លោក Duterte នឹងជិះ​យន្តហោះ​ធូរថ្លៃ ទៅ​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន នៅ​សិង្ហបុរី

  • 2018-04-23 13:24:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ប្រធានាធិបតី​ហ្វីលីពីន លោក Rodrigo Duterte នឹង​ធ្វើ​ដំណើរ​តាម​យន្តហោះ​ឯកជន ៨​កៅអី ដើម្បី​ទៅ​ចូលរួម​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​លើកទី​៣២ នៅ​ប្រទេស​សិង្ហបុរី នា​ប៉ុន្មាន​ថ្ងៃ​ខាងមុខ​នេះ។ នេះបើ​តាមការ​បញ្ជាក់​របស់​លោក Harry Roque អ្នក​នាំពាក្យ​ប្រធានាធិបតី នៅ​ថ្ងៃទី២៣ ខែ​មេសា​នេះ។

លោក Rodrigo Duterte លើកមេដៃថតក្នុងអំឡុងពេលជិះយន្តហោះ PR001 របស់ក្រុមហ៊ុនអាកាសចរណ៍ហ្វីលីពីន កាលពីខែមីនា ឆ្នាំ២០១៧។ រូបថត៖ Philstar
ការ​ជិះ​យន្តហោះ​ធុនតូច​នេះ គឺ​ដោយសារ​លោក Duterte ចង់​សន្សំ​លុយ​​ឲ្យ​ប្រទេស​​បាន​ច្រើនជាង​ជិះ​យន្តហោះ​ធុនធំ​ PR001 របស់​ក្រុមហ៊ុន​អាកាសចរណ៍​ហ្វីលីពីន។ ហើយ​លោក​ក៏​ចង់​ដឹកនាំ​គណៈ​ប្រតិភូ​១ក្រុម​តូច​ប៉ុណ្ណោះ ដើម្បី​អម​ដំណើរ​ទៅ​ជាមួយ​លោក។ ការធ្វើ​ដំណើរ​នេះ គឺ​ចំណាយពេល​តែ២ម៉ោង​ប៉ុណ្ណោះ​ចេញពី​ក្រុង Davao ទៅ​សិង្ហបុរី។

ការ​សន្សំ​សំចៃ​បែបនេះ គឺ​ក្រោយពេល​មាន​ការ​រិះគន់​ពី​តំណាងរាស្រ្ត​បក្ស​ប្រឆាំង លោក Gary Alejano ទៅលើ​គណៈ​ប្រតិភូ​ដែលមាន​ចំនួន​ដ៏​ច្រើន​របស់​លោក Duterte ក្នុង​អំឡុង​ទស្សនកិច្ច​នៅ​ហុងកុង កាលពី​ដើមខែ​មេសា​នេះ។

សូម​បញ្ជាក់​ថា លោក Duterte នឹង​ចូលរួម​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​នៅ​ប្រទេស​សិង្ហបុរី ពីថ្ងៃ​ទី២៧ ដល់ ២៨ ខែ​មេសា ឆ្នាំ​២០១៨៕

ប្រភព៖ Philstar ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;