កីឡាករ​ខ្មែរ​​ដែល​ផ្ទេរ​ទៅ​ក្លឹប​​នៅ​ម៉ាឡេស៊ី នរណា​ខ្លះ​ជោគជ័យ នរណា​ខ្លះ​មិនជោគជ័យ?

  • 2018-04-30 07:37:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


តារា​បាល់ទាត់​កម្ពុជា ៤រូប​បាន​ផ្លាស់​ទៅ​កាន់​ក្លឹប​ផ្សេងៗ​គ្នា នៅ​លីគ​កំពូល​ម៉ាឡេស៊ី ក្នុង​រដូវ​កាល​នេះ។ ក្នុង​នោះ គឺ ធារី ចន្ថាប៊ីន ផ្ទេរទៅក្លឹប Terengganu, ចាន់ វឌ្ឍនាកា ទៅ Pahang, កែវ សុខផេង ទៅ PKNP និង ប្រាក់ មុន្នីឧត្តម ទៅ Negeri Sembilan។

សកម្មភាពរបស់ ធារី ចន្ថាប៊ីន ពេលជម្រើសជាតិកម្ពុជា ប៉ះ ឥណ្ឌា នាការប្រកួតមិត្តភាពកន្លងទៅ
១- ធារី ចន្ថាប៊ីន៖ កីឡាករ​កម្ពុជា​រូប​នេះ បាន​ក្លាយជា​កូន​សោ​ដ៏​សំខាន់​នៅ​ក្នុង​តំបន់​បម្រើ​ការពារ​របស់ Terengganu ដោយ​អាច​ចូល​លេង​ក្នុង​ជម្រើស​១១នាក់​ដំបូង ស្ទើរ​គ្រប់​ការ​ប្រកួត។ កាលពី​ដើម​រដូវកាល លោក Irfan Bakti Abu Salim អ្នក​ចាត់​ការ​ក្លឹប Terengganu បាន​ពន្យល់​ថា មូលហេតុ​ដែល​លោក​នាំ​យក ធារី ទៅ​កាន់​ប្រទេស​ម៉ាឡេស៊ី ព្រោះ​ធារី​ជា​ប្រធាន​ក្រុម​ជម្រើស​ជាតិ​កម្ពុជា ដែល​មាន​បទ​ពិសោធ​ច្រើន។ លើសពី​នេះ គេ​ធ្វើ​បាន​ល្អ​នៅ​តំបន់​ការពារ និង​បម្រើ​ការពារ។
ចាន់ វឌ្ឍនាកា លេងឲ្យជម្រើសជាតិកម្ពុជា ពេលប៉ះជម្រើសជាតិឡាវ នាពេលកន្លងទៅ

២- ចាន់ វឌ្ឍនាកា​៖ តារា​ឆ្នើម ដែល​ជា Top Scorer របស់​បឹងកេត មុន​ផ្ទេរ​ទៅ​កាន់​ប្រទេស​ជប៉ុន ក៏​ជា​កីឡាករ​សំខាន់​ម្នាក់​របស់​ក្លឹប Pahang FA ផង​ដែរ។ ជាក់​ស្ដែង គេ​បាន​ជាប់​ជា​ជម្រើស​១១នាក់​ដំបូង​ជា​រឿយៗ ទោះបីជា​មក​ទល់​ពេល​នេះ មិន​ទាន់​អាច​រក​គ្រាប់​បាល់​នៅ​ក្លឹប​ថ្មី​នេះ​បាន​ក៏ដោយ។ វឌ្ឍនាកា បាន​រួមចំណែក​ជួយ​ឲ្យ Pahang ឈរ​នៅ​លេខ​២ នៃ​លីគ​កំពូល​ម៉ាឡេស៊ី គិត​ត្រឹម​សប្ដាហ៍​ទី៧។ លើសពី​នេះ Pahang បាន​ឈាន​ដល់​វគ្គ​ពាក់​កណ្ដាល​ផ្តាច់ព្រ័ត្រ FA Cup ម៉ាឡេស៊ី​ផងដែរ​។

