ព្រះមហាក្សត្រ យាងបើកកិច្ចប្រជុំលើកដំបូងនៃព្រឹទ្ធសភា
- 2018-04-23 02:04:27
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ព្រះមហាក្សត្រ យាងបើកកិច្ចប្រជុំលើកដំបូងនៃព្រឹទ្ធសភា
ចន្លោះមិនឃើញ
ព្រឹទ្ធសភា នីតិកាលទី៤ បើកសម័យប្រជុំដំបូងរបស់ខ្លួននៅព្រឹកថ្ងៃទី២៣ ខែមេសានេះ ក្រោមព្រះរាជវត្តមានរបស់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។ កិច្ចប្រជុំលើកដំបូងនៃព្រឹទ្ធសភា នឹងមានការជ្រើសរើសប្រធាន អនុប្រធានទី១ និងអនុប្រធានទី២ នៃព្រឹទ្ធសភា។
តាមកម្មវិធីនៅវេលាម៉ោង ៩ព្រឹក ព្រះមហាក្សត្រស្តេងទ្រង់ថ្លែងព្រះរាជសន្ទរកថា ទៅកាន់សម័យប្រជុំដំបូងព្រឹទ្ធសភា នីតិកាលទី៤។ បន្ទាប់មកព្រឹទ្ធបុរសម្នាក់ដែលមានវ័យចាស់ជាងគេ គឺលោក ម៉ុម ជឹមហ៊ុយ ត្រូវជ្រើសតាំងដឹកនាំសម័យប្រជុំលើកដំបូងនេះ ឡើងប្រកាសសុភាព នៃអាណត្តិរបស់សមាជិកព្រឹទ្ធសភានិមួយៗ នីតិកាលទី៤។ បន្ទាប់ពីប្រកាសសុពលភាពរួច គឺដំណើរការបោះឆ្នោតជ្រើសរើសប្រធាន អនុប្រធានទី១ និងអនុប្រធានទី២ នីតិកាលទី៤។
សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៤ ឆ្នាំ២០១៨ ចំនួនអាសនៈសរុប៦២ ដោយក្នុងនោះបោះឆ្នោតជ្រើសតាំងមានចំនួន ៥៨អាសនៈ។ ដោយឡែក សមាជិកព្រឹទ្ធសភាចំនួន ០៤រូបទៀត ត្រូវបានចាត់តាំងដោយព្រះមហាក្សត្រចំនួន០២រូប ហើយចំនួន ០២រូបទៀត ត្រូវបោះឆ្នោតជ្រើសតាំងដោយរដ្ឋសភា៕