ដោយ​សារ​កុមារ​កំព្រា​ម្នាក់ ទើប​បទ​ចម្រៀង​នេះ​ត្រូវ​ប្រសូត​ឡើង​មក

  • 2018-04-27 05:13:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


“Hey Jude” គឺ​ជា​បទ​ចម្រៀង​ដ៏​ល្បី​ល្បាញ​របស់​ក្រុម​តន្ត្រី​រ៉ក់​អង់​គ្លេស The Beatles ។

ក្រុម​តន្ត្រី The Beatles ចាប់​កំណើត​នៅ​ទី​ក្រុង Liverpool ប្រទេស​អង់​គ្លេស​ នា​ឆ្នាំ ១៩៦០ ដោយ​មាន​ស្ថាប​និក​៤រូប​គឺ លោក John Lennon លោក Paul McCartney លោក George Harrison និង  លោក Ringo Starr។

រឿង​រ៉ាវ​នៅ​ពី​ក្រោយ​បទ​ចម្រៀង​នេះ...

នៅ​ខែ​ឧសភា ឆ្នាំ ១៩៦៨ ស្ថាប​និក​ម្នាក់​គឺ លោក John Lennon និង​ភរិយា​របស់​គាត់​ គឺ​នាង Cynthia Lennon បាន​រស់​នៅ​បែក​គ្នា ដោយ​សារ​លោក John មាន​ស្រី​ថ្មី​។

ប៉ុន្មាន​ខែ​ក្រោយ​មក លោក Paul MaCartney ជា​មិត្ត​រួម​អាជីព បាន​ធ្វើ​ដំណើរ​តាម​រថ​យន្ត​ទៅ​សួរ​សុខ​ទុក្ខ​នាង Cynthia Lennon និង​កូន​ប្រុស​ឈ្មោះ Julian។ ដោយ​ឃើញ ពីរ​នាក់​ម្តាយ​កូន រស់​នៅ​ក្នុង​សភាព​មួយ​គួរ​ឱ្យ​សង្វែក​ ពេល​ជិះ​ឡាន​ត្រឡប់​មក​វិញ លោក Paul MaCartney ក៏​ចាប់​ផ្តើម​តែង​បទ​ចម្រៀង​ “Hey Jude” នេះ​តែ​ម្តង។ គោល​បំណង​របស់​គាត់ គឺ​ដើម្បី​លួង​លោម​កុមារ Julian ឱ្យ​ធូរ​ស្បើយ​ពី​ទុក្ខ​កង្វល់​ដែល​កើត​ឡើង​ដោយ​សារ​ម្តាយ​ឳពុក​លែង​លះ​គ្នា​។

ដំបូង​ឡើយ​ចំណង​ជើង​នៃ​បទ​ចម្រៀង​នេះ​គឺ “Hey Jule” ។ ប៉ុន្តែ​បន្ទាប់​ពី​គិត​ ច្រើន​ដង លោក Paul MaCartney បាន​សម្រេច​ចិត្ត​ដូរ​ចំណង​ជើង​ទៅ​ជា​ “Hey Jude” វិញ ព្រោះ​វា​ពីរោះ​ស្តាប់​ជាង​។

"Hey Jude" ចេញ​លក់​នៅ​ថ្ងៃ​ទី ២៦ ខែ​សីហា ឆ្នាំ ១៩៦៨ នៅ​សហ​រដ្ឋ​អាម៉េ​រិក និង​នៅ​ថ្ងៃ​ទី ៣០ ខែ​សីហា នៅ​ចក្រ​ភព​អង់​គ្លេស​។ វា​ជា​បទ​ចម្រៀង​វែង​ជាង​គេ គឺ​រហូត​ដល់​ទៅ ៧​នាទី។ "Hey Jude" ល្បី​ល្បាញ​យ៉ាង​ខ្លាំង និង​ លក់​ដាច់​ប្រមាណ​ជា ៨​លាន​ថាស​។

ទំនុកច្រៀងនៃបទ Hey Jude
ថ្វី​ដ្បិត​តែ​បទ​ចម្រៀង​នេះ និពន្ធ​ឡើង​ដើម្បី​លួង​លោម​កុមារ​កំព្រា​ម្នាក់​ តែ​អ្នក​ដែល​ស្តាប់​បទ​ចម្រៀង​នេះ​ភាគ​ច្រើន​តែង​គិត​ថា​ បទ​ចម្រៀង​ច្រៀង​ដើម្បី​លើក​ទឹក​ចិត្ត​ពួក​គេ ពិសេស​ពួក​យុវជន​ដែល​ទើប​មាន​ស្នេហា​ថ្មោង​ថ្មី​។ ហើយ​សូម្បី​តែ​លោក​ John Lennon ដែល​ជា​ឪពុក​របស់​កុមារ Julian ក៏​យល់​ច្រឡំ​ថា​បទ​ចម្រៀង​នេះ​ មិត្ត​របស់​លោក និពន្ធ​ដើម្បី​លើក​ទឹក​ចិត្ត​លោក​និង​គូ​ស្នេហ៍​ថ្មី​ដែរ​។

សូម​អញ្ជើញ​ទស្សនា​បទ​ចម្រៀង "Hey Jude" ដែល​ច្រៀង​ដោយ អ្នក​និពន្ធ Paul McCartney នៅ​ក្នុង​ការ​ប្រគុំ​តន្ត្រី​មួយ​កាល​ពីឆ្នាំ ២០១០ នៅ​ឧទ្យាន Hyde Park ក្នុង​ទីក្រុង​ឡុងដ៍​៖

ភាព​ល្បី​ល្បាញ​របស់​បទ​ចម្រៀង "Hey Jude" ក៏​បាន​រសាត់​មក​ដល់​កម្ពុជា​ដែរ​។ ប្រហែល​ជា​ដើម​ទសវត្សរ៍​ឆ្នាំ ១៩៧០ ក្រុម​ហ៊ុន​ថាស​ចម្រៀង Lac Sea សញ្ញា​អប្សរា បាន​ផលិត​បទ​ចម្រៀង​នេះ​ជា​ភាសា​ខ្មែរ ដោយ​ដាក់​ចំណង​ជើង​ថា​ "នៅ​តែ​សង្ឃឹម​" ។ បទ​នេះ និពន្ធ​ទំនុក​ជា​ភាសា​ខ្មែរ ដោយ​លោក ញ៉ែម ផុន ហៅ​កុក សម្រួល​តន្ត្រី​ដោយ លោក អឿ សំអុល និង ច្រៀង​ដោ​យ​អ្នក​ចម្រៀង​គ្មាន​គូ​ជែង ស៊ីន ស៊ី​សាមុត​៕

សូម​អញ្ជើញ​ទស្សនា​បទ​ចម្រៀង"នៅតែសង្ឃឹម" ដែល​ច្រៀង​ដោយ លោក ស៊ីន ស៊ីសាមុត​៖

អត្ថបទ៖ ឃុត សុខឿន​

អត្ថបទថ្មី
;