បឹងកក់​ ក្លាយជា​តំបន់​អភិវឌ្ឍន៍​អចលនទ្រព្យ​លេចធ្លោ​ជាងគេ

  • 2018-05-18 06:02:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អ្នក​ជំនាញ​វាយតម្លៃ​អចលនទ្រព្យ​បាន​ប្រៀប​ប្រដូច​សន្ទុះ​នៃការ​អភិវឌ្ឍ​តំបន់​បឹងកក់ ជាមួយ​នឹង​តំបន់​អភិវឌ្ឍន៍ ផ្សារ​ទំនើប​អ៊ីអន​ម៉លទី២ ក្នុង​ខណ្ឌ​សែនសុខ ខណៈ​ដែល​កន្លងមក​ បឹងកក់​ ត្រូវបាន​ចាត់​ទុកថា​ជា​តំបន់ ដែលមាន​ការ​អភិវឌ្ឍ​លឿន​ជាងគេ​ទី៣ បន្ទាប់ពី​តំបន់​មាត់​ទន្លេ (តំបន់​អភិវឌ្ឍន៍​ទីក្រុង​កោះពេជ្រ) និង​បឹងកេងកង១។

លោក សន សៀប អគ្គ​នាយក​ក្រុមហ៊ុន Key Real Estate បានថ្លែង​ឲ្យដឹង​ថា តំបន់​បឹងកក់​នាពេល​បច្ចុប្បន្ននេះ នៅតែមាន​សន្ទុះ​នៃការ​អភិវឌ្ឍ​យ៉ាងលឿន​ទៅមុខ ស្រដៀងគ្នា​នឹង​តំបន់​ផ្សារ​ទំនើប អ៊ីអនម៉ល​ទី២ដែរ។

រូបគំរូនៃតំបន់អភិវឌ្ឍន៍បឹងកក់ (រូបថត៖ វិបសាយ ភ្នំពេញ ស៊ីធី សេនធ័រ)
យ៉ាងណាមិញ អ្នក​ជំនាញ​អចល​នទ្រព្យ​រូបនេះ បាន​កត់​សម្គាល់​ថា តំបន់​បឹងកក់​មាន​ការ​រៀបចំ និង​ការ​ប្រើប្រាស់​ដី សម្រាប់​គម្រោង​អភិវឌ្ឍន៍​ថ្មីៗ ដោយមាន​ការ​រចនា​បែប​ទំនើប​ដែល​ភាគច្រើន​ត្រូវបាន​រៀបចំ​ដោយ​ក្រុម​អ្នកជំនាញ​មកពី​ប្រទេស​សិង្ហបុរី។ លោកថា​ នៅពេល​ដែល​គម្រោង​​ទាំងនោះ​លេច​រូបរាង​ឡើង នឹងមាន​ភាព​ប្រកួតប្រជែង​ខ្លាំង សម្រាប់​ភាព​ទាក់ទាញ​ពី​ប្រជាជន និង​ភ្ញៀវ​ទេសចរ​ចូល​ទស្សនា​កម្សាន្ត​ក្នុង​តំបន់​ទីក្រុង​រណប​នេះ។

យោងតាម​អត្ថបទ​របស់​ក្រុមហ៊ុន ភ្នំពេញ ស៊ីធី សេនធ័រ ដែល​ជា​ម្ចាស់​គម្រោង​អភិវឌ្ឍន៍​ទីក្រុង​រណប​នេះ ចេញផ្សាយ​កាលពី​ចុងខែ​មីនា​កន្លងមក​បាន​បង្ហាញ​ថា គម្រោង​មណ្ឌល​កម្សាន្ត​ផ្សារទំនើប Eden Garden ដែល​មាន​ផ្ទៃ​ក្រឡា ២១ ០០​០ ម៉ែត្រ​ការ៉េ​ គ្រោងនឹង​បើក​ដំណើការ​ឆាប់ៗ​ខាងមុខ​នេះ ខណៈដែល​បច្ចុប្បន្ន​មាន​ហាង​កាហ្វេ និង​ភោជនីយដ្ឋាន​ល្បីៗ​ជាច្រើន​បាន​បើក​ដំណើរការ​អាជីវកម្ម​របស់​ខ្លួន នៅក្នុង​ផ្សារ​ទំនើប​នេះ​ហើយ។ តួយ៉ាង​មាន​ដូចជា​ហាង​កាហ្វេ​ម៉ាកយីហោ របស់​អាមេរិក Starbucks ភោជនីយដ្ឋាន​របស់​ប្រទេស​ថៃ S&P និង​ប្រភេទ​ហាង​ជាច្រើន​ផ្សេងៗទៀត។

