ចិន លួចដំឡើងប្រព័ន្ធមីស៊ីលក្នុងតំបន់ជម្លោះសមុទ្រចិនខាងត្បូង
- 2018-05-04 02:23:42
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចិន លួចដំឡើងប្រព័ន្ធមីស៊ីលក្នុងតំបន់ជម្លោះសមុទ្រចិនខាងត្បូង
ចន្លោះមិនឃើញ
យោងតាមទីភ្នាក់ងារសារព័ត៌មានCNBC បានរាយការណ៍កាលពីថ្ងៃទី០២ ឧសភា ឆ្នាំ២០១៨ដូច្នេះថា មហាយក្សចិន បានធ្វើការដំឡើងប្រព័ន្ធខែលការពារមីស៊ីល និងប្រព័ន្ធការពារអាកាស ត្រង់ទីតាំងជម្លោះក្នុងតំបន់សមុទ្រចិនខាងត្បូង ដែលត្រូវបានទាមទារដោយវៀតណាម និងហ្វីលីពីនអស់រយៈពេលជាង៣០ឆ្នាំមកហើយ។
ឆ្លើយតបនឹងរឿងនេះ អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Hua Chunying បានថ្លែង កាលពីថ្ងៃទី ០៣ ឧសភាម្សិលមិញថា៖ "ការសាងសង់ក្នុងន័យសន្តិភាពក្នុងប្រជុំកោះប៉ារ៉ាសែល រួមមានជាអាទិ៍ការដំឡើងឧបករណ៍ការពារជាតិ គឺក្នុងគោលបំណងដើម្បីការពារដែនអធិបតេយ្យភាព និងសន្តិសុខរបស់ចិនតែប៉ុណ្ណោះ។" លោកស្រីបានបន្ថែមថា "សម្រាប់ប្រទេសដែលមិនមានបំណងក្នុងការល្មើសនឹងដែនអធិបតេយ្យភាពរបស់ចិនទេ គឺគ្មានហេតុផលអ្វីនឹងត្រូវព្រួយបារម្ភនោះឡើយ។"
ពាក់ព័ន្ធនឹងការធ្វើទំនើបកម្មយោធារបស់ចិនថ្មីនេះ រដ្ឋបាលទីក្រុងវ៉ាស៊ីនតោន ដែលមិនមានចំណែកអ្វីបន្តិចសោះក្នុងជម្លោះនេះ ក៏បានលើកឡើងពីកង្វល់ជុំវិញបញ្ហានេះផងដែរ ព្រមទាំងបានធ្វើការព្រមានថា ចិន អាចនឹងប្រឈមមុខចំពោះផលវិបាក ដែលអាចកើតឡើងក្នុងរយៈពេលខ្លី និងយូរទៀតផង។ នេះបើតាមការបញ្ជាក់របស់អគ្គលេខាធិការសារព័ត៌មានប្រចាំសេតវិមានអាមេរិក លោកស្រី Sarah Sanders កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ៕