​កុលាលភាជន៍​ផលិត​ក្នុង​សម័យ​អង្គរ ជាង៦០ ត្រូវ​ប្រគល់​ជូន​ខ្មែរ​វិញ​ហើយ

  • 2018-04-30 06:21:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កុលាលភាជន៍​ចំនួន​ ៥​កេស ស្មើ​ចំនួន​៦៤​វត្ថុ មាន​ដូចជា​ ចាន ក្រឡ ដន្លាប់ ខួច មាន​ស្រទាប់​រលោង​ពណ៌​បៃតង​និង​ពណ៌ត្នោត ត្រូវ​បាន​ប្រគល់​ជូន​អាជ្ញាធរ​ជាតិ​អប្សរា​ដោយ​វិទ្យាស្ថាន Smitsonian តាម​រយៈ​ស្ថានទូត​សហរដ្ឋអាមេរិក ដើម្បី​រក្សាទុក អភិរក្ស និង​សិក្សា។ កុលាលភាជន៍​ទាំងនេះ ត្រូវ​ផលិត​នៅ​សម័យ​អង្គរ មាន​ប្រភព​មកពី​ខេត្ត​បុរីរម្យ​ ប្រទេស​ថៃ នា​ពេល​បច្ចុប្បន្ន​។

កុលាលភាជន៍​ចំនួន​ ៥​កេស ស្មើ​ចំនួន​៦៤​វត្ថុ មាន​ដូចជា​ ចាន ក្រឡ ដន្លាប់ ខួច
លោក អ៊ា ដារិទ្ធ អនុ​ប្រធាន​មជ្ឈមណ្ឌល​អន្តរជាតិ​ស្រាវជ្រាវ​និង​តម្កល់​ឯកសារ​អង្គរ បាន​ឲ្យ​ដឹង​ថា ប្រវត្តិ​នៃ​វត្ថុ​ខាងលើ ត្រូវ​បាន​អ្នក​ស្រឡាញ់​វត្ថុ​បុរាណ​ជនជាតិ​ជប៉ុន​ និង​អាមេរិក​ប្រមូល​ទិញ​ពី​ខេត្ត​បុរីរម្យ​យក​ទៅ​សហរដ្ឋ​អាមេរិក​ក្នុង​ទសវត្ស​ឆ្នាំ​១៩៧០ ហើយ​បន្ទាប់មក​បាន​ប្រគល់​ជូន​វិទ្យាស្ថាន Smithsonian ។ ដោយ​មាន​កិច្ច​សហការ​ល្អ​ជាមួយ​អាជ្ញាធរ​ជាតិ​អប្សរា វិទ្យាស្ថាន Smithsonian ក៏បាន​ប្រគល់​កុលាលភាជន៍​ទាំងនេះ​ ឲ្យ​អង្គភាព​កុលាលភាជន៍​អង្គរ​ជា​អ្នក​មើល​ការ​ខុសត្រូវ​។

ចំពោះ​​ភាជន៍​​មួយ​​ចំនួន​ដែល​ល្អៗ អាជ្ញាធរ​ជាតិ​អប្សរា​នឹង​យក​ទៅ​តាំង​ពិព័រណ៌​បង្ហាញ​ជាសាធារណៈ ព្រោះ​អាជ្ញាធរជាតិអប្សរា​មាន​គម្រោង​តាំង​ពិព័រណ៌​វត្ថុ​បុរាណ​ដែល​ស្រាវជ្រាវ​បាន​ជាង២០ឆ្នាំពី​តំបន់​អង្គរ។ លើសពី​នោះ វត្ថុ​ទាំងនោះ​នឹង​ត្រូវរក្សាទុកដើម្បី​សិក្សា​ប្រៀបធៀប​ពី​សម័យកាល បច្ចេកទេស និងគុណភាព រវាង​កុលាលភាជន៍​ដែ​ល​មាន​ប្រភព​ពី​បុរីរម្យ​ និង​តំបន់អង្គរ​ ព្រោះ​កុលាលភាជន៍​អាច​ឆ្លុះ​បញ្ចាំង​ពី​សម័យកាល​មួយ​នៃ​ប្រវត្តិសាស្ត្រ​ខ្មែរ និង​បង្ហាញ​ពីជីវភាព​រស់នៅ​របស់​ប្រជាជនសម័យ​អង្គរ។

អ្នកជំនាញ រៀបចំយកកុលាលភាជន៍ ចេញពីកេស

គួរ​រំឭក​ថា ពិធី​ប្រគល់​កុលាលភាជន៍​នេះ​ ប្រព្រឹត្ត​ទៅ​នៅ​ស្ថានទូត​អាមេរិក កាលពី​ថ្ងៃ​ទី០២ ខែ​មេសា ឆ្នាំ២០១៨ រវាង​លោក​ អ៊ា ដារិទ្ធ និង​លោក ធី សេរីវុឌ្ឍ (តំណាង​អាជ្ញាធរ​ជាតិ​អប្សរា) និង​លោកស្រី Monica Davis (តំណាង​ស្ថាន​ទូត​អាមេរិក)​។

នា​សម័យ​បុរាណ ភាជន៍​ត្រូវ​បាន​គេ​ប្រើប្រាស់​ប្រចាំថ្ងៃ ធ្វើ​ជា​គ្រឿង​តាំង​លម្អ​ក្នុង​ផ្ទះ និង​សម្រាប់​ប្រើ​ក្នុង​ពិធី​សាសនា​ផ្សេងៗ ដូចជា​ពិធី​សែនព្រេន និង​បួងសួង​ជាដើម។

ក្រៅ​ពី​បាន​ប្រគល់​កុលាលភាជន៍​ដ៏​ច្រើន វិទ្យាស្ថាន Smithsonian ក៏​បាន​ផ្តល់​ជូន​នូវ​សម្ភារៈ​មួយ​ចំនួន​ដូចជា ម៉ាស៊ីន​មីក្រូទស្សន៍ សម្ភារៈ​មន្ទីរ​ពិសោធន៍ និង​សៀវភៅ​ស្តីពី​ការ​វិភាគ​ថ្ម​ និង​កុលាលភាជន៍​ផងដែរ​៕

កុលាលភាជន៍បុរាណ
បំណែកកុលភាជន៍សម័យអង្គរ ដែលវិទ្យាស្ថាន Smitsonian ប្រគល់ឱ្យអាជ្ញាធរអប្សារា

រូបថត៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ

អត្ថបទ៖ លាភ.

អត្ថបទថ្មី
;