្ធ គប្បី​យក​ចិត្ត​ទុក​ដាក់​ អនុវត្ត​ច្បាប់​ស្តី​ពី​ការ​គ្រប់​គ្រង​សំរាម ឱ្យ​មាន​ប្រសិទ្ធ​ភាព​ ទំាង​មធ្យោ​បាយ​ត្រជាក់ និង​ មធ្យោ​បាយ​ក្តៅ ។ អនុក្រឹត្យ​ស្តី​ពី​ការ​គ្រប់​គ្រង​សំរាម សំណល់​រឹង​ទី​ប្រជុំ​ជន បាន​អនុញ្ញាត​ឱ្យ​ស្ថាប័ន​ពាក់​ព័ន្ធ​ ពិសេស​ថ្នាក់​ក្រោម​ជាតិ បង្កើត​កម្ម​វិធី​លើក​កម្ពស់​ការ​យល់​ដឹង​ដល់​ប្រជា​ពល​រដ្ឋ​អំពី​អនាម័យ​បរិស្ថាន ការ​ប្រើ​ប្រាស់​ឡើង​វិញ ការ​កែ​ច្នៃ​ ការ​គ្រប់​គ្រង​សំរាម ជា​ដើម។ ជាមួយ​គ្នា​នេះផង​ដែរ​ មន្ត្រី​អនុវត្ត​ច្បាប់​ត្រូវ​ធ្វើ​កា​រផាក​ពិន័យ​ ជន​ល្មើស​ទៅ​តាម​ការ​កំណត់​ដែល​ចែង​ដោយ​ច្បាប់​។  

កញ្ញាឯកកម្ពុជាវគ្គផ្តាច់ព្រ័ត្រឆ្នាំ ២០១៧ កំពុងនាំគ្នារើសសំរាមនៅតាមឆ្នេរមួយ ក្នុងខេត្តព្រះសីហនុ (រូបថត៖ FB page Miss Cambodia)

ការ​ចោល​សំរាម មើល​ទៅ​ដូច​ជា​រឿង​តូច​តាច ប៉ុន្តែ​ទម្លាប់​នេះ គឺ​ជា​កញ្ចក់​ឆ្លុះ​បញ្ចាំង ពី​ចំណេះ​ដឹង មារយាទ និង​ការ​ទទួល​​ខុស​ត្រូវ របស់​ពលរដ្ឋ​ខ្មែរ​ម្នាក់​ៗ។ ទម្លាប់​អាក្រក់​បែប​នេះ បាន​ធ្វើ​អោយ​ប៉ះពាល់​ដល់​កិត្តិយស ភាព​ថ្លៃថ្នូរ និង​សោភ័ណ​ភាព​របស់​ប្រទេស ព្រម​ទាំង​អាច​ជាន់​ពន្លិច​​វិស័យ​ទេស​ចរណ៍ ដែល​ជា​ប្រភព​ប្រាក់​ចំណូល​របស់​ជាតិ​ទៀត​ផង។

ជា​ដំណោះ​ស្រាយ ការ​លុប​បំបាត់​ការ​ចោល​សំរាម​ពាស​វាល​ពាស​កាល ត្រូវ​តែ​មាន​ការ​ចូល​រួម​ពី​គ្រប់​មជ្ឈដ្ឋាន ហើយ​ត្រូវ​ចាប់​ផ្តើម​ពី​បុគ្គល​ម្នាក់​ៗ និង​ពី​គ្រួសារ​តូច​ទៅ។ ជា​គ្នា​នេះ​ដែរ ការ​ផាក​ពិន័យ​ ទៅ​លើ​ការ​ចោល​សំរាម​ពាស​វាល​ពាស​កាល គឺ​ជា​មធ្យោបាយ​មួយ​ដែល​ត្រូវ​តែ​អនុវត្ត ដើម្បី​រួម​ចំណែក​ផ្លាស់​ប្តូរ​មារយាទ​មិន​សូវ​ល្អ​របស់​ពលរដ្ឋ បើ​ទោះ​ជា​ត្រូវ​ប្រើ​ពេល​យូរ​ប៉ុណ្ណា​ក៏​ដោយ​។

ដូច្នេះ ដល់​ពេល​ហើយ ដែល​ប្រជា​ពល​រដ្ឋខ្មែរ​ទាំង​អស់​គ្នា ចាប់​ផ្តើម​គិត​គូរ និង​អនុវត្ត​រឿង​តូច​តាច​មួយ​នេះ ដើម្បី​សង្គម​យើង។ អ្នក​ដែល​ត្រូវ អនុវត្ត​មុន​គេ​គឺ​ខ្លួន​យើង​ម្នាក់​ៗ។ ប្រសិន​បើ​យើង​អាច​អនុវត្ត​បាន​ទាំង​អស់​គ្នា នោះ​យើង​នឹង​អាច​លើក​កម្ពស់​បរិស្ថាន ហើយ​អាច​រួម​ចំណែក​កសាង​សោភ័ណ​ភាព​របស់​ប្រទេស​យើង​បាន​ទៀត​ផង៕

អត្ថបទ៖ ឃុត សុខឿន​

អត្ថបទថ្មី
;