លោក ខឹម វាសនា មិន​ឈរ​ឈ្មោះបោះ​ឆ្នោត​នាខែ​កក្កដា ឆ្នាំ​២០១៨​ខាងមុខ​នេះទេ

  • 2018-05-12 13:04:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក ចិន ថុន អគ្គ​លេខា​ធិការ​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ​ (LDP) បាន​ឲ្យដឹង​ថា នៅ​រសៀល​ថ្ងៃទី​១២ ខែ​ឧសភា ឆ្នាំ​២០១៨ LDP បានដាក់​បញ្ជី​គណបក្ស​នយោបាយ​ឈរ​ឈ្មោះបោះ​ឆ្នោត និង​បញ្ជី​បេក្ខជន​ឈរឈ្មោះ​នៅ​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប)។ ក្នុងនោះ គណបក្ស​បាន​ដាក់​បេក្ខជន​ឈរឈ្មោះ​ទាំង ២៥​រាជធានី-ខេត្ត ប៉ុន្តែ​លោក ខឹម វាសនា ដែលជា​ប្រធាន​បក្ស មិនបាន​ឈរ​ឈ្មោះឡើយ។

លោក ខឹម វាសនា កំពុងផ្តល់បទសម្ភាសន៍ដល់អ្នក​សារព័ត៌មាន ក្នុងអំឡុងពេលលោកចូលរួមបោះឆ្នោតឃុំសង្កាត់ឆ្នាំ២០១៧ នៅមណ្ឌលបោះឆ្នោត១កន្លែង ក្នុងរាជធានីភ្នំពេញ
គួរ​រំលឹក​ថា ការ​មិន​ឈរឈ្មោះ​បោះឆ្នោត​នេះ ត្រូវ​បាន​លោក​ ខឹម វាសនា ប្រកាស​រួចមកហើយ​ក្នុង​វេទិកា​សាធារណៈ​របស់ LDP នៅ​ទីស្នាក់ការ​កណ្តាល​គណបក្ស ក្នុង​ខណ្ឌ​ទួលគោក កាលពី​ខែ​ធ្នូ ឆ្នាំ​២០១៧ ដោយ​​លោក​ចង់ទុក​ឱ្យ​សមាជិក​ជា​អ្នក​ឈរឈ្មោះ​វិញ។ លោក​បាន​បញ្ជាក់​យ៉ាងដូច្នេះថា៖ «**អាណត្តិ​នេះ ភាគរយ​ច្រើន ប្រហែល​ជា​អត់​ឈរ​ឈ្មោះ​ទេ ទុក​ឲ្យ​បងប្អូន​ឈរ​ចុះ។ គេថា​ខ្ញុំ​ចង់​ធ្វើ​នាយក​រដ្ឋមន្ត្រី ខ្ញុំ​មិន​ធ្វើ​នាយក​រដ្ឋមន្ត្រី​ទេ ការងារ​ច្រើន​ណាស់**»។

លោក ចិន ថុន បាន​ឱ្យ​ដឹង​ថា ក្នុង​ចំណោម​បេក្ខជន​ឈរឈ្មោះទាំង​២៥​រាជធានី-ខេត្ត ​ក្នុង​នោះ​​បេក្ខជន​ពេញសិទ្ធិ​​មាន​ចំនួន​ ១២៥​នាក់ និង​បេក្ខជន​បម្រុង​មាន​ចំនួន១៤៨​នាក់ បេក្ខជន​ជាស្ត្រី​មាន​ ២៥នាក់ និង​បេក្ខជន​ជា​យុវជន​ជាង​៧០ភាគ​រយ។

សូម​ជម្រាប​ដែរ​ថា គិត​ចាប់​ពី​ថ្ងៃទី​៣០ ខែ​មេសា រហូត​មក​ដល់​ត្រឹម​ថ្ងៃទី១២ ខែ​ឧសភា គឺ​មាន​គណបក្ស​ចំនួន​១០ហើយ បាន​ចុះ​បញ្ជីគណបក្ស​នយោបាយ​ឈរឈ្មោះ​បោះឆ្នោត និង​បញ្ជី​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត​នៅ គ.ជ.ប រួមមាន៖ ១.​គណបក្ស​ប្រជាជន​កម្ពុជា ២.គណបក្សសញ្ជាតិកម្ពុជា ៣.គណបក្ស​យុវជន​កម្ពុជា (​គណបក្ស​ទាំង​បីនេះ ត្រូវ​បានគ.ជ.ប ទទួល​ស្គាល់ផ្លូវ​ការហើយ)។ ៤.គណបក្សខ្មែររួបរួម​ជាតិ ៥.គណបក្សហ៊្វុន​ស៊ិនប៉ិច ៦.គណបក្សខ្មែរ​តែ​មួយ ៧.គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ៨.គណបក្សសំបុក​ឃ្មុំសង្គម​ប្រជាធិបតេយ្យ ៩.​គណបក្ស​ពន្លឺ​ថ្មី និង​១០.គណបក្សសម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ៕

អត្ថបទ៖ សោភា

អត្ថបទថ្មី
;