"អ្នកណាគ្មានស្នេហ៍" បទចម្រៀងដែលមានប្រភពមកពីអាម៉េរិក
- 2018-05-04 07:28:57
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
"អ្នកណាគ្មានស្នេហ៍" បទចម្រៀងដែលមានប្រភពមកពីអាម៉េរិក
ចន្លោះមិនឃើញ
បទ “អ្នកណាគ្មានស្នេហ៍" ដែលជាសំនៀងរបស់លោក ស៊ីន ស៊ីសាមុត ត្រូវបានផលិតឡើងនៅដើមទសវត្សរ៍ឆ្នាំ ១៩៧០ ដោយក្រុមហ៊ុនថាសចម្រៀង សញ្ញាអូឡាំពិក។ បទចម្រៀងនេះ ស្ថិតក្នុងថាសចម្រៀងតែមួយ ជាមួយបទ "ខូចចិត្តទទេ" ឬបទដែលគេនិយមហៅនាពេលបច្ចុប្បន្ននេះថា "អូ អូ យ៉េ យ៉េ...”។ សម្បកថាសរបស់បទចម្រៀងនេះ មិនបានបង្ហាញឈ្មោះអ្នកនិពន្ធទំនុក និង អ្នកដឹកនាំវង់ភ្លេងនោះទេ។
ប៉ុន្តែ Melody នៃចម្រៀងជាភាសាខ្មែរនេះ ដូចគ្នាបេះបិទទៅហ្នឹងចម្រៀងអាម៉េរិក័ងមួយបទដែលមានចំណងជើងថា Sugar Sugar។
Sugar Sugar គឺជាបទចម្រៀងដ៏ល្បីរបស់ក្រុមតន្ត្រីប៉ប់អាម៉េរិក័ងឈ្មោះ The Archies។ បទចម្រៀងនេះ និពន្ធដោយ លោក Andy Kim និង លោក Jeff Barry និងចេញលក់ដំបូងនៅថ្ងៃទី ២៤ ខែឧសភា ឆ្នាំ ១៩៦៩ ហើយ ចេញលក់លើកទី២ នៅពាក់កណ្តាលខែកក្កដា ឆ្នាំដដែល។
Sugar Sugar ល្បីល្បាញខ្លាំង និង ជាប់ចំណាត់ថ្នាក់លេខ១ ក្នុងចំណោមបទចម្រៀងដែលចេញលក់នៅឆ្នាំ ១៩៦៩ ក្នុងប្រទេសមួយចំនួនដូចជា អូទ្រីស ប៊ែលហ្ស៊ិក កាណាដា អាល្លឺម៉ង់ អ៊ែកឡង់ ន័រវែស អេស្ប៉ាញ ចក្រភពអង់គ្លេស និង សហរដ្ឋអាម៉េរិក។
នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០០៦ បទចម្រៀង Sugar Sugar ត្រូវបានចុះបញ្ជីនៅក្នុង "សមាគមអ្នកនិពន្ធទំនុកច្រៀង និង បទភ្លេងឆ្នើមកាណាដា" ដោយសារតែ សហអ្នកនិពន្ធ Andy Kim មានស្រុកកំណើតនៅ ក្រុងម៉ុងរ៉េអាល់ ខេត្តកេបិច ប្រទេសកាណាដា៕