ផ្លូវក្នុងតំបន់បឹងកក់

ក្រៅពីនេះ ក៏មាន​គម្រោង​ផ្សារទំនើប SUPERSTORE រោងកុន​ភាពយន្ត LEGEND និង​ក្លឹបរាំ EPIC ដែល​គ្រោង​នឹងបើក​ដំណើការ​នៅត្រឹម​ខែឧសភា ឬខែ​មិថុនា​ខាងមុខ​នេះ។ មិនតែ​ប៉ុណ្ណោះ គម្រោង One Park កំពុង​លេចធ្លោ​ជាងគេ​លើការ​អភិវឌ្ឍ​លំនៅដ្ឋាន​ប្រណិត ដែល​រួមមាន​ទាំងផ្ទះ​ល្វែង និង​អគារ​ខុនដូ។

បើតាម​ការ​លើកឡើង​របស់​លោក សន សៀប បាន​បញ្ជាក់​ថា ផ្ទះល្វែង​ក្នុង​គម្រោង​នេះ​ដែលមាន​កម្ពស់​ចាប់ពី ៣ទៅ៤​ជាន់​ មាន​តម្លៃ​ចាប់ពី ៥០ទៅ៦០​ម៉ឺន​ដុល្លារ​ ក្នុង​មួយ​ល្វែង ខណៈ​ដែល​ខុនដូ​មាន​តម្លៃ​ចាប់ពី ២៨០០ ទៅ​៣០០០ដុល្លារ ក្នុង​មួយ​ម៉ែត្រការ៉េ។ លោកបាន​បន្ថែម​ថា តម្លៃដី​ក្នុង​តំបន់​នេះ​នឹង​មិន​ហក់ឡើង​ខ្លាំង​ទៀត​នោះទេ លុះត្រាតែ​មានការ​អភិវឌ្ឍ​រួចហើយ​ទើប​ឡើងថ្លៃ​ខ្លាំង​ថែមទៀត​ ដោយសារតែ​បច្ចុប្បន្ន​តម្លៃ​ដី​ក្នុង​តំបន់​បឹងកក់​កើនឡើង​ដល់ ៣៥០០ ទៅ ៤៥០០ ដុល្លារ ក្នុងមួយ​ម៉ែត្រ​ការ៉េ។

បឹងកក់​ដែល​ធ្លាប់តែ​ជា​បឹងធំ​ជាង​គេមួយ ស្ថិតនៅចំ​កណ្តាល​បេះដូង​នៃ​រាជធានី​ភ្នំពេញ ត្រូវបាន​គេមើល​ស្ទើរលែង​ស្គាល់​ទៅហើយ​ថា​ជា​បឹងកក់​ពីមុន​នោះ ដោយសារតែ​បច្ចុប្បន្ន​មាន​សំណង់​អគារ​ខ្ពស់ៗ និង​គម្រោង​អភិវឌ្ឍន៍ ចម្រុះ​ផ្សេងៗ​ជាច្រើន​ផ្សេងទៀត ព្រមទាំង​មានការ​អភិវឌ្ឍ​ហេដ្ឋា​រចនាសម្ព័ន្ធ ជាពិសេស​ផ្លូវ​ត្រូវបាន​ចាក់​បេតុង​ខ្វាត់ខ្វែង​ជាច្រើន​ខ្សែ​ផងដែរ។