កែវ សុខផេង ហ្វឹកហាត់ជាមួយក្រុមជម្រើសជាតិ

៣- កែវ សុខ​ផេង៖ ថ្មីៗ​នេះ សារព័ត៌មាន​បរទេស Goal បាន​ចុះផ្សាយ​ថា អតីត​កីឡាករ​របស់​ក្លឹប​ភ្នំពេញក្រោន បាន​ចែក​ផ្លូវ​ពី​ក្លឹប PKNP ហើយ។ តាម​ការ​បញ្ជាក់​របស់​គ្រូបង្វឹក​លោក Abu Bakar Fadzim របស់ PKNP បាន​ឲ្យដឹង​ថា  សុខផេង ជួប​ការ​លំបាក​ក្នុង​ការ​លេង​ឲ្យ​ត្រូវ​ជើង​ជាមួយ​សមាជិក​ក្រុម​ដទៃ​ទៀត​។ ម្យ៉ាងទៀត អតីត​កីឡាករ​ភ្នំពេញ​ក្រោន​រូប​នេះ មាន​កាយសម្បទា​មិន​សូវ​អំណោយផល និង​លេង​ដោយ​មិន​មាន​ការ​ការពារ។ លោក​បន្ត​ថា ភាគី​ទាំង​សងខាង បាន​យល់ព្រម​គ្នា​លើ​ការ​បញ្ចប់​កុងត្រា​នេះ។ យ៉ាង​ណា​ក្ដី សាមី​កីឡាករ និង​ក្លឹប មិន​ទាន់​ធ្វើការ​ប្រកាស​ជា​ផ្លូវការ​ពី​ការ​ផ្តាច់​កុងត្រា​នេះ​នៅ​ឡើយ​ទេ។

ប្រាក់ មុន្នីឧត្តម នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ

៤- ប្រាក់ មុន្នីឧត្តម៖ បើ​តាម​ប្រភព​ជិតស្និត​នឹង ប្រាក់ មុន្នីឧត្តម បាន​ប្រាប់​ដល់​វេបសាយ Sabay កាលពី​ពេល​ថ្មី​ៗ​នេះ​ថា ប្រាក់ មុន្នីឧត្តម ចង់​ចេញ​ពី​ក្លឹប Negeri Sembilan FA នៅ​ពេល​លីគ​កំពូល​ម៉ាឡេស៊ី ចប់​ជើង​ទីមួយ នា​ពេល​ខាង​មុខ បន្ទាប់​ពី​ផ្លាស់​ចេញ​ពី​ក្លឹប​ព្រះខ័នរាជ​ស្វាយរៀង។ ប្រភព​ព័ត៌មាន​បាន​បញ្ជាក់​ថា​ អតីត​សមាជិក​ព្រះ​ខ័នរាជ​ស្វាយរៀង​នេះ​ បារម្ភ​ធ្លាក់​ចុះ​សមត្ថភាព​កាន់​តែ​ខ្លាំង​ បន្ទាប់​ពី​លេង​មួយ​រយៈ​ពេល​នៅ​ក្លឹប​ម៉ាឡេស៊ី​មួយ​នេះ។

តាំង​ពី​លីគ​កំពូល​ម៉ាឡេស៊ី​ចាប់​ផ្តើម​រដូវ​កាល​២០១៨​នេះ​មាន​រយៈ​៧​សប្តាហ៍​ហើយ​ ប៉ុន្តែ​ក្លឹប​ Negeri Sembilan ​ឈ្នះ​១​ ស្មើ​១​ និង​ចាញ់​៤​​ដែល​មាន​៤​ពិន្ទុ​​កំពុង​ស្ថិត​នៅ​បាត​តារាង​​ក្នុង​ចំណោម​១២​ក្លឹប។

ប្រភព​បន្ត​ថា​ នៅ​ពេល​ក្លឹប​មិន​​ទទួល​បាន​លទ្ធផល​ល្អ​បែប​នេះ​​ អាច​ធ្វើ​ឲ្យ​កម្លាំង​ចិត្ត​កាន់​តែ​ធ្លាក់​ចុះ​ និង​កម្រិត​សមត្ថភាព​ក៏​អាច​កាន់​តែ​ថមថយ​ដែរ​ ដូច្នេះ​ហើយ​ទើប​ ឧត្តម ចង់​ចាក​ចេញ​​។ យ៉ាង​ណា​ ប្រភព​ព័ត៌មាន​មិន​ប្រាប់​ថា​ ប្រាក់ មុន្នីឧត្តម​ ចង់​​បន្ត​នៅ​ម៉ាឡេស៊ី​ ឬ​វិល​ត្រឡប់​មក​កម្ពុជា​នោះ​ទេ​។

ជុំ​វិញ​ករណី​លើក​ឡើង​នេះ Sabay បាន​ព្យាយាម​ទាក់ទង​ទៅ​ ប្រាក់ មុន្នីឧត្តម​ ប៉ុន្តែ​មិន​ទាន់​មាន​ការ​ឆ្លើយ​តប​យ៉ាង​ណា​នោះ​ទេ៕

អត្ថបទ៖ លាភ.

អត្ថបទថ្មី
;