បេក្ខជន​ម្នាក់ គ្រោង​ចូល​ដឹកនាំ Chelsea ជំនួស​លោក Conte

  • 2018-05-24 02:20:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក Maurizio Sarri ដែល​ទើបតែ​ចែក​ផ្លូវ​ពី​ក្លឹប Napoli នៅ​អ៊ីតាលី ទំនង​ជា​ត្រូវ​ចូល​ទៅ​ដឹកនាំ​ក្លឹប​តោខៀវ Chelsea នៅ​អង់គ្លេស ដើម្បី​ជំនួស​តំណែង​លោក Antonio Conte ។ នេះ​ជា​ការ​ចុះផ្សាយ​របស់​សារព័ត៌មាន Goal នៅ​ថ្ងៃ​ទី២៤ ខែ​ឧសភា ​ឆ្នាំ​២០១៨​នេះ។

លោក Maurizio Sarri ត្រូវបានប្រធានក្លឹប Napoli ថា លោកបានចែកផ្លូវពី Napoli ហើយ (រូបថត៖ EPA)
ប្រធាន​ក្លឹប Napoli លោក Aurelio De Laurentiis បាន​បញ្ជាក់​នៅ​លើ​បណ្ដាញ​សង្គម Twitter ពី​ការ​ចែក​ផ្លូវ​របស់​លោក Sarri ដែល​គេ​ជឿ​ថា លោក​នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​អង់គ្លេស។ គ្រូបង្វឹក​សញ្ជាតិ​អ៊ីតាលី​ដដែល​ បាន​បរិសេធ​ក្នុង​ការ​ចុះ​កុងត្រា​ថ្មី​ជាមួយ Napoli ។

ចំណែក លោក Conte ក៏​ត្រូវ​បាន​គេ​ជឿ​ថា លោក​នឹង​ចែក​ផ្លូវពី Chelsea ផង​ដែរ បន្ទាប់ពី​លោក​មិន​អាច​ជួយ​ឲ្យ​ក្រុម​តោខៀវ បាន​លេង​នៅ​ពានរង្វាន់ UEFA Champions League រដូវកាល​ក្រោយ។ ទោះបីជា​លោក​ជួយ Chelsea ឲ្យ​លើក​ពានរង្វាន់ FA Cup កាល​ពី​ចុងសប្ដាហ៍​កន្លងទៅ ដោយ​យក​ឈ្នះ​ក្រុម Manchester United ១-០ ក៏ដោយ ក៏​ទំនាក់ទំនង​រវាង​លោក Conte និង​ថ្នាក់​ដឹកនាំ​ក្លឹប មិន​មាន​ភាព​ល្អប្រសើរ​ឡើយ​។

លោក Conte កាន់ពានរង្វាន់ FA Cup ដែលលោកជួយឲ្យ Chelsea យកឈ្នះ Man Utd កាលពីសប្ដាហ៍មុន (រូបថត៖ EPA)

Goal បាន​អះអាង​ថា ប្រសិនបើ Chelsea បញ្ចប់​កុងត្រា​របស់​លោក Conte នោះ​លោក Sarri នឹង​ឡើង​កាន់​តំណែង​អ្នកចាត់ការ​របស់​ក្រុម​តោ​ខៀវ​ជាក់​ជា​ពុំខាន​។

យ៉ាង​ណា​មិញ លោក Sarri ក៏​ទទួល​បាន​ការ​ចាប់អារម្មណ៍​ពី​ក្លឹប​រុស្ស៊ី Zenit St Petersburg ផង​ដែរ។ អ្នកចាត់ការ​វ័យ៥៩ឆ្នាំ​នេះ ដែល​ធ្លាប់​ឈ្នះ​ពាន​រង្វាន់​គ្រូបង្វឹក​ឆ្នើម​ប្រចាំឆ្នាំ កាល​ពី​រដូវកាល​២០១៥-១៦ បាន​ជួយ​ឲ្យ Napoli បញ្ចប់​ទៅ​ក្នុង​ចំណាត់​ថ្នាក់​លេខ​២ នៅ​លីគ​កំពូល​អ៊ីតាលី រដូវកាល​នេះ ដោយ​មាន ៩១​ពិន្ទុ​៕

អត្ថបទ៖ លាភ.

អត្ថបទថ្មី
;