Xiaomi ថា Mi 6X តម្លៃ​តែ​ជាង ២០០​ដុល្លារ មាន​សមត្ថភាព​ខ្លាំង​ជាង iPhone X

  • 2018-04-26 04:20:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Mi 6X ជា​ស្មាតហ្វូន​ថ្មី​ដែល Xiaomi ទើប​ដាក់​បង្ហាញ​ជា​ផ្លូវការ កាល​ពី​ថ្ងៃ​ទី​២៥ ខែ​មេសា ឆ្នាំ​២០១៨។ ក្រុមហ៊ុន​ផលិត​ស្មាតហ្វូន​ចិន​មួយ​នេះ បាន​អះអាង​ថា សមត្ថភាព Mi 6X នឹង​ស៊ីដាច់​កំពូល​ស្មាតហ្វូន​ដូចជា Oppo R15 និង iPhone X ជា​ដើម។

Xiaomi Mi 6X
ចំណុច​លេច​ធ្លោ​ខ្លាំង​នៅ​លើ Mi 6X គឺ​កាមេរ៉ា​ភ្លោះ​នៅ​តួ​ខ្នង​ខាង​ក្រោយ ដែល​មាន​បំពាក់​បច្ចេកវិទ្យា​ឆ្លាតវៃ​សិប្បនិមិត្ត (AI)។ កាមេរ៉ា​នេះ​អាច​ចាប់​យក​ប្លង់​ថត​ជាង ២០០​បែប​ផ្សេងៗ​គ្នា ដោយ​ក្នុង​នោះ​មាន​ប្លង់​ថត​ព្រាល​ផ្ទៃ​ខាង​ក្រោយ (Portrait Mode) ចំនួន ១២​បែប។ Sensor ទី​១​នៃ​កាមេរ៉ា Mi 6X មាន​ទំហំ 12MP ប្រភេទ Sony IMX486 មាន aperture f/1.75។ Sensor បន្ទាប់​មាន​ទំហំ 20MP ទុក​សម្រាប់​ថត​រូប Portrait និង​ចាប់​យក​ពន្លឺ​ពេល​ថត​នៅ​ទី​ងងឹត។

ចំពោះ​កាមេរ៉ា​សម្រាប់ Selfie នៅ​ខាង​មុខ​វិញ មាន​ទំហំ 20MP ប្រភេទ Sony IMX376។

រូប​ថត​ដោយ Xiaomi Mi 6X
រូប​ថត​ដោយ Xiaomi Mi 6X

ដោយសារ​តែ​មិន​មែន​ជា​កំពូល​ស្មាតហ្វូន កម្លាំង​ម៉ាស៊ីន​របស់ Mi 6X បាន​ត្រឹម​បំពាក់​បន្ទះ​ឈីប Snapdragon 660 រត់​ក្នុង​ល្បឿន 2.2GHz និង​ក្រាហ្វិច​កាត Adreno 512។ ចំណែក​ឯ RAM នឹង​ចែក​ចេញ​ជា ៣​ឈុត​ផ្សេង​គ្នា ដោយ​ផ្អែក​លើ​ទំហំ​ផ្ទុក​ទិន្នន័យ ដូចជា៖ 4/64GB, 6/64GB និង 6/128GB។ Mi 6X ប្រើ​អេក្រង់ LCD ទំហំ ៥,៩៩​អ៊ីញ អាច​បញ្ចេញ​រូបភាព​កម្រិត HD។

Xiaomi Mi 6X

មុខងារ​មួយ​ចំនួន​ទៀត​មាន​ដូចជា ការ​ស្កេន​ក្រយៅ​ដៃ​នៅ​ខ្នង​ទូរសព្ទ, មុខងារ​ដោះ​សោ​ដោយ​ប្រើ​មុខ (Face Unlock), ប្រព័ន្ធ​ប្រតិបត្តិការ Android Oreo 8 និង​មុខងារ​សាក​ថ្ម​រហ័ស Quick Charge 3.0 ជា​ដើម។

Mi 6X នឹង​ដាក់​លក់​ក្នុង​តម្លៃ​ចាប់​ពី ២៥០​ដុល្លារ​ឡើង​ទៅ៕

ប្រភព៖ GSMarena ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;