រកឃើញជាតិគីមីប៉ះពាល់សុខភាពនៅក្នុងផ្កាគួឆាយ លក់នៅផ្សារមួយកន្លែង នៅភ្នំពេញ
- 2018-04-24 08:27:30
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រកឃើញជាតិគីមីប៉ះពាល់សុខភាពនៅក្នុងផ្កាគួឆាយ លក់នៅផ្សារមួយកន្លែង នៅភ្នំពេញ
ចន្លោះមិនឃើញ
ក្រុមមន្រ្តីកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញ បានត្រួតពិនិត្យមើលចំណីអាហារ និងបន្លែប្រមាណជាង ៦០មុខ នៅក្នុងផ្សារអូរឫស្ស៊ី នៅព្រឹកថ្ងៃទី២៤ ខែមេសានេះ ដោយបានរកឃើញសារធាតុគីមីនៅក្នុងផ្កាគួឆាយ ដែលធ្វើឲ្យប៉ះពាល់ខ្លាំងដល់សុខភាពអ្នកបរិភោគ។
ថ្លែងប្រាប់អ្នកសារព័ត៌មាន ខណៈកំពុងចុះត្រួតពិនិត្យសុវត្ថិភាពចំណីអាហារ នៅផ្សារនោះ លោក គង់ វុទ្ធី អនុប្រធានសាខាកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញថា ក្រុមការងាររបស់លោក ចុះត្រួតពិនិត្យទំនិញស្រាវជ្រាវទប់ស្កាត់នូវទំនិញខូចគុណភាព ដែលជនខិលខូចមួយចំនួនលួចបញ្ចេញមកលក់ចែកចាយលើទីផ្សារ ដោយបានយកគំរូចំនួន ៦៤មុខ ដែលសង្ស័យមានហានិភ័យខ្ពស់ដូចជា សរសៃមីលឿង ប្រហិតសាច់គោ មឹក បង្គារ ត្រីងៀត ត្រីហើម សាច់ក្រក បាញ់កាញ់ លត គុយទាវសរសៃធំ គុយទាវសរសៃតូច គ្រឿងសមុទ្រ ផ្លែឈើគ្រប់មុខ បន្លែគ្រប់មុខ បញ្ជូនមកមន្ទីរពិសោធន៍អគ្គនាយកដ្ឋានកាំកុងត្រូល ដើម្បីរកសារធាតុគីមីហាមឃាត់។
ក្រោយការពិនិត្យបានរកឃើញសារធាតុគីមីដែលហាមឃាត់នៅក្នុងផ្កាគួរឆាយ។ បន្ទាប់ពីរកឃើញ ក្រុមការងាររបស់លោកបានដកហូតភ្លាមៗផងដែរ។
អនុប្រធានសាខាកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញ បានអំពាវនាវដល់អាជីវករទាំងអស់ អ្នកចែកចាយលក់ដុំ លក់រាយ អ្នកផលិត នាំចូលចែកចាយ ត្រូវតែមានប្រភពច្បាស់លាស់សិនមុននឹងទទួលលក់ ហើយបញ្ចប់ការលាយបន្ថែមនូវសារធាតុគីមី ទៅលើផលិតផលម្ហូបអាហារដែលធ្វើអោយប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់៕