សម្តេច ហ៊ុន សែន ប្រកាស​​គម្រោង​​សាងសង់​​ផ្លូវ​កាត់​១ ពី​បាត់ដំបង ទៅ​កោះកុង

  • 2018-05-21 03:45:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សម្តេច​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន បាន​ប្រកាស​គម្រោង​សាងសង់​ផ្លូវកាត់១ ចេញពី​សំឡូត ខេត្ត​បាត់ដំបង កាត់​ទៅ​ថ្មដា ខេត្ត​ពោធិ៍សាត់ រួចកាត់​ទៅកាន់​ខេត្ត​កោះកុង​តែម្តង។ ការ​ថ្លែង​នេះ ធ្វើឡើង​នៅក្នុង​ពិធី​បើក​ការដ្ឋាន​សាងសង់​កំណាត់​ផ្លូវជាតិ​លេខ៥ ពី​ព្រែកក្តាម ទៅ​ធ្លាម្អម នៅស្រុក​រលៀប្អៀរ ខេត្ត​កំពង់ឆ្នាំង នាព្រឹក​ថ្ងៃទី២១ ខែ​ឧសភា ឆ្នាំ​២០១៨។

សម្តេច ហ៊ុន សែន ថ្លែងក្នុងពិធីបើកការដ្ឋានសាងសង់កំណាត់ផ្លូវជាតិលេខ៥ នាព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៨។ រូបថត៖ FB សម្តេច ហ៊ុន សែន

សម្តេច​បញ្ជាក់​ថា ការ​សាងសង់​ផ្លូវកាត់​នេះ គឺ​ដើម្បី​កាត់​បន្ថយ​ពេលវេលានៃ​ការ​ដឹក​ជញ្ជូន​ទំនិញ​ពី​ខេត្ត​បាត់ដំបង ឆ្ពោះ​ទៅកាន់​កំពង់​ផែ​ខេត្ត​ព្រះសីហនុ ពោលគឺ​ចំណេញ​ចម្ងាយ​ផ្លូវ​ប្រមាណ ១០០​គីឡូម៉ែត្រ។

សម្តេច ហ៊ុន សែន បាន​មាន​ប្រសាសន៍​ថា សម្តេច​បាន​ធ្វើ​ដំណើរ​តាមផ្លូវ​គោក​ចម្ងាយ​ប្រមាណ ៥ពាន់​គីឡូម៉ែត្រ កាលពី​ឆ្នាំ​២០១៦-២០១៧ ទៅកាន់​តំបន់​នានា។ ឥឡូវ​នេះ រាជ​រដ្ឋាភិបាល កំពុង​ស្វែងរក​វិធី​នានា ដើម្បី​កាត់​បន្ថយ​ពេលវេលា​នៃ​ការ​ធ្វើដំណើរ និង​ដាក់ចូល​ទៅក្នុង​ផែនការ​អាទិភាព នូវ​គម្រោង​សាងសង់​ផ្លូវកាត់​ខាងលើ​នេះ។

សូម​រំលឹក​ដែរថា ជុំវិញ​គម្រោង​សាងសង់​ផ្លូវពី​បាត់ដំបង-កោះកុង​នេះ មន្រ្តី​ជាន់ខ្ពស់​ក្រសួង​សាធារណការ និងដឹក​ជញ្ជូន និង​ក្រុម​ជំនាញ​របស់​ក្រុមហ៊ុន​ចិន បាន​ចុះ​ពិនិត្យ និង​សិក្សា​ នៅ​ក្នុង​ទីតាំង​ខេត្ត​បាត់ដំបង រួច​មកហើយ កាលពី​ថ្ងៃទី៩ ខែ​មីនា ឆ្នាំ​២០១៨។

ទីតាំងនៃផ្លូវ១ ក្នុងខេត្តបាត់ដំបង ដែលនឹងត្រូវសាងសង់ទៅខេត្តកោះកុង។ រូបថត៖ ដើមអម្ពិល

បើ​តាម​ការ​បញ្ជាក់​ពី​លោក ចាន់ សំបូរ អនុ​ប្រធាន​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​ខេត្ត​បាត់ដំបង បាន​ឲ្យដឹង​កាលពី​ព្រឹក​ថ្ងៃទី​៩ ខែ​មីនា ឆ្នាំ​២០១៨​ថា ផ្លូវ​នេះ នឹងត្រូវ​​ស្ថាបនា​ចេញពី​ចំណុច​អក្សរT ក្នុង​ភូមិ​ព្រៃធំ ឃុំ​កំពង់ល្ពៅ ស្រុក​សំឡូត ភ្ជាប់​ទៅ​ផ្លូវជាតិ​លេខ​៥៥ ត្រង់​ចំណុច​ប្រម៉ោយ ក្នុង​ស្រុក​វាលវែង ខេត្ត​ពោធិ៍សាត់ ហើយ​បន្ត​ឆ្ពោះ​ទៅ​កាន់​ខេត្ត​កោះកុង។ ផ្លូវជាតិ​នេះ ​នឹង​ត្រូវ​សាងសង់​តាម​គន្លង​ចាស់​ផង និង​ត្រូវ​ឈូស​ឆាយ​ថ្មី​ផង ដែល​ត្រូវ​ឆ្លង​កាត់​តំបន់​ព្រៃភ្នំ មាន​ប្រវែង​ជាង ១៩០​គីឡូម៉ែត្រ៕

អត្ថបទ​ពាក់ព័ន្ធផ្លូវ​ជាតិ​ថ្មី​ពី​បាត់ដំបង-កោះកុង នឹង​ត្រូវ​បើក​ការដ្ឋាន​សាងសង់​ឆាប់ៗ​នេះ

អត្ថបទ៖ សំភី

;