កម្លាំង​សំខាន់​៣នាក់​របស់​ទ័ព ត្រូវ​អវត្តមាន​ពេល​ជួប​វិសាខា​រសៀល​នេះ

  • 2018-05-19 03:22:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្លឹប​ក្រសួង​ការពារ​ជាតិ នឹង​​គ្មាន​កីឡាករ​បរទេស​សំខាន់​ៗ​ដល់​ទៅ​៣​នាក់​ នៅ​​ពេល​ធ្វើ​ជា​ភ្ញៀវ​ទៅ​ស្វែង​រក​​៣​ពិន្ទុ​ពី​ម្ចាស់​ផ្ទះ​ជា​ចំណូល​​ថ្មី​វិសាខា​ សប្តាហ៍​ទី​៦​នៃ​លីគ​កំពូល​កម្ពុជា​ នៅ​កីឡដ្ឋាន​វេស្ទើន​វេលា​ម៉ោង​៣​រសៀល​ ថ្ងៃទី​១៩ ឧសភា​នេះ​។

លោក ភា សុភ័ត្ត្រា និងកូនក្រុម នៅពហុកីឡដ្ឋានជាតិ នាពេលកន្លងទៅ
តាម​ការ​ឲ្យ​ដឹង​ពី​លោក ភា សុភ័ត្ត្រា គ្រូ​បង្គោល​ក្រសួង​ការពារ​ជាតិ​ កីឡាករ​ខ្សែ​បម្រើ​លេខ​៦​ជន​ជាតិ​ជប៉ុន​ Yudia Ogawa មិន​អាច​លេង​បាន​ទេ​សប្តាហ៍​នេះ​ដោយ​សារ​ជាប់​ពិន័យ​១​ប្រកួត។ ​កីឡាករ​ជប៉ុន​រូប​នេះ​ជា​​អ្នក​រក​គ្រាប់​បាល់​បាន​ច្រើន​​ឲ្យ​ក្រុម​ទ័ព​​៥​សប្តាហ៍​កន្លង​ទៅ។ ថ្វី​បើ​លេង​ក្នុង​តំណែង​បម្រើ​ ​Ogawa រក​បាល់​បាន​៤​គ្រាប់​​ក្នុង​នោះ​សប្តាហ៍​ទី​១​ស៊ុត​ចូល​អង្គរថាយហ្គឺរ​១​គ្រាប់ ​សប្តាហ៍​ទី​៣​ស៊ុត​ចូល​អាស៊ី​អឺរ៉ុប​១​គ្រាប់​ និង​សប្តាហ៍​ទី​​៤​ស៊ុត​ចូល​វេស្ទើន​ភ្នំពេញ​​២​​គ្រាប់។​

ក្រៅ​ពី​បាត់​បង់​កីឡាករ​ជប៉ុន​សំខាន់​ខាងលើ​ ​​ខ្សែ​​ការពារ​សញ្ជាតិ​​កូរ៉េ​ខាង​ត្បូង​​លេខ​២០ Yoo Jae-ho ​ក៏​មិន​អាច​លេង​បាន​​ដែរ​​ដោយ​​សារ​​មាន​ជំងឺ​គ្រុន​ឈាម។ ចំណែក​កីឡាករ​ជប៉ុន​លេខ​៨​​​ត្រូវ​បាន​​ក្លឹប​​បញ្ឈប់​កិច្ច​សន្យា​​បាត់​ហើយ​ ដូច្នេះ​ការ​ប្រកួត​ថ្ងៃ​នេះ​ក្រសួង​ការពារ​ជាតិ​​មាន​កីឡាករ​បរទេស​តែ​២នាក់​គឺ​​លេខ​៩​​ខ្សែ​ប្រយុទ្ធ​កូរ៉េ​ Na Hyo-sang និង​លេខ​១០​ខ្សែ​ប្រយុទ្ធ​កូរ៉េ​ Song Chi-hun។

ស្ថិតិ​៥​ប្រកួត​​ក្នុង​លីគ​​កន្លង​ទៅ​ ​ក្រសួង​ការពារ​ជាតិ​​ឈ្នះ​៣ និង​ចាញ់​២​ដោយ​មាន​៩​ពិន្ទុ​​ស្ថិត​នៅ​ចំណាត់​ថ្នាក់​លេខ​៥។ សប្តាហ៍​ទី​១​ ឈ្នះ​ អង្គរ​ថាយហ្គឺរ​ ១-០, សប្តាហ៍​ទី​២ ចាញ់​ ភ្នំពេញ​ក្រោន​ ២-០, សប្តាហ៍​ទី​៣​ ឈ្នះ​ អាស៊ី​អឺរ៉ុប​ ២-១, សប្តាហ៍​ទី​៤ ឈ្នះ​ វេស្ទើន​ភ្នំពេញ​ ៨-០ និង​សប្តាហ៍​ទី​៥ ចាញ់​ បឹងកេត​ ២-០៕

ប្រភព៖ Sabay News អត្ថបទ៖ ជាន ចាន់រ៉ា

អត្ថបទថ្មី
;