សំពៅវៀតណាម ចូលចតនៅកម្ពុជា រយៈពេល៤ថ្ងៃ
- 2018-04-25 06:31:38
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សំពៅវៀតណាម ចូលចតនៅកម្ពុជា រយៈពេល៤ថ្ងៃ
ចន្លោះមិនឃើញ
នៅព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៨ នេះ នាវាក្ដោង (សំពៅ) របស់កងទ័ពជើងទឹកប្រជាជនវៀតណាម បានចូលចតនៅកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ ដើម្បីធ្វើទស្សនកិច្ចសិក្សាដល់សិក្ខាកាមវៀតណាមចំនួន ៥៥រូប។
បើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) បានឲ្យដឹងថា ការចូលចតរបស់នាវាក្ដោងវៀតណាមនៅកម្ពុជា មានរយៈពេល ៤ថ្ងៃ គឺចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៨ ខែមេសា។ នាវាក្ដោងនេះ ជាប្រភេទនាវាបណ្ដែតទឹកមានឈ្មោះថា LE QUI DON លេខ២៥៦ បណ្ដោយ ៦៧ម៉ែត្រ ទទឹង ១០ម៉ែត្រ ជម្រៅទឹក ៤,៣ម៉ែត្រ និងទម្ងន់ ៧៤៧តោន។ នាវា LE QUI DON ត្រូវបានដឹកនាំដោយប្រធានប្រតិភូ១រូប ដែលជានាយកវិទ្យាស្ថានកងទ័ពជើងទឹកប្រជាជនវៀតណាម និងប្រធាននាវា១រូបគឺលោកអនុវារីឯក CAO XUAN LONG ព្រមទាំងនាវឹកសរុប ២២១នាក់ និងសិក្ខាកាម ៥៥នាក់។
ក្នុងការចូលចតនេះដែរគឺមានការទទួលស្វាគមន៍ពីនាយ នាយរង កងទ័ពជើងទឹកមូលដ្ឋានសមុទ្ររបស់កម្ពុជា ដែលដឹកនាំដោយលោកឧត្ដមនាវីទោ រស់ វាសនា មេបញ្ជាការរងមូលដ្ឋានសមុទ្រ។
តាមការគ្រោងទុក គណៈប្រតិភូនាវាក្ដោងវៀតណាម នឹងចូលជួបសម្ដែងការគួរសមជាមួយមេបញ្ជាការមូលដ្ឋានសមុទ្រកម្ពុជា នាយកសាលាកងទ័ពជើងទឹក និងអភិបាលខេត្តព្រះសីហនុ។ ទន្ទឹមនឹងនេះ ក៏នឹងមានការប្រកួតកីឡាបាល់ទះ បាល់ទាត់ ទាញព្រ័ត្រជាលក្ខណៈមិត្តភាពនៅមូលដ្ឋានសមុទ្ររាមផងដែរ៕