ផែនទីបង្ហាញពីតំបន់បឹងកក់ ក្រោយត្រូវបានចាក់ដីបំពេញ

កាលពី​អំឡុង​ឆ្នាំ​២០១៤ ក្រុមហ៊ុន​ស៊ូកាកូ អ៊ីន​ (Shukaku Inc) ទទួល​បាន​សិទ្ធិ​ពី​រាជ​រដ្ឋាភិបាល​កម្ពុជា​ ដើម្បី​អភិវឌ្ឍ​តំបន់​បឹងកក់​ដែលមាន​ផ្ទៃដី​ប្រមាណជាង ​១១១​ហិកតា​នេះ ឲ្យ​ក្លាយជា​ទីក្រុង ដែល​គ្រប​ដណ្តប់ ដោយ​លំនៅដ្ឋាន​ប្រណិត ទីតាំង​ពាណិជ្ជកម្ម ទីតាំង​ប្រជុំ សណ្ឋាគារ មន្ទីពេទ្យ ផ្សារ​ទំនើប និង​កន្លែង​លំហែកាយ​ជាដើម។ ពោលគឹ​ក្រុមហ៊ុន​អភិវឌ្ឍន៍​មួយ​នេះ នឹង​បើក​ទំព័រ​ប្រវត្តិសាស្រ្ត​ថ្មីមួយ​នៅ​តំបន់​បឹងកក់​នេះ ដោយ​ដាក់​ឈ្មោះ​ថា​ ភ្នំពេញ ស៊ីធី សេនធ័រ «ទីក្រុង​គជ​របស់​កម្ពុជា»។

គួរ​រំលឹក​ថា សក្តានុពល​ជុំវិញ​តំបន់​នេះ ពោល​បើ​ក្រឡេក​មើល​ទៅ​ភាគខាងកើត​នៃ​តំបន់​អភិវឌ្ឍន៍​បឹងកក់ គេឃើញ​មាន​ដូចជា អគារ​ពាណិជ្ជកម្ម​កាណាឌីយ៉ា និង​អគារ​វឌ្ឍនៈ ហើយ​ស្ថិតនៅ​ជាន់ទី ១៤ នៃ​អគារ​ដ៏​ខ្ពស់​ស្គឹមស្គៃ​មួយនេះ ក៏មាន​សណ្ឋាគារ​ផ្កាយ៥ របស់​អាមេរិក គឺ​សណ្ឋាគារ Rose Wood ដែល​កំពុងតែ​ដំណើរការ។ មិនតែ​ប៉ុណ្ណោះ ម្តុំជិត​អគារ​នេះ ក៏មាន​ធនាគារ​ជាច្រើន​ហើយជិត​តំបន់​បឹងកក់​នេះ​តែម្តង ក៏មាន​ផ្សារ​ទំនើប Parkson និង​អគារ​ពាណិជ្ជកម្ម​របស់ The Gate Way ជាដើម ដែល​ធ្វើឱ្យ​ទីក្រុង​មួយនេះ​កាន់តែ​មាន​កិត្យានុភាព។

អគារកាណាឌីយ៉ា និងអគារវឌ្ឍនៈ ដែលថតពីតំបន់បឹងកក់

បើតាមការ​ព្យាករ​របស់​ក្រុមហ៊ុន ភ្នំពេញ ស៊ីធី សេនធ័រ បង្ហាញថា គិត​ត្រឹមឆ្នាំ​២០២៥ ទីក្រុង​គជនេះ នឹង​មាន​លំនៅឋាន​ស្នាក់នៅ ៥ម៉ឺន​ ៦ពាន់​ខ្នង ហើយ​នឹង​មាន​មនុស្ស ១៩ម៉ឺន​នាក់ មក​កម្សាន្ត​ជា​រៀងរាល់​ថ្ងៃ៕

អត្ថបទ៖ ឈុត សិរីឧត្តម

អត្ថបទថ្មី
;