លោកញឹក ប៊ុនឆៃ មិនទាន់​ទទួល​យក​តួនាទី​ជា​ប្រធាន​គណបក្ស​ខ្មែររួបរួមជាតិ​ នោះទេ

  • 2018-05-01 03:56:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


បន្ទាប់ពី​ត្រូវ​បាន​តុលាការ​ដោះលែង​ឲ្យក្រៅ​ឃុំបណ្តោះ​អាសន្ន លោកញឹក ប៊ុនឆៃ មិនទាន់​ទទួលយក​តួនាទី​ជាប្រធាន​គណបក្សខ្មែររួបរួមជាតិ ឡើង​វិញ​នោះទេ ដោយសារ​តែសុខភាព​របស់​លោក​មិនទាន់​ស្រួល ប៉ុន្តែឈ្មោះ​របស់​លោកញឹក ប៊ុនឆៃ ត្រូវ​បានដាក់​នៅក្នុងបញ្ជី​បេក្ខជនឈរឈ្មោះ​តំណាងរាស្ត្រ នៅមណ្ឌល​ខេត្តបន្ទាយមានជ័យ។

នេះបើតាមការបញ្ជាក់របស់លោក សឹង្ហ គីរី ប្រធានគណបក្សខ្មែររួបរួមជាតិ ថ្លែងប្រាប់ខ្លីៗ នៅមុននេះបន្តិច។

លោក ញឹក ប៊ុនឆៃ និង​ថ្នាក់​ដឹកនាំ​គណបក្ស​ខ្មែរ​រួបរួម​ជាតិ នៅ​គេហដ្ឋាន​របស់​លោក នា​ព្រឹក​ថ្ងៃ​ទី១ ខែឧសភា​នេះ (រូបថត​៖ ហ្វេសប៊ុក​លោក​ញឹក ប៊ុនឆៃ)
លោក សឹង្ហ គីរី បានថ្លែង​បញ្ជាក់ថា បន្ទាប់ពីតុលាការចេញដីកាដោះលែង លោកញឹក ប៊ុនឆៃ បានត្រឡប់​ទៅ​ដល់ផ្ទះវិញហើយ កាលពី​យប់ថ្ងៃទី៣០ ខែមេសា។ នៅ​ព្រឹក​ថ្ងៃទី០១ ខែឧសភា​នេះ ថ្នាក់ដឹកនាំគណបក្សខ្មែររួបរួមជាតិ បានទៅសួរសុខទុក្ខ​លោក​ដល់​គេហដ្ឋាន ក្នុង​គោល​បំណង​ប្រគល់តួនាទី​ជា​ប្រធានបក្សជូន​​លោក​ញឹក ប៊ុនឆៃ​វិញ ប៉ុន្តែ​លោក​មិនទាន់ទទួលយកនៅឡើយទេ ដោយសារ​បញ្ហា​សុខភាព។

យ៉ាងណាក្ដី លោក​សឹង្ហ គិរី បាន​បញ្ជាក់ថា​ នៅពេលណា​សុខភាព​​លោក​ញឹក ប៊ុនឆៃ បាន​ប្រសើរ នោះ​​គណបក្សនឹងធ្វើសមាជប្រគល់​តួនាទី​ជូន​លោក​វិញ។ បន្ថែម​លើ​នេះ គណបក្សខ្មែររួបរួមជាតិ ក៏​បានដាក់ឈ្មោះលោកញឹក ប៊ុនឆៃ ក្នុងបញ្ជីបេក្ខជនឈរឈ្មោះតំណាងរាស្ត្រ នៅមណ្ឌលបន្ទាយមានជ័យ​ផងដែរ។

រូបថត​មួយ​សន្លឹក​ទៀត ដែល​លោក​ញឹក ប៊ុនឆៃ បង្ហោះ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​ព្រឹកនេះ

លោកញឹក ប៊ុនឆៃ អតីតប្រធានគណបក្សខ្មែររួបរួមជាតិ ត្រូវបានដោះលែង​ចេញពីពន្ធនាគាររាជធានីភ្នំពេញ (PJ) ហើយ កាលពីម៉ោងជិត៩យប់ ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៨។ ការដោះលែងនេះ គឺបន្ទាប់លោក លី លឹមម៉េង ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាបង្គាប់ឲ្យដោះលែង កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៨៕

អត្ថបទ៖ សោភា

អត្ថបទថ្មី
;